ភ្នំពេញ៖ ទីបំផុត​ក្រុម​ខ្លែង​ឯក​ខ្មែរ ជា​ក្រុម​​​តំណាង​ប្រតិភូ​មន្ទីរ​​ខេត្ត​តាកែវ​មាន​ឈ្មោះ​ថា «​បក្សី​ភ្នំ​ដំរី​រមៀល​» បាន​​ទទួល​ចំណាត់​ថ្នាក់​លេខ ​១ ពី​កម្មវិធី​​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​លើក​ទី ​២៣ ដែល​បាន​​ធ្វើ​នៅ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃទី ​១១ ខែ ធ្នូ ឆ្នាំ ​២០១៩ កន្លង​មក​​ ដោយ​មាន​​តំណាង​ខេត្ត​-​ក្រុង​នានា​ចូលរួម​ចំនួន ២៣ ខេត្ត​-​ក្រុង និង​បេក្ខជន​ស្វៃរិន​ចូលរួម​ចំនួន ៤៧ រូប​។

ចំណាត់​ថ្នាក់​លេខ ​២ បាន​ទៅ​លើ​ក្រុម​​តំណាង​ប្រតិភូ​មន្ទីរ​ខេត្ត​កំពង់ឆ្នាំង ឈ្មោះ​ថា «​សំរិទ្ធ​សែន​មានជ័យ​» និង​ចំណាត់​ថ្នាក់​លេខ ​៣ ស្ទួន បាន​ទៅ​លើ​ក្រុម​តំណាង​ប្រតិភូ​មន្ទីរ​ខេត្ត​កោះកុង គឺ​ជា​ម្ចាស់​ផ្ទះ ដែល​រៀបចំ​កម្មវិធី​មហោស្រព​​បង្ហើរ​ខ្លែង​ខ្មែរ​លើក​ទី ​២៣ ឆ្នាំ ​២០១៩​ នេះ មាន​ឈ្មោះ​ថា «​ប្រុស​សង្ហា​បារមី​ឃុនឆាង​» និង​ក្រុម​តំណាង​​ប្រតិភូ​មន្ទីរ​ខេត្ត​មណ្ឌលគិរី មាន​ឈ្មោះ «​សម្រស់​ធនធាន​ធម្មជាតិ​មណ្ឌលគិរី​»​។

ចំណែក​ឯ​លទ្ធផល​នៃ​ក្រុម​ប្រកួត​​ខ្លែង​​ច្នៃ​ប្រឌិត សម្រាប់​បេក្ខជន​ស្វៃរិន​វិញ ចំណាត់​ថ្នាក់​លេខ ១ គឺ​បាន​ទៅ​លើ​​កញ្ញា សាន ស្រីរ័ត្ន មក​ពី​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ខណៈ​ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​លើ​លោក សាមុត វុទ្ធា មក​ពី​ខេត្ត​ប៉ៃលិន និង​​​​ចំណាត់​លេខ ៣ បាន​លើ​លោក ​រ័ត្ន វិឆ័យ មក​ពី​ស្រុក​កៀនស្វាយ នៅ​ក្នុង​ខេត្ត​​កណ្តាល​​។

ក្រុម​ខ្លែងឯកជយលាភី​លេខ១ «បក្សី​ភ្នំដំរី​រមៀល» មក​ពី​ខេត្តតាកែ​វ​​​។ រូបថត ហ្វេសប៊ុក​

លោក រឿង សារ៉េត ​អនុប្រធាន​នៃ​​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​យក​ក្រុម​ខ្លែង​​ជយលាភី​ទាំង ២ វិញ្ញាសា​គឺ​ទី ១ ខ្លែង​ឯក ឬ​ខ្លែង​ព្នង សម្រាប់​តំណាង​មន្ទីរ​​ខេត្ត​-​ក្រុង និង​ទី ២ ជា​ខ្លែង​ច្នៃ​ប្រឌិត​ សម្រាប់​បេក្ខជន​ស្វៃរិន នា​ពេល​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ជា​រៀងរាល់​ឆ្នាំ​ដែរ​​ថា​៖ «​ចំពោះ​លក្ខខណ្ឌ​ជ្រើសរើស​វិញ្ញាសា​ទី ១ (​ខ្លែងឯក ឬ​ខ្លែង​ព្នង ឬ​ខ្លែង​​មេ​កូន​) គឺ​យើង​ផ្អែក​ទៅ​លើ​កត្តា​សំខាន់ ៣ យ៉ាង គឺ​មាន​សំឡេង​ឯក​ពីរោះ​​រណ្តំ សោភណភាព​ល្អ (​វិចិត្រកម្ម) និង​ការ​បង្ហើរ​ឡើង និង​ដាក់ចុះ​បាន​ល្អ​។ ខណៈ​វិញ្ញាសា​ទី ២ (​ខ្លែង​ច្នៃ​ប្រឌិត​) ផ្អែក​ទៅ​លើ​ទម្រង់ និង​បច្ចេកទេស​ផលិត​ល្អ សោភណភាព​​ល្អ (​វិចិត្រកម្ម​) និង​បង្ហើរ​ឡើង និង​ដាក់​ចុះ​បាន​ល្អ​។ ចំណែក​ឯ​បេក្ខជន​-​បេក្ខនារី ធ្លាប់​ទទួល​បាន​ជយលាភី​រួច​កាល​​ឆ្នាំ​មុនៗ​ហើយ​នោះ គឺ​មិន​អាច​ដាក់​ពាក្យ​​ប្រកួត​ម្តង​ទៀត​បាន​ទេ​»​។​

