ភ្នំពេញ: ស្ថិតនៅក្នុង​ហាង​ក្រោយ​វិទ្យាស្ថាន​វ៉ាន់ដា បុរស-នារី​កំពុងតែ​ផ្ចិតផ្ចង់​កាន់​ដង្កៀប​កៀប​គ្រាប់អង្កាំ​បន្តុប​លើ​ដើម​ផ្កាស្ងួត អម​ខ្សែ​អំពូល​ភ្លើង​តូចៗ​ចាំង​បំភ្លឺ​កែវ ដែល​ស្រោប​តុក្កតា​មាន​ទម្រង់​មុខ​ដូចនឹង​ម្ចាស់​វត្ថុ​អនុស្សាវរីយ៍​នេះ​។

ជាជាង​ការនាំ​ចូល​តុក្កតា​ពី​បរទេស​ហាង Miracle បាន​បង្កើត​ភាពលេចធ្លោ​តាមរយៈ​ស្នាដៃ​សូន​ធ្វើ​តុក្កតា​ទៅតាម​ទម្រង់​មុខ​មនុស្ស ហើយ​លម្អ​ក្នុង​កែវ​យ៉ាង​ច្នៃប្រឌិត​ដោយ​ដៃ​ផ្ទាល់ ដើម្បី​ឲ្យ​ភ្ញៀវ​ទទួលបាន​វត្ថុ​ពោរពេញ​ដោយ​អត្ថន័យ​។

សហស្ថាបនិក Miracle លោក ខៀវ លីនដា វ័យ ៣១ ឆ្នាំ​ដែល​បានបញ្ចប់​ការសិក្សា​ ២ ​ជំនាញ​ទាំង​ភាសា​អង់គ្លេស និង​បច្ចេកវិទ្យា​វិស្វកម្ម មាន​បំណង​ចង់​បង្កើត​មុខរបរ​អំពី​វត្ថុ​សិល្បៈ ដែល​ជា​ចំណូលចិត្ត​របស់លោក​ស្រាប់​។

ផ្ដើម​ពី​ជំនួញ​ហាង​ផ្កា​ស្រាប់​លោក​បាន​និយាយថា​៖ «​យើង​ព្យាយាម​រក​អ្វីដែល​យើង​អាច​ធ្វើ​ទៅហើយ អាច​បង្ហាញ​ពីអ្វី​ដែល​យើង​ចង់បាន​នេះ​។ ម្យ៉ាងវិញ​ទៀត​របស់​នៅ​ស្រុក​ខ្មែរ​របស់​យើង​ភាគច្រើន​នាំចូល​ហើយ​លក់​តែម្តង វា​អត់​សូវ​មាន​អ្នកណា​ដែល​យក​មក​ហើយ​កែច្នៃ​បន្ថែម​ឲ្យ​មាន​អត្ថន័យ​បន្ថែម​អី​បែប​ហ្នឹង​»​។

លោក និង​ដៃគូ​ជំនួញ​ធ្លាប់​បានឃើញ​តុក្កតា​រចនា​តាម​ទម្រង់​មុខ​មនុស្ស​តាម​អ៊ីនធឺណិត​ទាក់ទង ហើយ​ក៏​ចាប់អារម្មណ៍​ស្រាវជ្រាវ​បន្ត​។

លោក ខៀវ លីនដា បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​តាមពិត​វា​មាន​តាំងពី​ឆ្នាំ​ ១៩៩៣ នៅ​អង់គ្លេស ប៉ុន្តែ​គ្រាន់តែ​ថាពី​ដំបូងៗ​គេ​អត់​ទាន់​សូន​រូប​ពី​ក្បាល​ដល់​ចុងជើង​ទៅ​តាម​​រូបភាព​របស់​ភ្ញៀវ​ទេ គ្រាន់​តែ​ថា​ធ្វើ​មួយ​កំណាត់ វា​មាន​ស្រាប់ៗ ធ្វើ​តែ​ក្បាល​រហូត​គេ Update ឃើញ​នៅក្នុង​អ៊ីនធឺណិត​ធ្វើ​ពី​ក្បាល​ដល់​ចុងជើង​»​។

ដោយ​គិតថា ការធ្វើ​តុក្កតា​តំណាង​រូប​មនុស្ស​ពិត​ម្យ៉ាង​ដូចជា​មិន​គ្រប់គ្រាន់ ទើប​លោក​បន្ថែម​ការតុបតែង​ជា​ផ្កា កូន​សត្វ អង្កាំ និង​គ្រឿង​លម្អ​ដទៃទៀត​ដ៏ទាក់ទាញ​។

