ក្រុងញូវយ៉ក: ពេល​និយាយ​ពី​កម្ពស់​របស់​កុមារ ម្នាក់ៗ​សុទ្ធ​តែ​យល់​ថា វា​បណ្ដាល​មក​ពី​ហ្ស៊ែន​ឪពុកម្ដាយ។ អ្នក​ខ្លះ​គិត​ថា វា​ជា​ព្រហ្ម​លិខិត។ ប៉ុន្ដែ​វា​មិន​ពិត​ទេ។ យោង​តាម​ក្រុម​អ្នក​ជំនាញ មាន​មូល​ហេតុ​ច្រើន ដែល​ឪពុក​ម្ដាយ អាណា​ព្យាបាល រួម​ទាំង​ការ​ថែទាំ​កុមារ​ក៏​អាច​ជួយ​កុមា​រលូត​កម្ពស់​បាន​ខ្ពស់​ដែរ ដោយ​រាប់​បញ្ចូល​ទាំង​ជីវជាតិ​អាហារ​ល្អ និង​របប​ដំណេក​គ្រប់​គ្រាន់។

អ្នកឯកទេស​រោគ​កុមារ វេជ្ជបណ្ឌិត រ៉ូទីមី អាដេ​សាន​យ៉ា បាន​និយាយថា ក្រៅពី​ហ្ស៊ែន ពេល​កុមារ​ទទួល​ទាន​ដំណេក​គ្រប់គ្រាន់ ហើយ​ទទួល​ទាន​របប​អាហារ​ត្រឹម​ត្រូវ ពួកគេ​អាច​កើន​កម្ពស់។

យោងតាម WebMD បាន​បង្ហាញថា ទារក​អាយុ​ពី ១ ទៅ ៤ សប្ដាហ៍ គួរតែ​គេង​ចន្លោះ​ពី ១៥ ទៅ ១៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ទារក​អាយុ ១ ទៅ ៤ ខែ ត្រូវការ​ដំណេក ១៤ ទៅ ១៥ ម៉ោង និង ទារក​អាយុ​ពី ៤ ទៅ ១២ ខែ គួរ​គេង​ពី ១៤ ទៅ ១៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ តែ​ពួកគេ​រមែង​គេង​តែ ១២ ម៉ោង។

ការ​លូត​​កម្ពស់​របស់កុមារ​មិនអាស្រ័យ​លើ​ព្រហ្ម​លិខិត​នោះ​ទេ​។

WebMD បន្ដថា៖ «ទម្លាប់​បង្កើត​ដំណេក​ប្រកបដោយ​សុខុមាល​ភាពជា​គោលដៅ​បឋម អំឡុង​ពេល​វេលា​នេះ​ខណៈ​កូន​របស់​លោក​អ្នក​ពេល​នេះ មាន​ទំនាក់​ទំនង​សង្គម​ច្រើន ហើយ​ដំណេក​កុមារ​កាន់​តែ​ដូច​មនុស្ស​ធំ»។

កុមារ​ដែលមាន​អាយុ​ពី ១ ទៅ ៣ ឆ្នាំ ត្រូវបាន​ណែនាំ​ឲ្យ​គេង​ពី ១២ ទៅ ១៤ ម៉ោង​ក្នុង​មួយថ្ងៃ តែ​លទ្ធផល​ជាក់​ស្ដែង​បាន​រក​ឃើញ​ថា​ពួកគេ​តែង​តែ​គេង​ត្រឹម ១០ ម៉ោង។ កុមារ​អាយុ​ពី ៣ ទៅ ៦ ឆ្នាំ​គួរ​គេង​ឲ្យ​បាន ១២ ម៉ោង។អាយុ​ពី ៧ ទៅ ១២ ឆ្នាំ កុមារ​គួរ​គេង​ពី ១០ ទៅ ១១ ម៉ោង។ រីឯ​ក្មេង​ជំទង់ ១២ ទៅ១៨ ឆ្នាំ ពួកគេ​គួរ​គេង​ពី ៨ ទៅ ៩ ម៉ោង។

លោក​វេជ្ជបណ្ឌិត និយាយថា៖ «ក្រៅពី​កត្ដា​បរិស្ថាន អ័រម៉ូ​ន​កម្ពស់​បាន​កើន​ឡើង​ពេល​កុមារ​គេង។ ការ​កើន​ឡើង​កម្ពស់​នេះ​កើត​ឡើង​ពី​កត្ដា​ជាច្រើន។ ហ្ស៊ែន​ជា​ផ្នែក​ចម្បង​មួយ កត្ដា​បរិស្ថាន និង​កត្តា​អាហារ​សម្បូរ​ប្រូតេអ៊ីន​ជំនួយការ​លូត​កម្ពស់ ដូចជា ស៊ុត ឬមួយ​សាច់​គោ ជា​ដើម»។

ក្រៅពីហ្ស៊ែន ការ​លូត​កម្ពស់​​​​របស់​ក្មេង ទាមទារ​របប​អាហារ​ត្រឹមត្រូវ និង​ដំណេក​គ្រប់គ្រាន់។

អ្នកវិទ្យាសាស្ដ្រ​បាន​រកឃើញ​ក្រពេញ​ភ្ជាប់​ផ្នែក​ខាងក្រោម​នៃ​ខួរក្បាល ដែល​ផលិត​អ័រម៉ូន គ្រប់គ្រង​កម្ពស់ និង​ការ​អភិវឌ្ឍ​ផ្សេងៗ រួម​ទាំង​ការ​លូត​លាស់​នៃ​ឆ្អឹង ឆ្អឹង​ខ្នង ជើង និង​សារ​ពាង្គកាយ ដែល​មាន​លទ្ធផល​លើ​កម្ពស់។ ជំងឺ​រ៉ាំរ៉ៃ និង​ជីវជាតិ​អាហារ​មិន​គ្រប់​គ្រាន់​អាច​ជះ​ឥទ្ធិពល​លើ​កម្ពស់​កុមារ។

ដូច្នេះ ឪពុកម្ដាយ ដែល​សង្កេតឃើញ​កូន​អត់​សូវ​លូត​កម្ពស់ គួរតែ​ស្វែងរក​ដំបូន្មាន​ពី​អ្នក​ជំនាញ៕

HR