ក្រុងគីស៊ូមូ: ស្ថិតនៅ​តំបន់​បឹង វិច​តូ​រៀ ស្បែក​ដែល​សេសសល់​ពី​ត្រី សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ជុំវិញ​ពិភពលោក ត្រូវ​បាន​គេ​កែច្នៃ​ឲ្យ​ទៅ​ជា​របស់​ប្រើប្រាស់​ជាច្រើន។

បង្កើតឡើង​ដោយ​អ្នក​គីមី​ឧស្សាហកម្ម​ម្នាក់​អាយុ ៣៩ ឆ្នាំ ឈ្មោះ ញូ​តុ​ន អូ​វី​ណូ (Newton Owino) ផលិតផល Alisom កកើត​ចេញ​ពី​ការ​បំបែក​ស្បែក​ត្រី​ដាច់​ដោយ​ឡែក​ពី​កាក​សំណល់ ដើម្បី​ច្នៃ​ជា​កាបូប​យួរ កាបូប​ដៃ ស្បែក​ជើង មួក និង​អាវ​ធំ។

កាកសំណល់​ត្រី​ប្រមាណ ១៥ ម៉ឺន​តោន ត្រូវបាន​ផលិត​ជា​ផលិតផល​រៀងរាល់ឆ្នាំ ហើយ ៨០ ភាគរយ​នៃ​កាក​សំណល់​នេះ​ត្រូវ​បាន​ចាក់​ចោល។ លោក អូវីណូ និង​បុគ្គលិក​រាប់សិប​នាក់​របស់​គាត់ បាន​ផ្តល់​នូវ​ជីវិត​ថ្មី​ដល់​ស្បែក​ត្រី​ទាំង​នោះ។

កំពុង​ដើរទៅ​ទីធ្លា​ក្រោយ​ផ្ទះ​ជាមួយនឹង​ស្បែកជើង​ស្បែក​ត្រី និង​អាវយឺត លោក​ថ្លែងថា៖ «អាជីវកម្ម​ចម្បង​របស់​ខ្ញុំ​នៅ​ទីនេះ​គឺ​ត្រូវ​ប្រែ​ក្លាយ​ស្បែក​ត្រី​ទៅ​ជា​ស្បែក​ផលិត​ផលិតផល»។

ក្រុម​អ្នក​ដឹកជញ្ជូន​តាម​កង់​ជាច្រើន​នាំយក​ស្បែក​ត្រី​ជាច្រើន​បាវ​ពី​អ្នកនេសាទ ភោជនីយដ្ឋាន និង​រោងចក្រ​ទៅ​កន្លែង​សិប្បកម្ម​ដ៏​តូច​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ស្រីៗ​នាំ​គ្នា​សំលៀង​កាំបិត​ចៀរ​ពន្លះ​ស្បែក​ត្រី សាច់ និង​ឆ្អឹង​ចេញ​ពី​គ្នា​យ៉ាង​ស្អាត។

លោក ញូតុន អូវីណូ លើក​ស្បែក​ត្រី​​ស្រស់ៗ​ក្រោយ​ពី​ចៀរពន្លះរួច។ AFP

ស្បែក​ត្រូវបាន​គេ​ហាល​លើ​ស្នួ ទាក់ទាញ​បក្សី​ស្រេកឃ្លាន​ចុះមក​ចឹក។ ក្រោយមក​ស្បែក​ត្រី​ស្ងួត​ត្រូវ​បាន​ប្រើ​អាស៊ីត​ពី​ផ្លែឈើ ធ្វើ​ឲ្យ​វា​ងាប់ ទន់ និង​លែង​សូវ​ធុំ​ក្លិន មុន​នឹង​យក​វា​ទៅ​ហាល​ថ្ងៃ​ជាថ្មី​ម្ដង​ទៀត។

កិច្ចការ​បន្ទាប់​ទាមទារ​ប៊ិក ក​ន្រៃ្ត កាវ និង​ការ​លាយ​ពណ៌​ដែលជា​ការទទួល​ខុសត្រូវ​របស់​លោក ហ្វេឡា អាទីណូ ជា​អ្នក​ច្នៃ​ម៉ូដ​ស្បែក​ត្រី។ ផលិតផល​ប្លែក​ពិសេស​នេះ ដែល​មើល​ទៅ​ស្រដៀង​នឹង​ស្បែក​ក្រពើ និង​ស្បែក​ពស់ តែ​វា​មាន​តម្លៃ​ថោក ដោយ​ស្បែក​ជើង​មួយ​គូ​តម្លៃ​តែ​ប្រមាណ ១៥ ដុល្លារ និង​អាវ​ធំ​ជិត ២០ ដុល្លារ។

អតិថិជន​មកជា​វ​ផលិតផល​ស្បែក​ត្រី លោក ឡូ​រិ​ន អូ​ឌី​អូ បាន​ពោលថា៖ «បើ​យើង​មាន​ត្រី ហេតុអ្វី​យើង​មិន​មាន​មោទនភាព​ចំពោះ​វា ហើយ​ប្រើ​ប្រាស់​វា​ឲ្យ​អស់​លទ្ធភាព?»។

លោក​បាន​និយាយ​ទាំង​កំពុងតែ ឆ្លុះកញ្ចក់​ថា៖ «អ៊ីចឹង នៅពេល​ខ្ញុំ​ពាក់​ស្បែកជើង មួក អាវធំ ធ្វើ​ពី​ស្បែក​ត្រី ខ្ញុំ​មាន​អារម្មណ៍​រីករាយ!»៕