កែវ​ធំ​អាច​ផ្ទុក​តុក្កតា​បាន​ពី ៥ ទៅ ៧ ​តុក្កតា​អម​ជាមួយ​ការតុបតែង​លម្អ​យ៉ាង​ប្រណីត​។ ហុង មិនា

ដើម្បី​ធ្វើ​តុក្កតា​ឲ្យ​មាន​មុខមាត់ សម្លៀកបំពាក់ ទម្រង់​រាងរៅ​មនុស្ស​តាម​ការកុម្ម៉ង់​នោះ​ស្ថាបនិក​ហាង Miracle បាន​ទៅ​សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​ជិត​ ១ ​ឆ្នាំ​មុន​ដំណើរការ​លក់​នៅក្នុង​ស្រុក​។

លោក ខៀវ លីនដា ក៏បាន​ប្រាប់​បន្ថែម​ពី​ចំណុច​ពិសេស​របស់ Miracle ទៀតថា​៖ «Miracle ផ្តោត​សំខាន់​ទៅលើ​គុណភាព​នៃ​ផលិតផល​មាន​ភាពស្រស់ស្អាត ជាពិសេស​នោះ​គឺ​ការឌីហ្សាញ​របស់​យើង​ខុសគ្នា​ទាំងអស់​ពី​អតិថិជន​ម្នាក់​ទៅ​អតិថិជន​ម្នាក់ទៀត មិន​មាន​ម៉ូដ​ដូចគ្នា​នោះទេ​»​។

លោក​ក៏​តែង​ណែនាំ​ភ្ញៀវ​ដែល​ស្រឡាញ់​ម៉ូដ​ដូចៗ​គ្នា ថា​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​ឲ្យ​ប្លែក​ពី​គេ និង​ស័ក្ដិសម​ខ្លួនឯង​។

លោក​បញ្ជាក់​ប្រាប់ថា​៖ «​នៅពេល​ដែល​អតិថិជន​បាន​ទទួល​កាដូ​ពី​ខាងយើង​នឹង​មាន​អារម្មណ៍​ថា កាដូ​គាត់​គឺ​មាន​តែមួយ​នៅលើ​លោក​ផងដែរ​»​។

តុក្កតា​សូន​ដោយ​ដៃ​ត្រូវ​បាន​កំណត់​តម្លៃ​ ១ ​ថ្លៃ ៥០ ​ដុល្លារ និង​គិតពី​តម្លៃ​កែវ សម្រាប់​តុបតែង​ផ្កា​អមតៈ​។

កែវ​ដាក់តាំង​លម្អ​មាន​ ៣ ​ខ្នាត​គឺ​ខ្នាតតូច​ដាក់​បាន​តុក្កតា ១ ឬ​ ២ ​តុក្កតា​ខ្នាត​កណ្តាល​សម្រាប់ ២ ទៅ ៣ តុក្កតា (​ឬ​បន្ថែម​តុក្កតា​កូនក្មេង​តូច​) និង​ខ្នាត​ធំ​បំផុត​អាច​ដាក់​បាន​ចាប់ពី ៥ ទៅ ៧ តុក្កតា​ដែល​អាចមាន​រហូតដល់ ៧០០ ទៅ ៨០០ ដុល្លារ​គិត​ទៅតាម​ចំនួន​តុក្កតា និង​ទំហំ​កែវ​។

បុគ្គលិក​ប្រើ​ដង្កៀប​ភ្ជាប់​ផ្កា និង​អង្កាំ ដើម្បី​តុបតែង​តុក្កតា​ទម្រង់​មុខ​មនុស្ស យ៉ាង​ផ្ចិតផ្ចង់​។ ហុង មិនា

អតិថិជន​ដែល​ឲ្យ​តម្លៃ​វត្ថុ​សិល្បៈ​ធ្វើ​ដោយ​ដៃ​ហាក់​មិន​សាញ​នឹង​ការចំណាយ​នោះ​ទេ ហើយ Miracle ទទួល​បាន​ការគាំទ្រ​ទាំង​ក្នុង និង​នៅក្រៅ​ប្រទេស​ដូចជា​នៅ អូស្ត្រាលី ថៃ ជប៉ុន អាមេរិក និង​សិង្ហបុរី រួមទាំង តារា​សិល្បៈ ឬ​គ្រួសារ​អភិជន​ផងដែរ​។

