ក្រុងបាងកក: ក្រៅពី​ការផ្ដល់​កៅអី​ និង​សៀវភៅ​សរសេរ​ធ្វើ​អំពី​ក្រដាស​កែច្នៃ​ប្រើប្រាស់​ឡើង​វិញ​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ឯទៀត​ត្រូវ​បាន​ព្រមាន​កាលពី​ថ្ងៃ​អាទិត្យ​អំពី​សកម្មភាព​កាកសំណល់​ប្លាស្ទិក​ពេញ​សមុទ្រ​។

ប្រទេស​ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង​ចិន​បាន​បោះចោល​សំរាម​ជាង​ពាក់កណ្ដាល​នៃ​កាកសំណល់​ប្លាស្ទិក ៨ លាន​តោន​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​ជា​រៀងរាល់​ឆ្នាំ​។ នេះ​បើ​យោង​តាម​របាយការណ៍​អភិរក្ស ការពារ​មហាសមុទ្រ​ឆ្នាំ ២០១៧ (2017 Ocean Conservancy report)​។

កិច្ចប្រជុំ ១០ ប្រទេស​ដែល​មាន​មេដឹកនាំ​កំពូល​មក​ជួបជុំ​គ្នា​នា​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ឯ​ក្រុង​បាងកក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ប្រទេស​អាស៊ាន​បាន​នាំ​ចូល​កាកសំណល់​ប្លាស្ទិក ១ ភាគ​ ៤ នៃ​បរិមាណ​សំរាម​ប្លាស្ទិក​ទូទាំង​សកលលោក​ដែល​ត្រូវ​បាន​ដឹក​ចេញ​ពី​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ផងដែរ​។

ប្រទេស​ថៃ​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​រយៈពេល ២ ​ថ្ងៃ បាន​បង្ហាញ​នូវ​អាវយឺត​ច្នៃ​ពី​សំរាម ប្រអប់​អាហារ​ងាយ​នឹង​រលាយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​កៅអី​ចំនួន ៣០០ ធ្វើ​ពី​ក្រដាស​ច្នៃ​យក​មក​ប្រើប្រាស់​ឡើង​វិញ​។ ចេតនា​បង្ហាញ​នូវ​ផលិតផល​ទាំងនេះ​បែរ​ជា​ទាក់ទាញ​នូវ​ការរិះគន់​ទៅ​វិញ​។

លោក Tara Buakamsri ពី​អង្គការ​ការពារ​បរិស្ថាន Greenpeace បាន​លើក​ឡើង​ថា វា​ជា​រឿង​ដែល​មិន​ចាំបាច់​ដែល​ប្រទេស​ថៃ​បង្ហាញ​របស់​ធ្វើ​ពី​ក្រដាស​ទាំង​នោះ ខណៈ​ដែល​ប្រទេស​ខ្លួន​ជោរជន់​ដោយ​ថង់​ប្លាស្ទិក កែវ ចាន​ពាសពេញ​ផ្លូវ​។

លោក​ថា​៖ «​ការបង្ហាញ​ផលិតផល​ច្នៃ​ពី​សំរាម​មិន​មាន​ន័យ​ថា នេះ​ជា​កិច្ចប្រជុំ​ពណ៌​បៃតង​ឡើយ​»៕