ក្រុងសៅប៉ូឡូ៖ កើតមកជាកូនភ្លោះ ម៉េឡា និងសូហ្វីយ៉ា តែងតែធ្វើអ្វីៗរួមគ្នា ហើយការសម្រេចចិត្ដរបស់ពួកគេចំពោះការកែភេទក៏មិនខុសគ្នាដែរ។
កូនភ្លោះវ័យ ១៩ ឆ្នាំទាំងពីរ ដែលប្រសូតមកនៅក្នុងភូមិឋានតូចមួយភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បាននិយាយព្រមគ្នាថា ពួកគេមិនដែលចាត់ទុកខ្លួនឯងជាបុ្រសឡើយ។
បច្ចុប្បន្នអ្នកទាំងពីរកំពុងស្ថិតក្នុងវេលាអន្ដរកាល ដែលជាក្ដីសុបិននូវអ្វីដែលវេជ្ជបណ្ឌិតបានអះអាងថា វាជាករណីដំបូងបំផុត។
វេជ្ជបណ្ឌិត ចូស កាឡូស ម៉ាទីន មកពីមជ្ឈមណ្ឌលកែភេទប្រទេសប្រេស៊ីល ជាគ្លីនិកមួយនៅភាគអាគ្នេយ៍ទីក្រុងប្លូមេនូ បាននិយាយថា៖ «នេះជាករណីតែមួយគត់ ដែលត្រូវបានរាយការណ៍ក្នុងពិភពលោកស្ដីពីកូនភ្លោះ ដែលប្រសូតមកជាក្មេងប្រុស រួចធ្វើការវះកាត់កែភេទជាស្រីរួមគ្នា»។
លោក ម៉ាទីន បានធ្វើការវះកាត់រយៈពេល ៥ម៉ោងលើកូនភ្លោះទាំងពីរនៅមុន និងក្រោយគ្នាមួយថ្ងៃ។ មួយសប្ដាហ៍ក្រោយមក នារីថ្មីទាំងពីរបង្ហាញស្នាមញញឹម និយាយលេង និងជូតទឹកភ្នែក ពេលពួកគេជជែកអំពីដំណើរជីវិតរួមគ្នាក្នុងបទសម្ភាសតាមវិដេអូមួយជាមួយ AFP។
កញ្ញា ម៉េឡា រ៉េហ្សេនដេ សក់សម្បុរត្នោត ដែលកំពុងសិក្សាផ្នែកវេជ្ជសាស្ដ្រនៅប្រទេសអាហ្សង់ទីន បាននិយាយថា៖ «ខ្ញុំតែងតែស្រឡាញ់រាងកាយរបស់ខ្ញុំ តែខ្ញុំមិនចូលចិត្ដប្រដាប់ភេទជាបុរសឡើយ។ ខ្ញុំចង់កាត់វាចោល និងប៉ងប្រាថ្នាដល់ព្រះជាម្ចាស់ឱ្យខ្ញុំប្រែក្លាយជាស្រី»។
ពេលបានឃើញរូបរាងក្រោយពេលវះកាត់ កញ្ញាក៏យំ។ បងប្អូនភ្លោះ សូហ្វីយ៉ា អាល់បូឃ្វេក ជាមនុស្សមិនសូវមាត់ក។ ប៉ុន្ដែពួកគេជាបុគ្គលរួសរាយដូចគ្នា។
ពួកគេបាននិយាយសរុបយ៉ាងខ្លាំង អំឡុងពេលចែករំលែករឿងរ៉ាវជីវិតពីការគាំទ្រគ្នាទៅវិញទៅមក ដោយពួកគេបានដឹកដៃគ្នាឆ្លងកាត់ការមាក់ងាយ បំពានផ្លូវភេទ និងហិង្សា តាំងពីកុមារភាព។
សូហ្វីយ៉ា សម្បុរសក់ទង់ដែង ដែលកំពុងសិក្សាវិស្វកម្មសំណង់ស៊ីវិលនៅក្រុងសៅប៉ូឡូ បាននិយាយថា៖ «យើងរស់នៅក្នុងប្រទេសដែលមិនឱ្យតម្លៃដល់អ្នកកែភេទបំផុតក្នុងពិភពលោក»។
យោងតាមសមាគមន៍ មានអ្នកកែភេទប្រមាណ ១៧៥ នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំមុនកែរូបរាង និងកែភេទជាតិ (Antra) បានបង្ហាញថា ដែលជាតួលេខខ្ពស់បំផុតក្នុងចំណោមបណ្ដាលប្រទេសដទៃ។
កញ្ញា ម៉េឡា បានបន្ដថា៖ «ឪពុកម្ដាយរបស់យើងមិនបារម្ភពីការសម្រេចចិត្ដរបស់យើងទេ តែពួកគាត់បារម្ភពីមនុស្សម្នាមើលមកយើងក្នុងផ្លូវណា»។
ជីតារបស់ពួកគេជាបុគ្គលម្នាក់ ដែលចំណាយប្រាក់ឱ្យពួកគេកែភេទផងដែរ។ លោកបានដាក់ទ្រព្យសម្បត្ដិ និងចំណាយប្រាក់ ២ម៉ឺនដុល្លារ។ ម្ដាយរបស់ពួកគេ អ្នកស្រី ម៉ារ៉ា លូស្យា ដា ស៊ីលវ៉ា បាននិយាយថា វាជា «អារម្មណ៍ធូរស្បើយ» ពេលកូនភ្លោះរបស់អ្នកស្រីក្លាយជាស្រីពិតក្រោយការវះកាត់។
អ្នកស្រី អាយុ ៤៣ ឆ្នាំ ជាលេខាប្រចាំសាលា ដែលមានកូនស្រី ២ នាក់ទៀត បាននិយាយថា៖ «ក្នុងបេះដូងរបស់ខ្ញុំ ខ្ញុំតែងតែបានដឹងថា ពួកគាត់ជាក្មេងស្រី ហើយនោះជាអ្វីដែលពួកគេមានការឈឺចាប់ផងដែរ។ ខ្ញុំថែមទាំងមិនធ្លាប់គិតថា ពួកគាត់ជាក្មេងប្រុសផង។ ចំពោះខ្ញុំ ពួកគាត់នៅតែជាក្មេងស្រីជានិច្ច»៕ AFP/HR