ភ្នំពេញ៖ ថ្មីៗនេះ ស្រាប់តែតារាចម្រៀងស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម លេចវត្តមានក្នុងតំបន់សហគមន៍ស្រ្តីផលិតចង្រ្កានគំរូថ្មី នៅឯស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏មានការលើកឡើងថា ទំនងជាតារាចម្រៀងរូបនេះ ដាក់ទុនរកស៊ីលើរបរថ្មីក្រៅសិល្បៈម្តងទៀត ក្រោយពីជួបគ្រោះរកស៊ីចាញ់បោកគេ បង់អស់ប្រាក់រាប់សិបម៉ឺនដុល្លារ ទើបកន្លងផុតថ្មីៗនោះ។
ចេញពីគណនីហ្វេសប៊ុករបស់សមាគមមួយឈ្មោះ CESPA បានបង្ហោះសារ និងរូបភាពតារាចម្រៀង ខាត់ សុឃីម ភ្ជាប់ជាមួយនឹងរូបចង្រ្កានគំរូថ្មី បរិយាយថា៖ «ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ ជួបជាមួយនឹងតារាពហុជំនាញ #ខាត់ សុខឃីម នឹងមកជួបជាមួយអ្នកផលិត #ចង្រ្កានប្រសិទ្ធ សមាគម #CESPA នៅឃុំស្រែថ្មី និងឃុំជ្រៃបាក់ ដើម្បីលើកកម្ពស់ផលិតផលចង្ក្រានដីស្តង់ដានៅខេត្តកំពង់ឆ្នាំង ជាពិសេសលើកកម្ពស់ការងារស្រ្តី ដែលផលិតចង្ក្រានគំរូថ្មី។ សូមចូលរួមគាំទ្រទាំងអស់គ្នា!» ដែលនេះ គឺជាដើមចមនៃការភ្ញាក់ផ្អើលសាឡើងវិញនោះ។
តារាចម្រៀងស្រីដែលល្បីរន្ទឺទាំងផ្នែកប្រពៃណី និងសម័យ សម្បូរនូវទេពកោសល្យ អ្នកនាង ខាត់ សុឃីម បញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «អូ! តាមពិតទៅ នោះ គឺជាកិច្ចការងារមួយជួយផ្សព្វផ្សាយពីសហគមន៍ប៉ុណ្ណោះ មិនមែនជារបររកស៊ីអ្វីទេ! នាងខ្ញុំត្រូវបានខាងសមាគម CESPA ស្នើឱ្យចូលរួមសហការថតជាវីដេអូឃ្លីបមួយស្តីពីការជួយលើកទឹកចិត្តទៅដល់បងប្អូនខ្មែរក្នុងសហគមន៍ ជាពិសេសនោះសហគមន៍ស្រ្តីនៅក្នុងឃុំចំនួន ៣ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺជាសហគមន៍ ដែលមានបងប្អូនខ្មែរយើង មិនបានបោះបង់ចោលភូមិកំណើតខ្លួន ដោយការធ្វើចំណាកស្រុកទៅធ្វើការក្រៅស្រុក ឬក្រៅប្រទេសឡើយ គឺពួកគាត់សុខចិត្តខិតខំក្រាញននៀលធ្វើការនៅស្រុកកំណើតខ្លួនឯង ដូចជាថ្មីៗនេះ ពួកគាត់មានបច្ចេកទេសថ្មីផលិតចង្រ្កានគំរូថ្មីពីដីឥដ្ឋ ដែលមានប្រសិទ្ធភាពល្អជាងមុន ជួយកាត់បន្ថយផ្សែងជាងមុន ដែលជាការចូលរួមជួយកាត់បន្ថយការបំផ្លាញបរិស្ថានតាមរយៈផ្សែងនោះ»។
អ្នកនាង ខាត់ សុឃីម បន្តថា៖ «នេះ គឺជាការថតវីដេអូឃ្លីបរបស់នាងខ្ញុំនៅក្នុងសហគមន៍ស្រ្តីនៅតំបន់ខាងលើ ហើយឃ្លីបនោះអាចនឹងត្រូវបើកទូលាយសម្រាប់ការប្រើប្រាស់ជាប្រយោជន៍នៃការផ្សព្វផ្សាយផ្នែកលើកទឹកចិត្តទៅដល់ពលរដ្ឋសហគមន៍ ដែលមិនសម្រេចចិត្តធ្វើចំណាកស្រុក និងការចូលរួមជួយការពារបរិស្ថានជាមួយនឹងចង្រ្កានគំរូរបស់បងប្អូនសហគមន៍ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនោះ»។
គួររំឭកដែរថា នាមុននេះបន្តិចតារាចម្រៀងស្រីរៀមច្បងត្រកូលខាត់រូបនេះ ក៏បានបង្កើតការភ្ញាក់ផ្អើលដ៏រន្ធត់ចិត្តខ្លាំង ដោយអ្នកនាងបង្ហើបរឿងចាញ់បោកគេក្នុងមុខរបររកស៊ីត្រឹមពេល ១ ឆ្នាំសោះ ត្រូវគេបោកអស់ប្រាក់ដ៏ច្រើនសន្ធឹកដល់ចំនួន ៧៩ ម៉ឺនដុល្លារឯណោះ ខណៈដែលទុក្ខធំទី១ លោកឪពុកជាទីស្រឡាញ់ជាអ្នកមានគុណ ទើបតែចែកឋានមិនទាន់បានប៉ុន្មានខែមុននោះ៕