ព្រះពុទ្ធសករាជនៃព្រះពុទ្ធសាសនា អតិក្កន្តាកន្លងទៅបាន ២៥៦២ ព្រះវស្សា ហើយគិតត្រឹមថ្ងៃពេញបូណ៌មី ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខនឹងចូលទៅព្រះពុទ្ធសករាជ ២៥៦៣ ព្រះវស្សា។
នឹងគណនាឆ្នាំកុរ ឯកស័ក ឥឡូវនេះសង្ក្រាន្តចូលមកនៅវេលាម៉ោង ១៥: ១២ នាទីរសៀលថ្ងៃអាទិត្យ ១០ កើត ខែចេត្រត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ ព្រះអាទិត្យ ចរចេញពីមីនៈរាសី ទៅស្ថិតនៅឯមេសៈរាសីដើរតាមគោវិថីគឺផ្លូវកណ្តាលមានទេពធីតា ១ ព្រះអង្គជាអគ្គនាយិកា ព្រះនាម ទុង្សាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម អាភរណៈកែវបទុមរាគ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ដែលសោយផ្លែឧទុម្ពរ (ផ្លែល្វា) គង់លើសុបណ្ណរាជ (ស្តេចគ្រុឌ) ជាពាហនៈនាំអស់ពួកទេពនិករ បវរកញ្ញា ទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវ ឈ្មោះធម្មាលីនាទីភ្នំកៃលាស ខេត្តហិមពាន្តដែលប្រតិស្ឋានទុក ព្រះសិរសា កបិលមហាព្រហ្ម តម្កល់នៅលើពានមាសនាំចេញមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជជុំចក្កវាឡតាមផ្លូវព្រះអាទិត្យចរគម្រប់ ៦០ នាទី ហើយដង្ហែចូលតម្កល់ទុកដូចដើម ទើបប្រជុំទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិចូលទៅស្រង់ទឹកអនោតត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោឧសភរាជទាំង ៧ ត្រជាក់ត្រជំក្សេមក្សាន្តព្រះហឫទ័យទើបនាំគ្នាចូលទៅសមាទានសីលដោយព្រះទ័យ សោមនស្សរីករាយគ្រប់ៗអង្គក្នុងភគវតីសភា ដែលវិស្សកម្មទេវបុត្រនិម្មិតថ្វាយ ហើយបន្ទោបង់អពមង្គលឲ្យជ្រះស្រឡះ ចម្រើននូវសុភមង្គល សិរីសួស្តី ជន្មាយុ យឺនយូរតរៀងទៅ។
• ថ្ងៃអាទិត្យ ១០ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ នាវេលាម៉ោង ១៥: ១២ នាទី រសៀលគឺជាថ្ងៃចូលឆ្នាំថ្មី។
• ថ្ងៃចន្ទ ១១ កើតខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៩ គឺជាថ្ងៃវ័នបត។
