ក្រុងស៊ីដនី: ប៉ូលិស​អូស្ដ្រាលី កាលពី​ថ្ងៃ​អង្គារ ស៊ើបអង្កេត​ពី​វិធី​ដែល​កុមារ​វ័យ ១២ ឆ្នាំ​អាច​ជិះ​យន្ដហោះ​ទៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​តែ​ម្នាក់​ឯង​បាន​ដោយ​របៀប​ម៉េច និង​បាន​ចំណាយ​ពេល ៤ ថ្ងៃ​សម្រាក​នៅ​រីសត​ដោយ​ប្រើ​កាត​ឥណទាន​ឪពុក​ម្ដាយ។

កុមារា​នោះបាន​រត់​ចេញពីផ្ទះ​ក្នុង​ក្រុង​ស៊ីដនី ក្រោយពី​ឈ្លោះ​គ្នា​ជាមួយ​ម្ដាយ ដោយ​ជិះ​យន្ដហោះ​ទី ១ ទៅ​ទីក្រុង​ភើត​ភាគ​ខាងលិច តាមរយៈ​យន្ដហោះ​តម្លៃ​ថោក Jetstar រួច​បន្ដ​ដំណើរ​ទៅ​កោះ​បាលី។ បើ​យោង​តាម​បណ្ដាញ​ផ្សព្វផ្សាយ Channel Nine។

អ្នក​ម្ដាយ អេ​ម​ម៉ា បាន​ប្រាប់ Channel Nine ថា៖ «អ្វីដែល​ខ្ញុំ​ទទួលបាន​នោះ​គឺ កូន​រូបនេះ​បាន​ទៅ​ដល់​ឥណ្ឌូនេស៊ី»។

កុមារា​រូបនេះ​បាន​ចុះឈ្មោះ​ស្នាក់​ក្នុង​សណ្ឋាគារ​មួយ ជួល​ម៉ូតូ​ជិះ និង​ផឹកស្រា​បៀរ​មុន​ពេល​មិត្ដ​ភក្ដិ​ម្នាក់​បាន​ថត​វីដេអូ​កុមារា​កំពុង​តែ​លេង​ក្នុង​អាង​ទឹក​បង្ហោះ​ប្រាប់​ម្ដាយ។

វិស្សមកាល​ដ៏​ហំ​ហាន​នោះ​ចាយប្រាក់​ឪពុកម្ដាយ ៦១០០ ដុល្លារ។ បន្ទាប់មក ឪពុកម្ដាយ​ឡើង​យន្តហោះ​ទៅ​កាន់​កោះ​បាលី​ដើម្បី​ទទួល​កូន​មក​ផ្ទះ​វិញ។

Jetstar ថា អាកាសចរណ៍​កែប្រែ​នីតិវិធី​ខ្លួន​រារាំង​កុមារ​ធ្វើដំណើរ​គ្មាន​ការ​អនុញ្ញាត​ពី​ឪពុកម្ដាយ៕