ក្រុងប៉ារីស: ក្រុមហ៊ុនអវយវៈសិប្បនិម្មិតបារាំងបានបំបែកប្រពៃណីដើម្បីអភិវឌ្ឍជើងសិប្បនិម្មិតទំនើបជាមួយនឹងគំរូ និងពណ៌ដែលអ្នកពាក់ហ៊ានបង្អួតជើងថ្មីរបស់ខ្លួន។
ក្រុមហ៊ុន Algo Orthopedie និង U-Exist បានបោះជំហានទៅមុខក្នុងការកែច្នៃជើងថ្មីជំនួសអវយវៈស៊េរីចាស់ដែលផលិតឡើងពីជ័រប្លាស្ទិក និងប្រើពណ៌សម្បុរស្បែកមនុស្ស។
លោក Alain Le Guen ជាគ្រូពេទ្យវះកាត់កែទ្រង់ទ្រាយ និងជានាយកគ្រប់គ្រង Algo Orthopedie ដែលបង្កើតក្នុងឆ្នាំ ២០០៤ តំបន់ Brittany ភាគពាយព្យប្រទេសបារាំងនិយាយថា៖ «ជើងសិប្បនិម្មិតពាក់ជាមួយស្រោមជើងពិតជាអត់ស្អាតអីបន្ដិច។ វាគួរតែមានការបន្ថែមក្បាច់ក្បូរសិល្បៈតិចតួចដែលអ្នកពាក់មិនអៀនខ្មាសក្នុងការបង្ហាញភាពខ្វះចន្លោះ»។
លោក Alain Le Guen ជឿថាអវយវៈសិប្បនិម្មិតពណ៌ស្រស់ឆើតជួយអ្នកប្រើទទួលយកនូវពិការភាពរបស់ខ្លួន។ ក្រុមហ៊ុនលោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយផលិតផលបានបង្កើនអ្នកឌីហ្សាញពីបួនដប់នាក់ក្នុងឆ្នាំ ២០១៦ ដល់ ៥០ នាក់។
អវយវៈសិប្បនិម្មិតនីមួយៗមានតម្លៃចន្លោះពី ២៨-២៩០០០ ដុល្លារ និងត្រូវបានទទួលស្គាល់ពីប្រព័ន្ធសុខាភិបាលសាធារណៈបារាំង។ អតីតកម្មករជាងដែក ប្រ៊ូណូ ផូល អាយុ ៥៥ ឆ្នាំដែលបានបាត់បង់ជើងម្ខាងក្នុងឆ្នាំ ២០១៦ បាននិយាយថា៖ «ខ្ញុំអាចទទួលស្គាល់នូវពិការភាពរបស់ខ្ញុំដោយសារពណ៌ដ៏ស្រស់ឆើតនេះ»។
អ្នកស្រី អេវលីន ប្រៃអេនដ៍ អាយុ ៥៦ ឆ្នាំដែលបានបាត់បង់ជើងក្នុងឆ្នាំ ២០០៧ និយាយថា៖ «ក្រសែភ្នែកដែលអ្នកផងមើលមកយើងបានផ្លាស់ប្ដូរ ពេលយើងមានជើងពណ៌ស្រស់បំព្រងថ្មី»។
យោងតាមស៊ីម៉ុន ខូលីន ស្ថាបនិក និងជានាយកក្រុមហ៊ុន U-Exist បានឲ្យដឹងថាមនុស្សប្រមាណ ២៥ ម៉ឺននាក់ប្រើជើងសិប្បនិម្មិតនៅបារាំង ហើយជើង ១៦ ម៉ឺននាក់បានផលិតឡើងរៀងរាល់ឆ្នាំ៕ HR