• ថ្ងៃអង្គារ ១២ កើតខែចេត្រត្រូវនឹងថ្ងៃទី ១៦ ខែមេសាឆ្នាំ ២០១៩ គឺជាថ្ងៃឡើងស័ក។
នេះជាគម្រប់សង្ក្រាន្ត ៣ ថ្ងៃស្រេចបរិបូណ៌ចូលជាសកលឆ្នាំកុរ ឯកស័កតរៀងទៅ។
ក្នុងឳកាសសង្ក្រាន្តទាំង ៣ ថ្ងៃនេះសូមអស់ជនានុជនប្រុសស្រីទាំងឡាយរៀបចំនូវគ្រឿងសក្ការបូជាមានទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើមជូនមាតាបិតា អាណាព្យាបាល ជាបុព្វការី ព្រមទាំងចាំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។ សូមខិតខំលះបង់នូវចិត្តអាក្រក់ប្រកបដោយអភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិឲ្យជ្រះស្រឡះ ចម្រើនឡើងវិញនូវចិត្តប្រកបដោយបញ្ញា និងព្រហ្មវិហារធម៌ គឺ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើបុណ្យសុន្ទរ៍ទាន រក្សាសីល តាមប្រពៃណីឲ្យជាប់ជានិច្ចនោះទេព្តានឹងឲ្យពរសព្ទសាធុការលោកអ្នកនឹងមានសិរីសួស្តី និងសុភមង្គល វិបុលសុខ គ្រប់ប្រការ ប្រកបការងារបានត្រជាក់ត្រជំ អាយុយឺនយូរតរៀងទៅ។
ទំនាយប្រចាំឆ្នាំ
-កេណ្ឌព្រះពិរុណសាស្ត្រ សម្រាប់វេលាឆ្នាំនេះព្រះព្រហស្បតិ៍ គឺជាអធិបតី មាននាគ ៥ បង្អុរទឹកភ្លៀង ៥០០ មេ។ ភ្លៀងធ្លាក់នៅចក្កវាឡ ២០០ មេចែកទៅព្រៃហិមពាន្ត ១៥០ មេ ទៅមហាសមុទ្រ ១០០ មេ ភ្លៀងធ្លាក់នៅជម្ពូទ្វីបមនុស្សលោកមាន ៥០ មេ។ ឆ្នាំនេះដើមឆ្នាំ និងចុងឆ្នាំមានភ្លៀងច្រើនកណ្តាលឆ្នាំមានភ្លៀងតិច និងមានខ្យល់ព្យុះច្រើន។
-កេណ្ឌធារាទិគុណ និង ធញ្ញាហារ
ឆ្នាំនេះអាកាសធាតុត្រជាក់ជាមធ្យម ទឹកទន្លេ ស្ទឹង ឡើងខ្ពស់ខ្លាំង (ទឹកធំ)។ ខណៈស្រូវក្នុងស្រែចម្ការមានភាពលូតលាស់ល្អដំបូងក្រោយមកក៏មានសត្វល្អិតស៊ីបំផ្លាញ នាំឲ្យបានផលពាក់កណ្តាល ខូចពាក់កណ្តាល។ ដំណាំផ្លែឈើផ្សេងៗមានផ្លែតិចតួច។
- ចូលព្រះវស្សា
នៅថ្ងៃ ពុធ ១ រោច ខែអាសាឍត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ ជាចូឡាធិកបានឫក្ស ២១ តិថី ១៥ ជាកាលវស្សាន្តរដូវត្រូវតាមប្រពៃណីពីបុរាណព្រេងនាយហោង។
- គ្រាស
