ក្រុងបាងកក៖ លាយល្បាយដីឥដ្ឋជាមួយផេះអិដ្ឋធាតុសម្រាប់ស្មូនជារូបចម្លាក់កុមារមាស ព្រះសង្ឃព្រះពុទ្ធសាសនានៅថៃ ១ អង្គ បានសូត្រមន្ដអាគមគាថា ដើម្បីអញ្ជើញដួងវិញ្ញាណនាំលាភនាំជ័យមកសណ្ឋិតក្នុង «កុមារមាស»។
ថៃជាប្រទេសប្រកាន់នូវលទ្ធិព្រះពុទ្ធសាសនា តែមានជំនឿលើសត្វ និងអបិយជំនឿផ្សេងៗ ជាពិសេសក្នុងចំណោមពលរដ្ឋចាស់ៗ ដែលមានការគោរពខ្លាំងលើវេទមន្ដតុក្កតាមានបារមីផ្លូវងងឹត។
ឆ្លាក់ជារូបលើកដៃប្រណម្យ រូបសូនតូចៗភ្នែកធំៗទាំងនេះត្រូវបានផលិតឡើងពីល្បាយរវាងដីឥដ្ឋ និងអិដ្ឋធាតុសពមនុស្ស។ នៅអារាម សាម ង៉ាម ក្នុងខេត្ដណាខន ផាថុម ភាគខាងជើងទីក្រុងបាងកក ព្រះតេជគុណ សាណេ ស៊ូម៉េថូ និងសាមណេរ បានចារនៅលើភ្នែកតុក្កតា បន្តក់ទឹកប្រេងពិសិដ្ឋលើមុខតុក្កតាស្រដៀងកូនក្មេង និងដាក់អាគមលើវា មុនពេលបញ្ជូនឲ្យទៅក្រុមគ្រួសារថ្មី។
អ្នកមានជំនឿនិយាយថា កុមារមាស មានវិញ្ញាណកូនក្មេងសណ្ឋិតពិតប្រាកដ និងត្រូវមានការគោរពប្រណិប័តន៍ខ្ជាប់ខ្ជួន។ រូបសូនថ្មីមានតម្លៃចាប់ពី ៥០០ ទៅ ២ ០០០ បាត (១៥ ទៅ ៦២ ដុល្លារ) តែរូបស្មូនដ៏ចាស់បំផុតអាចមានតម្លៃដល់រាប់ម៉ឺនដុល្លារ។
អ្នកប្រមែប្រមូលវត្ថុប្លែកៗ អ្នកស្រី វ៉ាន់ឆៃ ផុងសុមផាត បានរក្សាទុកតុក្កតានាំសំណាងជាង ១ ម៉ឺនរូបពេញ ១ ជីវិតជាថ្នូរនឹងជោគជតារាសីរុងរឿង។
អ្នកផ្ដល់ការកម្សាន្ដនៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយមបានប្រាប់ AFP ថា៖ «តាំងពីខ្ញុំចាប់ផ្ដើមគោរពតុក្កតាកុមារមាសមក រឿងរ៉ាវល្អៗតែងតែកើតឡើងក្នុងជីវិតខ្ញុំជានិច្ច»។
អង្គុយក្នុងបន្ទប់ដាក់ «កុមារមាស» ជាច្រើន អ្នកស្រីប្រាប់មូលហេតុថា ដែលខ្ញុំមានអ្វីៗគ្រប់យ៉ាងនាពេលនេះ គឺដោយសាររូបសូនតូចៗទាំងនេះ»។
ផ្ទះកម្ពស់ ២ ជាន់របស់អ្នកស្រីនៅក្នុងខេត្ដណុនថាបុរីភាគខាងជើងក្រុងបាងកក តាំងរូបសូនពាសពេញគ្រប់ទំហំ គ្រប់ពណ៌ និងសណ្ឋាន។ ទឹកក្រូច ស្ករគ្រាប់ធំៗ និងយន្ដហោះក្មេងលេងត្រូវបានដាក់សែនថ្វាយកុមារមាស ហើយអ្នកស្រី វ៉ាន់ឆៃ ដែលពាក់របាំងមុខ ធ្វើការសូត្រធម៌ថ្វាយពួកគេជាប្រចាំ។
អ្នកស្រី វ៉ាន់ឆៃ ជឿថា កុមារមាស មានអានុភាពពិសេសអំឡុងពេលមានរោគរាតត្បាតកូរ៉ូណាសកលនេះ។
អ្នកស្រីអះអាងថា៖ «តុក្កតាទាំងនេះប្រាប់ខ្ញុំកុំឲ្យចេញក្រៅផ្ទះ។ ខ្ញុំជឿថា ពួកគេថែរក្សាខ្ញុំ និងក្រុមគ្រួសារឲ្យមានសុវត្ថិភាព»៕ AFP/HR