ក្រុម​ខ្លែង​ឯក​ខ្មែរ​ជា​ម្ចាស់ផ្ទះ​ឆ្នាំ​នេះ​គឺ​​ខេត្តកោះកុង​។ រូបថត ហ្វេសប៊ុក​

ជា​ទូទៅ​កម្មវិធី​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​ ច្រើន​តែ​មាន​ការ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​​​រាជធានី​ភ្នំពេញ ចាប់​តាំង​ពី​ដើម​ត​រៀង​មក តែ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ដូរ​មក​​រៀបចំ​​តាម​បណ្តា​ខេត្ត​​នានា​វិញ នេះ​បើ​យោង​ទៅ​​តាម​សេចក្តី​ណែនាំ​ស្តីពី​ការ​រៀបចំ​របស់​ក្រសួង​​​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជូន​​ដំណឹង​ទៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​​ខេត្ត​​ក្រុង​នានា ក៏​ដូចជា​​និស្សិត និង​សាធារណជន ដើម្បី​បាន​ជ្រាប​​ពី​លក្ខខណ្ឌ​​។​

អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក រឿង សារ៉េត ក៏​បាន​បញ្ជាក់​ពី​ការ​​ផ្លាស់ប្តូរ​នេះ​ដែរ​​ថា​៖ «​ដោយសារ​​តែ​​នេះ គឺ​ជា​គោលការណ៍​របស់​ក្រសួង ដែល​​ចង់​ឲ្យ​មាន​ការ​រៀបចំ​មហោស្រព​បង្ហើរ​ខ្លែង នៅ​តាម​ខេត្ត​ក្រុង​នានា​ទាំង​ ២៥ ខេត្ត​-​ក្រុង ក្នុង​ប្រទេស​យើង​ ខណៈ​ខេត្ត​មាន​អាទិភាព​​រៀបចំ ​គឺ​​ខេត្ត​នៅ​តាម​តំបន់​ព្រំដែន​មុន​គេ​។ យ៉ាង​ណា​មិញ​ការ​រៀបចំ​លើក​ទី ២១ ឆ្នាំ ​២០១៧ ធ្វើ​​នៅ​ខេត្ត​កែប ហើយ​កាល​ពី​លើក​មុនៗ​នោះ​នៅ​​​ខេត្ត​ព្រះសីហនុ ផង​​ដែរ​។ ​ចំណែក​​លើក​ទី ២២ កន្លង​ទៅ​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​នៃ​វិទ្យាល័យ​ ស្វាយរៀង ក្នុង​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨»​។​

គួរ​បញ្ជាក់​ថា ការ​ប្រារព្ធ​កម្មវិធី​មហោស្រព​​​ខ្លែង​ខ្មែរ​នេះ តែង​ប្រារព្ធ​ធ្វើ​រាល់​ឆ្នាំ ដោយសារ​តែ​បាន​យក​លំនាំ​គិត​តាម​​ត្រឹម​នៃ​ការ​ប្រារព្ធ​ធ្វើ​នៅ​សម័យកាល​​ក្នុង​រាជ​ស្តេច​ព្រះ​អង្គឌួង ដែល​ព្រះអង្គ​បាន​កំណត់​តាម​ប្រតិទិន​ចន្ទគតិ​របស់​ខ្មែរ​តរៀង​មក ​គឺ​នៅ​ថ្ងៃទី ១៥ កើត នៃ​ខែ​មិគសិរ ជា​រៀងរាល់​ឆ្នាំ​។​

ក្រុម​​​​ជយ​លាភីពី​លេខ១ដល់​លេខ៣​នៃ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២៣ ឆ្នាំ​២០១៩ នៅ​ខេត្តកោះកុង​​​​។ រូបថត ហ្វេសប៊ុក​

លោក រឿង សារ៉េត ក៏​បាន​បន្ថែម​ទៀត​ដែរ​​ថា​៖ «​ចំពោះ​​ការ​ប្រារព្ធ​ធ្វើ​មហោស្រព​បង្ហើរ​ខ្លែង​ខ្មែរ​នេះ យើង​មិន​បាន​កំណត់​យក​កាល​បរិច្ឆេទ​តាម​ថ្ងៃ​​នៃ​ខែ​សុរិយា​គតិ ដែល​ច្រើន​ត្រូវ​ចំ​ថ្ងៃណា​មួយ​នៃ​ខែធ្នូ​នោះ​ឡើយ​។ យើង​បាន​កំណត់​យក​តាម​លំនាំ​នៃ​ខែ​ចន្ទគតិ​​របស់​ខ្មែរ​យើង​ គឺ​ធ្វើ​នៅ​ចំ​ថ្ងៃ ១៥ កើត ​នៃ​ខែ​មិគសិរ ដោយសារ​​យើង​បាន​​យក​​លំនាំ​តាម​រជ្ជកាល​នៃ​ព្រះ​បាទ​​អង្គ​ឌួង ដែល​ត្រូវ​បាន​កំណត់​ប្រារព្ធ​​ធ្វើ​នា​សម័យ​កាល​ឧដុង្គ​ នោះ​តែ​​​ម្តង​»៕