ក្រុងប៉ារីស : ក្អែក ៦ ក្បាល​ដែល​ត្រូវ​បាន​បង្វឹក​យ៉ាង​ពិសេស​ឲ្យ​រើស​កន្ទុយ​បារី និង​សំរាម​ នឹង​ចេញ​បំពេញ​ប្រតិបត្ដិការ​នៅ​សប្ដាហ៍​ក្រោយ ​​ក្នុង​​ឧទ្យាន​កម្សាន្ដ​ប្រវត្ដិសាស្ដ្រ​បារាំង​។ នេះ​បើ​យោង​តាម​អគ្គនាយក​ឧទ្យាន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​។

លោក នីកូឡាស ដេ វីលលីយើស៍ អគ្គនាយក​ឧទ្យាន​ Puy du Fou ស្ថិត​នៅ​តំបន់​ Vendee ភាគ​ខាង​លិច​បាន​ប្រាប់ AFP ថា​៖ «​គោលបំណង​ គឺ​មិន​ត្រឹម​តែ​ឲ្យ​ក្អែក​សម្អាត​បរិស្ថាន​ប៉ុណ្ណោះ​ទេ ពីព្រោះ​ភ្ញៀវ​តែងតែ​មាន​ចិត្ដ​រក្សា​បរិស្ថាន​ល្អ​ជា​ស្រេច​ទៅ​ហើយ ប៉ុន្ដែ​ថែម​ទាំង​ចង់​បង្ហាញ​ថា ធម្មជាតិ​ក៏​បាន​បង្រៀន​យើង​​ឲ្យ​ចេះ​ថែរក្សា​បរិស្ថាន​ស្អាត​ផង​ដែរ​»។

បក្សី​អម្បូរ Rooks ជា​សមាជិក​មួយ​ប្រភេទ​របស់​ក្អែក​ដែល​រួម​មាន ក្អែក​ការរីអុន ក្អែក​ជេកដ័រ និង​រ៉ាវេន​ ជាដើម​ត្រូវ​បាន​ចាត់​ទុក​ជា​អម្បូរ​ក្អែក​វៃឆ្លាត ហើយ​ពួក​វា​អាច​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ និង​បង្កើត​សម្ព័ន្ធ​ជាមួយ​គ្នា​តាមរយៈ​ការ​លេង​ថែម​ទៀត​។

លោក​បាន​បន្ថែម​ថា បក្សី​ទាំងនេះ​នឹង​ត្រូវ​បាន​លើក​ទឹកចិត្ដ​ឲ្យ​​សម្អាត​បរិស្ថាន​ក្នុង​​ឧទ្យាន​ជា​ថ្នូរ​នឹង​ចំណី​ឆ្ងាញ់ៗ​នូវ​រៀងរាល់​ពេល​ប្រមូល​កន្ទុយ​បារី និង​សំរាម​មួយ​ដុំ​៕ HR