ក្រុង​ម៉ានីល៖ ដោយ​ព្យាយាម​ពុះពារ​ចិញ្ចឹម​ជីវិត អ្នកស្រី ឡូរ៉ែន​ អ៊ីមភេរីយ៉ូ​​ បាន​ដោះ​ដូរ​​ស្បែក​ជើង​​​ម៉ាក Nike មួយ​គូ​ជា​​ថ្នូរ​នឹង​មាន់​​បោច​រោម​រួច ​១​ ក្បាល​លើ​វេបសាយ​ដោះដូរ​​មួយ​។ នេះ​ជា​ទំនោរ​ពេញ​និយម​ថ្មី​អំឡុង​ពេល​វិបត្ដិ​កូវីដ​នៅ​ហ្វីលីពីន​។

ដោយ​ពលរដ្ឋ​រាប់​លាន​នាក់​បាត់​បង់​ការងារ និង​មនុស្ស​ជា​ច្រើន​​បង្ខំ​ចិត្ដ​សំងំ​នៅ​តែ​ក្នុង​ផ្ទះ ​ដើម្បី​​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​​កូរ៉ូណា​ថ្មី ពលរដ្ឋ​ហ្វីលីពីន​បាន​នាំ​គ្នា​ប្រើប្រាស់​ក្រុម​ក្នុង​ហ្វេសប៊ុក​ ដើម្បី​ដោះ​ដូរ​វត្ថុ និង​សម្ភារ​ផ្សេង​ៗ​ រួម​ទាំង​សម្ភារ​ផ្ទះ​​បាយ តុក្កតា​ក្មេង​លេង និង​កាបូប​ដៃ​ ដែល​ភាគ​ច្រើន​ជា​ចំណី​អាហារ​។

អ្នកស្រី អ៊ីមភេរីយ៉ូ ជា​អ្នក​ម្ដាយ​កូន ២ ដែល​ស្វាមី​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ហាង​នំ​ដូណាត់​មួយ​ក្នុង​ក្រុង​ម៉ានីល និយាយ​​ថា​៖ «​ស្ថានភាព​បច្ចុប្បន្ន​ពិត​ជា​លំបាក​ណាស់​។ អត់​ដឹង​ថា​ទៅ​ណា​ដើម្បី​រក​លុយ​បាន​មក​បង់​ថ្លៃ​ការ​ចំណាយ​រាល់​ថ្ងៃ​ទេ​​»។

ស្វាមី​របស់​អ្នកស្រី​ធ្វើ​ការ​តិច​ម៉ោង​ ហើយ​បច្ចុប្បន្ន​លោក​អាច​​រក​ចំណូល​ប្រចាំ​ខែ​បាន​តែ​ ៩ ០០០ ​ប៉េសូ (១៨៥ ដុល្លារ​) ​ដោយ​ប្រាក់​ពាក់​កណ្ដាល​ប្រើ​សម្រាប់​បង់​ថ្ងៃ​ផ្ទះ​ជួល​។

តាម​ការ​បូក​សរុប​របស់​ AFP បាន​​ឲ្យ​ដឹង​ថា យ៉ាង​​តិច ៩៨ ​ក្រុម​​ក្នុង​ហ្វេសប៊ុក ដែល​ក្រុម​ខ្លះ​មាន​សមាជិក​រាប់​ម៉ឺន​នាក់​ កំពុង​តែ​ប្រតិបត្ដិការ​ដោះដូរ​ទំនិញ​​ទូទាំង​ប្រជុំ​កោះ​។

វិបត្តិកូវីដ​​ធ្វើឲ្យពលរដ្ឋ​ហ្វីលីពីន​ត្រូវ​ប្ដូរ​របស់ជា​អាហារ​​​​។ រូបថត AFP

iPrice Group បាន​រក​ឃើញ​ក្នុង​ការ​សិក្សា​ថ្មីៗ​នេះ​ថា ​​វេបសាយ Google ​​​ហ្វីលីពីន​​សម្បូរ​អ្នក​ស្វែង​រក​ពាក្យ ​«​ការ​ដោះដូរ​ម្ហូប​» បាន​កើន​ឡើង ៣០០ ភាគរយ ​ពី​ខែ​មេសា ​ដល់​ខែ​ឧសភា ខណៈ​ការ​បិទ​ប្រទេស​​ធ្វើ​ឲ្យ​ស្វិត​ហោប៉ៅ។

ក្រោយ​ពី​ដោះ​ដូរ​ដប​ទឹក​ដោះ​គោ​ទារក​ ដែល​ខ្លួន​​លែង​ត្រូវ​ការ​ ​អ្នកស្រី អ៊ីមភេរីយ៉ូ បាន​ដោះដូរ​អាវ​ក្រៅ​កូន​ក្មេង​ និង​អាវ​​ជាប់​មួក​ Ralph Lauren ជា​ថ្នូរ​នឹង​អង្ករ​ ៦ ​គីឡូក្រាម​។

ខណៈ​ស្បែក​ជើង​​​​ម៉ាក Nike មួយ​គូ​ត្រូវ​បាន​ដោះដូរ​ជាមួយ​មាន់​ ​១ ​ក្បាល ស្បែក​ជើង​គូ​ទី ២ អត់​ទាន់​មាន​អ្នក​ចូល​មក​ដោះដូរ​ជាង​ ៣ ​សប្ដាហ៍​ហើយ​។

ហ្វីលីពីន​មាន​ក្រុម​ហ្វេសប៊ុក​ ៩៨​ក្រុម ​ដោយ​ក្រុមនីមួយៗ​មានសមាជិក​រាប់ម៉ឺន​នាក់​​។ រូបថត AFP

ស្ដ្រី​វ័យ​ ២៨ ​ឆ្នាំ​ បាន​និយាយ​ថា​៖ «​វត្ថុ​ចាស់ៗ​មាន​ការ​ពិបាក​លក់​។ ចំពោះ​ការ​ដោះ​ដូរ​ទំនិញ​វា​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​ទៅ​ជា​អាហារ​»។

អ្នកស្រី ជូសែល បាតាប៉ាស៊ីញ បាន​បង្កើត​សហគមន៍ ​Bacolod Barter Community កាល​ពី ៤ ​ខែ​មុន​ មាន​សមាជិក​ជាង ២៣ ​ម៉ឺន​នាក់​ និង​បន្ដ​ចូលរួម​ជា​ហូរហែ​ទៀត​។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «​បើ​គ្មាន​វិបត្ដិ​កូវីដ ខ្ញុំ​មិន​គិត​ថា ​សហគមន៍​ដោះដូរ​ទំនិញ​តាម​អនឡាញ​នឹង​មាន​ប្រជាប្រិយភាព​ឡើយ​»៕ AFP/HR