ភ្នំពេញៈ នា​ពេល​ថ្មីៗ​នេះ បង្ក​ការងឿង​ឆ្ងល់​យ៉ាងខ្លាំង​ទាំង​ទស្សនិក​ជន និង​លោក ជួង ជី ហៅ​នាយ កុយ ជា​ប្រធាន​ក្រុម​កំប្លែង​ដែល​មាន​ក្រុម​សិល្បករ​ចាស់ៗ​មាន​វ័យ​ហាសិប និង​ហុក​សិប​ប្លាយ​ភាគ​ច្រើន​នោះ ក្រោយ​ពី​ក្រុម​របស់​លោក​លែង​មាន​វត្តមាន​សម្តែង​ក្នុង​កម្មវិធី​កម្សាន្ត​មួយ នៅ​ឯ​ប៉ុស្តិ៍​ទូរទស្សន៍ CTN ដូច​កាល​ពី​មុន​ទៀត។

ប្រិយមិត្ត​ទស្សនិកជន​ច្បាស់​មិនទាន់​ភ្លេច​ឡើយ សម្រាប់​កម្មវិធី​កម្សាន្ត​នាពេល​ថ្ងៃត្រង់​ឈ្មោះ «មន្ត​ស្នេហ៍​សំនៀង» នៅ​ប៉ុស្តិ៍​ទូរទស្សន៍ CTN ដែល​នៅ​នាទី​ចុង​ក្រោយ​តែង​មាន វត្តមាន​ក្រុម​កំប្លែង​របស់​នាយ​កុយ តែ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រាប់​តែ​ក្រុម​កំប្លែង​នាយ​កុយ​គេ​លែង​ឃើញ​មាន​ការសម្តែង​បន្ត​ទៀត​គួរ​ឲ្យ​កើត​នូវ ក្តី​សង្ស័យ​មែន​ទែន។

ហេតុដូច្នេះ​ហើយ​ទើប​មានការ​លើកឡើង​ពី​សំណាក់​នាយ កុយ ជា​ប្រធាន​ក្រុម​បង្ហាញ​ពី​ការ​យល់​ឃើញ​ទំនង​ជា​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​ខ្លាំង​តែម្តង​ចំពោះ​ការ​លុប​ចោល​លែង​ទទួល​ក្រុម​របស់​លោក​ទៅ​សម្តែង​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​ឈ្មោះ «មន្ត​ស្នេហ៍​សំនៀង» នោះ​ទៀត។

លោក ជួង ជី ហៅ​នាយ កុយ ក៏បាន​បង្ហើប​ប្រាប់​ហេតុផល ដែល​ក្រុម​ត្រូវ​បាត់​មុខ​ពី​ការ​សម្តែង​ក្នុង​កម្មវិធី «មន្ត​ស្នេហ៍​សំនៀង» នៅ​ឯ​ប៉ុស្តិ៍​ទូរទស្សន៍ CTN នោះ​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដឹង​ដែរ​ថា៖ «សូម្បី​តែ​ខ្ញុំ​ផ្ទាល់ ក៏មាន​ការ​ងឿង​ឆ្ងល់​ដែរ ខណៈ​នា​មួយ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្រាប់​តែ​ក្រុម​កំប្លែង​របស់​ខ្ញុំ ដែល​ធ្លាប់​មាន​វត្តមាន​សម្តែង​តាំង​ពី​យូរយារ​មក​ហើយ​នោះ ត្រូវ​ខាង​អ្នក​រៀបចំ​កម្មវិធី ផ្តល់​ដំណឹង​ថា ដោយសារ​ខាង​ស្ពនស័រ​ចង់​បាន​ក្រុម​កំប្លែង​មាន​អ្នក​សម្តែង​ក្មេងៗ ទើប​បាន​ជា​ក្រុម​របស់​ខ្ញុំ​ត្រូវ​ជំនួស​ដោយ​ក្រុម​កំប្លែង​មាន​ក្មេងៗ​សម្តែង​របស់​នាយ​ពែកមី វិញ​ម្តង»។

បើតាម​ស្តាប់​ការរៀបរាប់​របស់​នាយ កុយ ជា​ប្រធាន​ក្រុម​កំប្លែង​ជើងចាស់ ដែលមាន​សមាជិក​ជាង ១០ រូប ភាគ​ច្រើន​មាន​វ័យ​សុទ្ធ​តែ​ជាង​ហាសិប​ឆ្នាំ ឬ​ហុកសិប​ឆ្នាំ​ប្លាយ​នោះ មិន​បាន​យក​បញ្ហា​លុយ​កាក់​បាន​ពី​សម្តែង​នោះ​ជា​ធំ​ឡើយ​សម្រាប់​ភាព​អាក់​អន់​ស្រពន់​ចិត្ត ដែល​ក្រុម​លោក​ត្រូវ​បាត់​មុខ​ពី​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ។

នាយ កុយ បាន​បញ្ជាក់​ថា៖ «តាមពិតទៅ ក្រុម​របស់ខ្ញុំ ដែលមាន​សមាជិក​ជាង ១០ នាក់​គឺមាន​រូប​ខ្ញុំ នាយ សាន ម៉ៅ តាចេក នាយ​ក្រិន នាយ​កយ នាយ ហុងដា នាង ឃ្មិប នាង​គ្រត នាង​ប្រិមប្រិយ ជាដើម គឺ​មិន​បាន​គិត​ថា ស្តាយ​រឿង​ប្រាក់ បាន​ពី​ការ​សម្តែង​ម្តងៗ​មាន​ប្រហែល​ជាង ៣០០ ដុល្លារ​នោះ​ឡើយ។ ប្រការ​សំខាន់ ពួក​យើង​សោក​ស្តាយ និង​បារម្ភ​ចំពោះ​ការ​បាត់​បង់​វត្តមាន​ពួក​យើង​ពី​ក្រសែ​ភ្នែក​នៃ​ទស្សនិកជន​ខ្មែរ​ទូទាំង​ប្រទេស ដែល​ខំ​រក្សា​សិល្បៈ​កំប្លែង​ដែល​មាន​បញ្ជូល​នូវ​ទម្រង់​សិល្បៈ​បុរាណ​នានា​យូរយារ​មក​ហើយ​នោះ។ ម្យ៉ាង​ទៀត ពួក​យើង សុខចិត្ត​ឈប់​ពី​ប៉ុស្តិ៍​លេខ ៣ មក​សម្តែង​នៅ CTN តែ​ពេល​នេះ​ត្រូវ​គេ​ឈប់​យក»៕