ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ​ វិទ្យាស្ថាន​​​ពុទ្ធ​សាសន​​​បណ្ឌិត្យ​​ទទួល​បាន​​​សំណៅ​​​​ផ្ដាម​​សិលាចារឹក​​ ដែល​បញ្ជាក់​​​ពី​​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​ពាក្យ​ថា ​«សុវណ្ណភូមិ​» និង​ជា​​​ពាក្យ​​ពេចន៍​​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ ​ដឹង​​ឮ​​ត​គ្នា​​ និង​​រមែង​​​ប្រើប្រាស់​ជា​​ភាសា​​​ទាំង​​​និយាយ​ និង​សរសេរ​ ​តាំង​ពី​យូរ​​​​​មក តែ​មិន​បាន​ដឹង​​ច្បាស់លាស់​ពី​សម័យកាល​​​​ណា​មួយ​​​ជាក់​លាក់​នោះ​ទេ។​

កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ​ទី ៥ ខែ ​សីហា ឆ្នាំ ​២០២០ កន្លង​មក​ វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​បាន​ទទួល​សំណៅ​ផ្ដាម​សិលាចារឹក​វត្ត​គិរី​ស្ដេច​គង់ ឬ​គេ​ហៅ​ថា​សិលាចារឹក​សុវណ្ណភូមិ ដើម្បី​​ដាក់​តាំង​ក្នុង​សាលប្រជុំ​ពី​លោកគ្រូ ហ៊ុន ឈុនតេង ដែល​ជា​អ្នក​ផ្ដាមផ្ទាល់ និង​​មាន​ការ​អនុញ្ញាត​ពី​លោក ឆាយ វិសុទ្ធ ប្រធាន​​សារមន្ទីរ​ជាតិ សម្រាប់​ផ្សព្វផ្សាយ​​បន្ត​ទៅ​កាន់​សាធារណជន​ឲ្យ​កាន់​តែ​យល់​ដឹង​ពី​ឫសគល់ និង​សម័យកាល​កំណត់​ច្បាស់​​នៃ​ពាក្យ​ពេចន៍​ស័ព្ទ​​របស់​ខ្មែរ​ដ៏​យូរលង់​នេះ​​។

បើ​តាម​លោក​ ស សុខនី ជា​ប្រធាន​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ទិត្យ​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​​ខ្លួន ក៏​ដូច​ជា​សម្រាប់​​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ​ដែល​ក្រុម​​​អ្នក​ស្រាវជ្រាវ​ផ្នែក​សិលាចារឹក​ខ្មែរ​ បាន​​​រក​ឃើញ​នូវ​ផ្ទាំង​សិលាចារឹក​វត្ត​​​គិរី​ស្តេច​គង់ ហៅ​វត្ត​បឹង​នោះ​ថា៖ «ក្នុង​នាម​ខ្ញុំ ​ជា​ប្រធាន​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ​និង​ខេមរជន​មួយ​រូប​​ផង​​ដែរ​​ ​ខ្ញុំ​ពិត​ជា​​​សូម​​អបអរ​សាទរ​​ចំពោះ​ការ​រក​ឃើញ​​ភ័ស្ដុតាង​​ដ៏​មាន​តម្លៃ​​ពុំ​អាច​កាត់​ថ្លៃ​បាន​​​ និង​មាន​​តម្លៃ​ចំពោះ​​ខ្មែរ​គ្រប់​រូប​។ ​ប្រជាពលរដ្ឋ​យើង​ ជា​ពិសេស ​​យុវជន​ជំនាន់​​​ក្រោយ ​ត្រូវ​តែ​​​សិក្សា​​​​ស្វែង​យល់​បន្ថែម​លើក​​កម្ពស់​គំនិត​ជាតិ​និយម ស្រឡាញ់​វប្បធម៌​ប្រពៃណី​ ដែល​ដូនតា​​​​បន្សល់​​ទុក​ឲ្យ និង​​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នេះ​​​ ទៅ​កាន់​ពិភព​លោក​ផង​ដែរ​​ ក្រៅ​ពី​​​​បងប្អូន​ខ្មែរ​​។ ​​សិលាចារឹក​នេះ​ រឹត​តែ​​​បង្ហាញ​ថា កម្ពុជា​គឺ​ពិត​​ជា​ម្ចាស់​ដែន​ដី​សុវណ្ណភូមិ ​​យ៉ាង​ពិត​ប្រាកដ និងជា​មរតក​​​​ប្រពៃណី​វប្បធម៌​សាសនា ​ដែល​ដូន​តា បន្សល់​ទុក​ដល់​បច្ចុប្បន្ន។ ឯកសារ​​ផ្ដាម​សិលាចារឹក​នេះ ជា​អំណោយ​​​​​លោក ​ហ៊ុន ឈុន​តេង ជា​អ្នក​ស្រាវជ្រាវ និង​ជា​សាស្រ្តាចារ្យ​បង្រៀន​នៅ​​សាកល​​វិទ្យាល័យ​មាន​ជ័យ ​ព្រម​ទាំង​​​មាន​ការ​អនុញ្ញាត​ពី​លោក​ប្រធាន​សារមន្ទីរ​ផង​ដែរ»។

