ក្រុង​ញូវយ៉កៈ នាវា​ទីតានិក​ជ័រ Lego ប្រវែង ៨ ម៉ែត្រ ​ដែល​​ផលិត​ឡើង​ដោយ​កុមារា​អូទីសឹម​ម្នាក់​មក​ពី​អៀរឡង់​ ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ធេនណេស៊ី​។

កុមារា ប្រ៊ីនចា កាល់ ប៊ឺហ្គីសុន អាយុ ១៥ ឆ្នាំ បាន​ប្រើ​រូប​ភាព​គំរូ​នាវា​ពិត​មក​វិភាគ​រក​ចំនួន​ជ័រ​ Lego ប៉ុន្មាន​ដុំ​ដែល​ត្រូវ​ប្រើ​សម្រាប់​សាង​សង់​។ នាវា​ដ៏​ធំ​សម្បើម​នេះ​ បាន​ធ្វើ​ឲ្យ​កុមារា​អូទីសឹម​រូប​នេះ​ចំណាយ​ពេល​ជាង ៧០០ ម៉ោង និង​ជ័រ​ Lego ជាង ៦៥០០០ ដុំ​។ កុមារា ប៊ឺហ្គីសុន បាន​និយាយ​ថា នាវា​ផ្គុំ​ពី​ជ័រ​ ដែល​បាន​ធ្វើ​ដំណើរ​ទូទាំង​តំបន់​អឺរ៉ុប​នេះ បាន​ជួយ​ស្រោច​ស្រង់​ស្ថានភាព​ជំងឺ​របស់​ខ្លួន​។

កុមារា បាន​ប្រាប់​សារមន្ទីរ​ក្នុង​ក្រុង​ Pigeon Forge រដ្ឋ​ធេនណេស៊ីដែល​ដាក់​តាំង​សមិទ្ធផល​នេះ​ថា​៖ «​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ជាង ១១ ខែ​ដើម្បីផ្គុំ​នាវា​នេះ និង​ប្រើ​កាវ​ ១២០ បំពង់​។ ដំណើរ​ទូទាំង​តំបន់​អឺរ៉ុប​នេះ បាន​ជួយ​ខ្ញុំ​ជម្នះ​នឹង​អាការ​អូទីសឹម​ដ៏​ឯកា​នេះ​។ ខ្ញុំ​វឹក​ហាត់​ដោយ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ធម្មតា​ មិន​ថា​តាម​មធ្យោ​បាយ​ណា​ឡើយ​»។

កុមារា​អូទីសឹម ចំណាយ​ពេល​ជាង ៧០០ ម៉ោង​ផលិត​នាវា​ទីតានិក​ចម្លង​ផ្គុំ​ឡើង​ពី​ជ័រ Lego ជាង ៦៥០០០ ដុំ​។

ក្រោយ​បា​នដឹង​ពី​គម្រោង​របស់​ ប៊ឺហ្គីសុន ក្រុមហ៊ុន Lego បាន​ផ្ដល់​ប័ណ្ណ​បញ្ចុះ​តម្លៃ​ពិសេស​។ កុមារា​រូប​នេះ ក៏​បាន​រៃ​អង្គាស​ប្រាក់​ពី​ក្រុមគ្រួសារនិង​មិត្ដភក្ដិ​ផង​ដែរ​។

ប៊ឺហ្គីសុន បាន​ប្រាប់​ខាង​សារមន្ទីរ​ថា ខ្លួន​មាន​ការ​ខ្មាស​អៀន​ និង​មិន​ហ៊ាន​និយាយ​ប្រាប់​នរណា​ពេល​គម្រោង​ចាប់​ផ្ដើម​ដំបូង​។ បច្ចុប្បន្ន នាវា​ក្មេង​លេង​នេះ បាន​ធ្វើដំណើរ​ទៅដល់​ក្រុង Pigeon Forge និង​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​សារមន្ទីរ​ទីតានិក​រហូត​ដល់​ឆ្នាំ​២០២០​។

សារមន្ទីរ បាន​ឲ្យ​ដឹងថា នាវា​​ផ្គុំ​ឡើង​ពី​ជ័រ​ជាង ៦៥០០០ ដុំ​នេះ​ បាន​ចម្លង​ចេញ​ពី​នាវា​​​ដែល​បាន​លិច​កាល​ពី​ព្រឹក​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩១២​។ មនុស្ស​ប្រមាណ ១៥១៧ នាក់ បាន​ស្លាប់​ក្រោយ​ពី​នាវា​ទីតានិកបាន​បុក​ភ្នំ​ទឹកកក​នៅ​ក្នុង​មហាសមុទ្រ​អាត្លង់ទិក​ និង​លិច​ពេល​ធ្វើដំណើរ​ពី​ចក្រ​ភព​អង់គ្លេស​ទៅកាន់​ក្រុង​ញូវយ៉ក៕ HR

តួនាវា​ដែល​ត្រូវបាន​បញ្ចាំងភ្លើង​ពណ៌​យ៉ាង​ស្រស់​ស្អាត តាំង​បង្អួត​នៅ​សារមន្ទីរ​ទីតានិក​រហុត​ដល់​ឆ្នាំ​២០២០​។