ភ្នំពេញៈ ខណៈព័ត៌មានរឿងពាក់ព័ន្ធនឹងតំបន់ទេសចរណ៍នៃទិសនិរតីខេត្តព្រះសីហនុហាក់ដូចជាស្ងាត់បន្តិចនោះ ក៏ស្រាប់តែថ្មីៗនេះឃើញកំពូលតារាចម្រៀងប្រុសផលិតកម្មថោន ខេម បង្ហាញពីចំណាប់អារម្មណ៍ខ្លួននឹងរឿងការបង្ហូរទឹកស្អុយចូលទៅសមុទ្រខ្មែរបណ្តាលឲ្យខូចបរិស្ថាននោះ។
ទំនងជាទ្រាំមើលនូវសភាពកាន់តែយ៉ាប់ទៅៗនៃការបង្ហូរទឹកកាកសំណល់ ឬទឹកស្អុយចូលទៅក្នុងទឹកសមុទ្រនៅក្នុងខេត្តព្រះសីហនុ ហើយហាក់ដូចជាគ្មានការចាត់វិធានការអ្វីនៅឡើយសម្រាប់ភាពអនាធិបតេយ្យនេះទើបបណ្តាលឲ្យតារាចម្រៀងប្រុសឈរជើងបានយូរនៅថោន លោក ខេម បង្ហើរសារតាមហ្វេសប៊ុកខ្លួនថា៖ «ព្រះអើយ!ហេតុអ្វីបានជាបង្ហូរទឹកដ៏ស្អុយនេះ ចូលមកក្នុងសមុទ្រអ៊ីចឹង? មិនមានវិធីអីផ្សេងល្អ ក្រៅពីនេះទេឬយ៉ាងម៉េច? សូមថ្នាក់ដឹកនាំខេត្តព្រះសីហនុជួយសម្រួលផង! ខ្ញុំស្តាយសមុទ្រប្រទេសខ្ញុំណាស់!»។
តារាចម្រៀងប្រុសសំឡេងស្អកតែពីរោះដ៏រណ្តំដួងចិត្តប្រិយមិត្តដែលកំពុងល្បីនៅលើទ្រនំថោន លោក ខេម ទើបវិលត្រឡប់ពីការសម្តែងនៅសហរដ្ឋអាមេរិកជាលើកដំបូង ខណៈដែលតារារូបនេះធ្លាប់បានខកចិត្តអស់រយៈពេល ៧ ឆ្នាំមកក៏មិនអាចសុំការបញ្ជាក់បន្ថែម ឬសំណូមពរយ៉ាងណារបស់ខ្លួនទៅនឹងរឿងការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រខ្មែរនៃតំបន់ខេត្តព្រះសីហនុនោះដោយសារប្រព័ន្ធទូរស័ព្ទលោកបានបិទ ក្រោយពីទំនាក់ទំនងលើកដំបូងត្រូវស្ត្រីម្នាក់ជាក្រុមការងារលោកលើកទទួល។
ស្ត្រីដែលជាក្រុមការងារលោក ខេម បានលើកហើយប្រាប់កាលពីរសៀលថ្ងៃម្សិលមិញថា៖ «សុំទោសផងបង!ខ្ញុំគឺជាក្រុមការងារគាត់ [ខេម] ពេលនេះគាត់កំពុងតែជាប់រវល់ប្រជុំ ហើយចាំគាត់ចប់ ខ្ញុំនឹងប្រាប់គាត់ឲ្យទូរស័ព្ទទៅខាងបងវិញ» តែក្រោយពីនោះមកប្រព័ន្ធទូរស័ព្ទលោកត្រូវបានបិទមិនអាចទំនាក់ទំនងបាន។
បន្ទាប់ពីបញ្ចេញសារជាសំណើ ឬសំណូមពររបស់លោក ខេម នោះក៏មានការគាំទ្រពីសំណាក់លោក ហេង ឡុង ដែលជាគូស្នេហ៍ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរដោយសារយ៉ាងខ្លីថា៖ «បងគាំទ្រ» ហើយក៏ចែករំលែកបន្តនូវសាររបស់លោក ខេម នៅតាមបណ្តាញសង្គមហ្វេសប៊ុកមួយរំពេច៕