ថ្ងៃព្រហស្បតិ៍ ១ កើតខែបុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ មានសូរ្យគ្រាសជាអឌ្ឍគ្រាសផ្តើមគ្រាសពីម៉ោង ១២ និង ៣៦ នាទីរសៀលគ្រាសអស់ទៅវិញនៅវេលាម៉ោង ២ និង ២០ នាទី រសៀល (តាម Astronomie Cambodgiene)។
រាសី ៨ ជាន់
១.ប្រុសអាយុ ១២,២០,២៨,៣៦,៤៤,៥២ និង ៦០ ឆ្នាំ
.ស្រីអាយុ ១៤,២២,៣០,៣៨,៤៦ និង ៥៤ ឆ្នាំពេញ
លោកអ្នកមានអាយុប៉ុណ្ណេះ រាសីឡើងខ្ពស់ណាស់ ការប្រព្រឹត្ត និងព្យាយាមរបស់អាត្មាមានត្រឹមណាស់ វត្ថុធាតុដែលចោមរោមជុំវិញខ្លួនមានរង្វាល់ប៉ុន្មានសឹងបានប្រសើរលើសលប់ សេចក្តីសុខកាយ សប្បាយចិត្ត លាភផលញាតិមិត្តជិតឆ្ងាយ វិជ្ជាការសិក្សាយសស័ក្តិ និងអំណាចគតិភាពទាំងអម្បាលនេះសុទ្ធតែមានជោគជ័យប្រកបដោយការលូតលាស់រីកចម្រើនរឿយៗ។ ជាពិសេសលោកអ្នកនឹងទទួលបានសុភមង្គលប្រចាំជីវិតផងក៏សឹងមានសូមកត់សម្គាល់ចុះថា ជោគជ័យសម្រាប់អស់លោកអ្នកក្នុងឆ្នាំនេះស្ថិតនៅខាងបូព៌ាទិស។
២.ប្រុសអាយុ ១៣ ,២១ ,២៩,៣៧ ,៤៥ និង ៥៣ ឆ្នាំ
.ស្រីអាយុ ១៣ ,២១ ,២៩ ,៣៧ ,៤៥ និង ៥៣ ឆ្នាំពេញ
លោកអ្នកនាងក្នុងឆ្នាំនេះសូមកត់សម្គាល់ចុះថា បើមិនមានការចាំបាច់ មិនគួរធ្វើដំណើរទៅកាន់ទីឆ្ងាយនាទិសឦសាន ញឹកញាប់ពេកទេដោយផ្ទាល់ខ្លួនម្នាក់ឯង ក្រែងកើតមានរឿងរ៉ាវ បណ្តាលពីសត្រូវផ្ទុយភេទគ្នា ចាប់ចោទប្រកាន់ដោយប្រការផ្សេងៗ ប្រសិនបើទៅខាងទិសនោះ ហើយជួនបានជួបប្រទះលាភ មានជីវិតជើង ២ នោះក៏កុំគប្បីអបអរសាទរ ត្រដក់ត្រសុំជាទីសង្ឃឹមឡើយ។ ម្យ៉ាងទៀតឆ្នាំនេះបើជាឱកាសគួរដល់រៀបអាពាហ៍ពិពាហ៍ ប្រសិនបើមិនជាការចាំបាច់ទេ គប្បីសង្កេតពិនិត្យឲ្យបានហ្មត់ចត់។ បើរឿងស្នេហាដោយមិនពិចារណារកហេតុផលឲ្យល្អិតល្អន់ទេ មុខតែមានវិបត្តិជាមួយគ្នា បើមិនឆាប់ក៏យូរជាមិនខាន ព្រោះរាសីលោកអ្នកក្នុងឆ្នាំនេះធ្លាក់ចុះ ក្នុងគំនរទុក្ខ ព្រោះតែស្នេហាជាទោស។ ហេតុនេះសូមតាំងចិត្តអំណត់ប្រុងស្មារតី ចងចាំជានិច្ចតម្រង់មានះឲ្យបាន រឹងជំហរតទប់នឹងគ្រោះស្នេហ៍ នាពេលនេះកុំឲ្យចូលមកលឹបលលេង ឬទាក់ទាញស្មារតីអាត្មាបាន ។
៣. ប្រុសអាយុ ១៤ ,២២ ,៣០ ,៣៨ ,៤៦ និង ៥៤ ឆ្នាំ
