ក្រុងឡូសអេនជឺលេស: ឆ្លាមសមហាធំ ១ ក្បាលដែលគេជឿថា គឺជាមច្ចុរាជទឹកដ៏ធំបំផុតមួយក្នុងកំណត់ត្រាត្រូវបានប្រទះឃើញនៅក្បែរឆ្នេរកោះហាវ៉ៃ ដោយអ្នកជ្រមុជទឹក ឆ្លៀតឱកាសនេះហែលទឹកលេងជាមួយឆ្លាមយក្ស។
ឆ្លាមញីប្រវែង ៦ ម៉ែត្រដែលត្រូវបានចាត់ទុកជា «Deep Blue» ជាឆ្លាមសធំបំផុតមួយក្នុងកំណត់ត្រាបានបង្ហាញវត្ដមានដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីសប្ដាហ៍មុន ដោយបានចូលរួមជាមួយហ្វូងឆ្លាមដទៃសប្បាយឆីខ្មោចបាឡែនក្បែរឆ្នេរ Oahu។
លោក អូសេន រ៉ាមស៊ី ជាអ្នកជ្រមុជទឹកម្នាក់បានរៀបរាប់ប្រាប់អំពីបទពិសោធហែលទឹកលេងជាមួយមហាមច្ចុរាជទឹកនៅលើ Honolulu Star Advertiser ថា៖ «យើងបានឃើញឆ្លាមខ្លាប៉ុន្មានក្បាល បន្ទាប់មកវាក៏បង្ហាញខ្លួន ហើយឆ្លាមដទៃក៏ហែលចែកជើងគ្នា។ ឆ្លាមសដ៏ធំក៏ផ្ដើមហែលមកឆ្វែលទូក។ វាពិតជាធំខ្លាំងណាស់។ យើងបានទៅលេងទឹកនាពេលថ្ងៃរះ ហើយវានៅកំដរយើងយ៉ាងយូរនាឱកាសនោះ»។
លោក រ៉ាមស៊ី បានបន្តថាឆ្លាមយក្សទំនងជាមានអាយុ ៥០ ឆ្នាំ និងទម្ងន់ប្រមាណ ២,៥ តោនបានបង្ហាញវត្ដមានយ៉ាងគួរឲ្យភ្ញាក់ផ្អើល និងប្រហែលជាមានផ្ទៃពោះផង។
វត្តមានឆ្លាមសយក្សពិតជាឱកាសដ៏កម្រនៅលើដែនកោះហាវ៉ៃជាទីដែលទឹកមានសភាពក្ដៅខ្លាំង៕ HR