បណ្ឌិត វង់ សុធារ៉ា អ្នកជំនាញសិលាចារឹក និង​ប្រវត្តិសាស្រ្តខ្មែរ​។ រូបថត ហ្វេសប៊ុក​

លោក ស សុខនី បាន​​ឲ្យ​ដឹង​ទៀត​ថា​​៖ «​សេចក្ដី​លម្អិត​ស្ដីពី​សិលា​ចារឹក​​នេះ ​មាន​បោះ​ពុម្ព​ផ្សាយ ​​ក្នុង​​សៀវ​​ភៅ​ទស្សនា​វដ្ដី​កម្ពុជ​សុរិយា​លេខ ៤ ឆ្នាំ ​២០១៩ ​មាន​អត្ថបទ​​​សិក្សា​​ ដោយ​អ្នក​​ស្រាវជ្រាវ​ផ្នែក​សិលាចារឹក​ល្បីៗ​គឺ​ទី​​១​ ប្រវត្តិ​​​សិលាចារឹក ​និង​ស្ថាននាម​​ «​សុវណ៌្ណ​​ភូមិ​» ​ដោយ​លោក​បណ្ឌិត វង់ សុធារ៉ា ​​ទី​២ អំណាន​អត្ថបទ និង​លក្ខណៈ​​តួ​អក្សរ​​ចារឹក ​ដោយ​​លោក ហ៊ុន ឈុន​តេង ​និង​​ទី​៣ សេចក្តី​ប្រែ​ និង​​សេចក្តី​អត្ថាធិប្បាយ ​ដោយ​បណ្ឌិត​ ឆោម គន្ធា​។​​ សិលាចារឹក​​នេះ​ ត្រូវ​បាន​អ្នក​ភូមិ ប្រទះ​ឃើញ​នៅ​ក្នុង​ទីតាំង​វត្ត​​គិរី​ស្តេច​គង់ ហៅ​​វត្ត​បឹង ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំងខ្ទុំ ឃុំ​​ស្វាយ​ចចិប​ ស្រុក​​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ តាំង​ពី​ឆ្នាំ ១៩៩៨ មក​​។ ​

វិទ្យាស្ថាន​បារាំង​ចុងបូព៌ា​​ប្រទេស​​បាន​ចុះ​លេខ​សិលាចារឹក​នេះ​ជា ​K.1419 ​តាម​សំណើ​របស់​លោក ជា សុជាតិ អនុប្រធាន​ការិយាល័យ​អភិរក្ស​​នៃ​សារមន្ទីរជាតិ។​ ផ្ទាំង​ថ្ម​ចារឹក​នេះ គឺ​ជា​​ប្រភេទ​​​​ថ្ម​ស្រទាប់ មាន​រូប​រាង​ជា​សន្លឹក​សីមា​រៀវ​តូច នៅ​ផ្នែក​ខាង​ក្រោម មាន​កម្ពស់ ១​៣៥ ស.ម. ទទឹង​​​ខាង​​លើ ៥៤,៥០ ស.ម. ​ទទឹង​ខាង​​ក្រោម ៥១,៥០ ស.ម. និង​​កម្រាស់ ៧,៥០ ស.ម.។ បច្ចុប្បន្ន​បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​យ៉ាង​​សកម្ម​របស់​មន្ត្រី​វប្បធម៌ និង​គណ​​សង្ឃ​ខេត្ត ព្រះសង្ឃ អាចារ្យ​វត្ត និង​ពុទ្ធ​​បរិស័ទ​ បាន​យល់ព្រម​​ដង្ហែ​ មក​ក្រុង​​​ភ្នំពេញ​តម្កល់​ទុក​នៅ​សារមន្ទីរជាតិ កាល​ពី​ឆ្នាំ ​២០១៨ និង​បាន​បកប្រែ​នៅ​ឆ្នាំ ​២០១៩​ កន្លង​​​​មក​​។

អ្នក​ជំនាញ​ខាង​សិលាចារឹក​ខ្មែរ ​គឺ​បណ្ឌិត វង់ សុធារ៉ា ​បាន​អះអាង​ថា លោក​បាន​រក​ឃើញ​សិលាចារឹក​បុរាណ​របស់​ខ្មែរ​មួយ ​ដែល​ចារឹក​នៅ​ឆ្នាំ​ ៦៣៣​ នៃ​គ្រិស្តសករាជ។ ខណៈ​សិលាចារឹក​នេះ​សរសេរ​ថា ​«សុវណ្ណភូមិ ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ស្តេច​ខ្មែរ​​មួយ​អង្គ​ព្រះនាម ឦសាន​វរ្ម័ន​(ទី១)» ដែល​បាន​រក​ឃើញ​នៅ​វត្ត​គិរី​ស្តេច​​គង់ ហៅ​វត្ត​បឹង នេះ៕