.ស្រីអាយុ ១២ ,២០,២៨,៣៦,៤៤,៥២ និង ៦០ ឆ្នាំពេញ
អស់លោកអ្នកកើតក្នុងឆ្នាំនេះមុខជាមានភ័ព្វវាសនា បានជួបប្រទះលាភផលសមចិត្តប្រាថ្នាមិនខាន។ រាសីក្នុងឆ្នាំនេះអាចស្រូបបឺតយកលាភសក្ការៈបានច្រើនៗពីទិសឧត្តរ។ ចំពោះលាភលឿង និងលាភស តែគួរគត់សម្គាល់ចុះលាភផលទាំងឡាយក្នុងឆ្នាំនេះលំបាកទុកដាក់ ឬផ្សំឲ្យគង់វង្សបន្តិច ព្រោះមានការពីញាតិមិត្តមកខ្ចី ឬសុំឲ្យជួយទំនុកបម្រុង។ បើមិនដូច្នោះក៏ត្រូវដូរដោះយកទ្រព្យផ្សេងៗដទៃទៀតមកជំនួសវិញ។ មួយវិញទៀត បើបានលាភគ្មានជីវិតច្រើនជាងមានជីវិត បណ្តាលាភផលនេះអាស្រ័យហេតុស្របនឹងអំពើប្រព្រឹត្ត ព្យាយាមរបស់ខ្លួនព្រមគ្នា និងវត្ថុធាតុស្ថិតនៅកៀកកិតជុំវិញខ្លួន ប្រសិនបើពោលពីទំហំលាភផលវិញគ្រាតែឫក្សផ្កាយជតាចង្អុលទៅលើ «មហទ្ធនោ» ទើបបានលាភផលដ៏ស្តុកស្តម្ភ។ ឆ្នាំនេះបើតាមទេសកាលគួរដល់ការរៀបចំមង្គលការលោកអ្នកកើតមានក្នុងពេលនេះគឺជាជោគជ័យប្រចាំគ្រួសារឥតមានអ្វីយកមកប្រដូចបានឡើយ។
៤. ប្រុសអាយុ ១៥,២៣,៣១,៣៩,៤៧ និង ៥៥ ឆ្នាំ
.ស្រីអាយុ ១៩,២៧,៣៥ ,៤៣ ,៥១ និង ៥៩ ឆ្នាំពេញ
ក្នុងឆ្នាំនេះលោកអ្នកពិតជាទទួលបានភាពសៅហ្មងចិត្តច្រើន ហើយជាធម្មតាច្រើនមានសេចក្តីអួអាប់ ស្រពាប់ស្រពោនចិត្ត ញឹកញយបន្តិច សម្បូរការថ្នាំងថ្នាក់ច្រើន បើមិនក្នុងវង្សសង្គមគ្រួសារ ឬញាតិសាខា រមែងចោមរោមស្អប់ ឬទ្រុស្ត ពុំនោះសោតខ្លួនឯងច្រើនតែងប់មុខវក់ក្នុងផ្លូវល្បែងភ្នាល់ផ្សេងៗ។ ការលើសខ្វះ ឬឆ្គាំឆ្គងទោះចេតនាក្តី អចេតនាក្តីក៏ចេះតែជួបប្រទះមិនសូវស្រាកស្រាន្ត ការបង្ករឿងទាំងខាងក្នុង ទាំងខាងក្រៅ ក៏ចេះតែផ្តួចផ្តុំឡើង ដរាបចិត្តគំនិតច្រើនស៊យស៊ុនណាស់ ពាក្យសម្តីនិយាយទៅកាន់អ្នកផង ច្រើនតែជ្រុលមាត់ភ្លាត់វាចា។ ជាពិសេសត្រូវមានការខាតបង់នូវទ្រព្យធន ទោះតិច ឬច្រើនពុំលែងឡើយ ឬមួយមានវិវាទនឹងសង្គមគ្រួសារសឹងតែដល់ការវាយប្រហារគ្នាផង។ បើពុំនោះមានឈ្លោះទាស់នឹងមនុស្សភេទដូចគ្នា រឿងនេះប្រសិនបើយកគ្រឿងស្រវឹងជាជំនួយ អ្នកច្បាស់ជាមានរឿងធំកើតមាន។ ហេតុនេះសូមប្រយ័ត្នគ្រប់កិច្ចកលឲ្យដិតដល់ ទើបលោកអ្នកបានចៀសផុតពីគ្រោះកម្មប្រចាំអាយុក្នុងឆ្នាំនេះ។