ដំណើរការ​ក្នុង​ការរចនា​តុបតែង​ត្រូវបាន​សហស្ថានិក ហាង Miracle កញ្ញា ម៉េង សូហួង រៀបរាប់​ឲ្យ​ដឹងថា​៖ «​យើង​ប្រើ​រយៈពេល​យូរថ្ងៃ​រហូត​ដល់ ២៥ ទៅ ៣០ ថ្ងៃ​សម្រាប់ធ្វើ ដោយសារ​យើង​ធ្វើ​ដោយ​ដៃ​ទាំងអស់​សូម្បីតែ​ការ​ឆ្លាក់​រូប​តុក្កតា យើង​ប្រើ​រយៈពេល​នៃ​ការរចនា​ម៉ូដ​ហ្នឹង​យូរ សម្ភារៈ​ដែល​ប្រើប្រាស់​សុទ្ធតែ​ថ្លៃ និង​មាន​គុណភាព​»​។

ម្ចាស់​ហាង​វ័យ ២៩ ឆ្នាំ បាន​លើកឡើង​ថា​៖ «​ភ្ញៀវ​អាច​រក្សាទុក​បាន​រហូត ចំពោះ​តុក្កតា​។ រីឯ​ផ្កា​ដែល​បាន​ដេគ័រ​អាច​នឹង​ហើរ​ពណ៌​ខ្លះ ហើយ​យើង​ក៏​ប្រាកដ​ចិត្ត​ថា កាដូ​ដែល​ត្រូវបាន​ដល់ដៃ​ភ្ញៀវ ត្រូវ​តែ​ធ្វើឲ្យ​ភ្ញៀវ​ពេញចិត្ត ព្រោះ​យើង​នឹង​ផ្លាស់ប្តូរ​កែច្នៃ​រហូត​ដល់​ភ្ញៀវ​និយាយថា ត្រូវចិត្ត​»​។

សម្ភារៈ​តុបតែង​ត្រូវបាន​នាំចូល​មកពី​ប្រទេស​កេនយ៉ា ហូឡង់ និង​ប្រទេស​ចិន ហើយ​ក្នុង​ ១ ​ថ្ងៃ Miracle ទទួល​បាន​ការកុម្ម៉ង់​ពី​ភ្ញៀវ​ប្រមាណ​ចាប់ពី ៥ ​នាក់​ឡើង​ទៅ​។

សម្រាប់​អតិថិជន​នៅ​ក្រៅ​ប្រទេស​ការដឹកជញ្ជូន​នៅតែ​ជា​ឧបសគ្គ ដោយសារ​តែ​តុក្កតា និង​កែវ​ប្រឈម​នឹង​បែក​ដោយ​ប៉ះទង្គិច​នានា​។ ដូច្នេះ​ហើយ​សព្វថ្ងៃ​ម្ចាស់​ហាង​បាន​សំណូមពរ​ឲ្យ​អតិថិជន​មក​ទទួល​វត្ថុ​អនុស្សាវរីយ៍​កុម្ម៉ង់​នេះ​ដោយ​ខ្លួនឯង​។

កញ្ញា ម៉េង សូហួង បានបញ្ជាក់​ទៀតថា​៖ «​ផលិតផល​យើង​ធ្វើ​ដោយ​ដៃ អ៊ីចឹង​ហើយ​វា​ងាយ​រង​ការប៉ះទង្គិច​អាច​ធ្វើឲ្យ​បែក នៅពេល​ដែល​យើង​ដឹក​ឆ្លង​ប្រទេស​វា​មិន​ងាយ​នោះទេ ប៉ុន្តែ​បច្ចុប្បន្ន​មាន​អតិថិជន​នៅក្រៅ​ប្រទេស​កម្ម៉ង់​ជាច្រើន អ៊ីចឹង​នៅពេល​នេះ​យើង​ក៏បាន​កំពុង​រក​វិធី​ក្នុងការ​ដឹកជញ្ជូន​ទៅ​ក្រៅប្រទេស​ផងដែរ​»៕

តុក្កតា​ត្រូវបាន​សូន​សម្រិតសម្រាំង​ដូច​ទម្រង់​មុខ​មនុស្ស​តាម​ដែល​អាច​ធ្វើ​ទៅបាន​។ហុង មិនា