៥.ប្រុសអាយុ ១៦,២៤,៣២,៤០,៤៨ និង ៥៦ ឆ្នាំ
.ស្រីអាយុ ១៨,២៦,៣៤,៤២,៥០ និង ៥៨ ឆ្នាំពេញ
លោកអ្នកកើតក្នុងឆ្នាំនេះមុខជាទទួលបានការនឿយហត់ច្រើន សម្បូរសេចក្តីលំបាកចិត្ត លំបាកកាយ ធ្វើការសារពើទំនាស់ច្រើន ការធ្វើដំណើរចេញទៅជិតឆ្ងាយច្រើនអសារឥតការ។ ជាពិសេសគ្រោះកម្មប្រចាំទិសបស្ចិម បើលោកអ្នកនៅផ្ទះច្រើនពេក ក៏ស្អុះស្អាប់សន្ធឹកសន្ធាប់ណាស់ដែរ បើមិនមានការជាចាំបាច់ មិនគួរធ្វើដំណើរតាមជើងទឹកញឹកពេកទេ។ ឆ្នាំនេះលោកអ្នកគួរកត់សម្គាល់នូវលក្ខណៈជាការប្រចាំអាយុរបស់ខ្លួន។ ដំណើរការទៅកាន់ភូមិជិតឆ្ងាយទទួលបញ្ញើគេ ជួយឈឺឆ្អាលគេហួសកម្លាំងធ្វើការងារប្រើពេលវែងពេក កិច្ចការឆ្លងកាត់ទឹកដូចជាឆ្លងបឹងទន្លេជាដើម បង្ខំធ្វើការហួសពីសមត្ថភាពអាត្មាគឺសុទ្ធតែធ្លាក់ទៅក្នុងហាយនៈជាប្រាកដ។ ម្យ៉ាងទៀតគួរលោកអ្នកប្រុងជើងការរកមធ្យោបាយ លុបលាងនូវសេចក្តីអផ្សុក ខ្វល់ចិត្តឲ្យមែនទែន ហើយគួរប្រើសេចក្តីពិចារណាស្ទង់មើលហេតុផលជានិច្ចផង ទើបមានប្រសិទ្ធីជោគបានល្អ។
៦.ប្រុសអាយុ ១៧ ,២៥,៣៣,៤១,៤៩ និង ៥៧ ឆ្នាំ
.ស្រីអាយុ ១៧,២៥,៣៣,៤១,៤៩ និង ៥៧ ឆ្នាំពេញ
លោកអ្នកកើតក្នុងឆ្នាំនេះមានការបញ្ចេញញើស ចំណាយកម្លាំងច្រើន សូម្បីការងារដែលទាក់ទងនឹងប្រាក់មាសក៏មានការភ្លាត់ខ្លះ មិនលែងដែរ ហើយត្រូវគ្រោះចៃដន្យដូចជាប៉ះទង្គិចកោស មុត ដល់សរីរាង្គអវយវៈផងដែរ។ ទ្រព្យគេខ្ចីបុល ចងការជឿបណ្តាក់ នឹងមានខូចខាត ឬកើតទោសព្រោះទ្រព្យឯង មិនគួរធ្វើដំណើរទៅទីឆ្ងាយដាច់ស្រយាលនៅទិសខាងលិច ឬខាងកើត ដោយផ្ទាល់ខ្លួនម្នាក់ឯងទេ គ្រោះភ័យនៅខាងមុខនឹងមានដល់ខ្លួនមិនខានឡើយ។ មិនគួរកាប់រំលំឈើធំក្បែរភូមិផ្ទះមិនគួរចូលព្រៃធំស្ងាត់មិនគួរចូលព្រៃភ្នំធំ ព្រោះរាសីអ្នកឆ្នាំនេះត្រូវឈើធំរលំសង្កត់ ឬមិនដូច្នោះទេ បច្ចាមិត្តបំណងសាកល្បងកម្លាំង ឬក្រវែលប្រល័យយើង ដើម្បីសម្រេចការព្យាបាទរបស់គេ។
៧. ប្រុសអាយុ ១៨ ,២៦ ,៣៤ ,៤២ ,៥០ និង ៥៨ ឆ្នាំ
.ស្រីអាយុ ១៦ ,២៤ ,៣២ ,៤០ ,៤៨ និង ៥៦ ឆ្នាំពេញ
លោកអ្នកសូមជ្រាបថាឆ្នាំនេះជាភ័ព្វវាសនាល្អរបស់ខ្លួន វិលមកដល់ហើយ លាភជើង ២ ជើង ៤ មានជីវិត ឥតជីវិត ត្រូវបានមកក្លាយជាលទ្ធផលដល់លោកអ្នកពិតមែន។ គូគ្រងប្រចាំជីវិតមុខជាបានទទួលយកទ្រព្យព្រេងបុរាណការប្រកបរបរសព្វបែបយ៉ាងនោះមានសភាពជាអ្វីក៏ដោយ លោកអ្នកតែងបានព្យាយាម និងប្រព្រឹត្តសុទ្ធតែនាំមកនូវផលប្រយោជន៍ និងគុណបំណាច់យ៉ាងធំទូលាយ។ កិច្ចការផ្ទាល់ក្តី ប្រយោលក្តីក្នុងការរាជការ មុខតែទទួលបាននូវកិត្តិយស ឡើងតំណែង កាន់នាទីយ៉ាងខ្ពស់ ឧត្តមប្រយោជន៍របស់លោកអ្នកនៅត្រង់សេចក្តីសុខរុងរឿង សម្បូរសប្បាយសុខដុមរមនា មានការជួបជុំពង្សគ្រួសារដ៏រីករាយក្នុងឆ្នាំនេះហៅថា «មហាសុខ» ក្រៃលែង។
៨.ប្រុសអាយុ ១៩,២៧,៣៥,៤៣,៥១ និង ៥៩ ឆ្នាំ
.ស្រីអាយុ ១៥ ,២៣,៣១,៣៩,៤៧ និង ៥៤ ឆ្នាំពេញ
លោកអ្នកកើតក្នុងឆ្នាំនេះដែលមានអាយុបានតែប៉ុណ្ណោះ ច្រើនទទួលបានការឈ្លានពាន និងប្រមាថពីគូសត្រូវជារឿយៗ បើពុំនោះសោតមានការប្រេះឆា សាមគ្គីរវាងញាតិមិត្ត ឬអ្នករួមសង្គមកិច្ចកាលបើតាមហេតុពិតការចងសម្ព័ន្ធមេត្រីក្នុងឆ្នាំនេះនឹងមានការប៉ះទង្គិច ឬប្រែក្លាយជាប្រការដទៃវិញ ហើយកិច្ចការដែលទាក់ទងនឹងគ្រឿងរហ័ស គួរតែប្រយ័ត្នឲ្យមែនទែនកុំសាកល្បង កុំជន្ល ព្រោះរាសីធ្លាក់ចុះក្នុងគំនរភ័យ។ ដំណើរចូលព្រៃជ្រៅតោងប្រយ័ត្នម្រឹគសាហាវមកបៀត មិនតែប៉ុណ្ណោះតោងប្រើស្មារតីឲ្យខ្ជាប់ខ្ជួនផង មិនគួរបណ្តែតបណ្តោយ។ ពេលណាក៏ដូចពេលណា ទ្រព្យសម្បត្តិច្រើនជ្រុះបាត់ ឬបាក់បែក ខណៈសេចក្តីទុក្ខ ទោមនស្ស មានប្រចាំអាយុ ជាទ្វេភាគនាអាគ្នេយ៍ទិស។ តាមគោលការណ៍ហោរានិយមគឺពេលមានគ្រោះចរប្រចាំអាយុវិលមកជួបត្រូវតែរៀបចំពិធីរំដោះគ្រោះ ដោយនិមន្តព្រះសង្ឃសូត្រទិព្វមន្ត ទើបជាកិច្ចរួចចាកបាបគ្រោះគ្រប់យ៉ាង។
ដកស្រង់ពីសៀវភៅ «មហាសង្ក្រាន្ត» ឆ្នាំកុរដែលរៀបរៀងដោយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិនៃគ.ស ២០១៩៕