ភ្នំពេញៈ ឆ្មាំព្រៃ ខ្សែភាពយន្តស្តីពីជីវិតពិតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិរបស់ព្រះសង្ឃ ប៊ុន សាលួត បានចាក់បញ្ចាំងនៅវត្តលង្កានាថ្ងៃទី ២០ ខែឧសភាដែលអ្នកចូលរួមទស្សនាចំនួនជាង ៦០០ អង្គ-នាក់រួមមានសិស្ស និស្សិត ព្រះសង្ឃ តំណាងអង្គការជាតិ និងអន្តរជាតិ។
លោក អ៊ួច មករា អ្នកដឹកនាំខ្សែភាពយន្តឆ្មាំព្រៃបានរៀបរាប់ថា៖ «ខ្ញុំសង្ឃឹមថា ខ្សែភាពយន្តនេះនឹងជំរុញទឹកចិត្តពួកគាត់ និងផ្តល់ជាបទពិសោធមួយសម្រាប់គាត់ស្វែងយល់កាន់តែច្បាស់ពីតួនាទីរបស់ព្រះសង្ឃ និងតួនាទីរបស់ព្រះអង្គ ប៊ុន សាលួត ដែលលោកលះបង់ការពារព្រៃ ហើយយើងនឹងបន្តចាក់បញ្ចាំងខ្សែភាពយន្តនេះនៅតាមទីកន្លែងផ្សេងៗ ពិសេសនៅតាមសាលា»។
ស្ថិតក្នុងចំណោមទស្សនិកជនកញ្ញា សាញ់ កក្កដា ដែលសិក្សាផ្នែកប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានកោតសរសើរព្រះសង្ឃដែលបានតស៊ូការពារ និងអភិរក្សធនធានធម្មជាតិអស់រយៈ ១៩ ឆ្នាំ។
ក្នុងនាមជាកូនខ្មែរមួយរូប កញ្ញានឹងយកព្រះអង្គធ្វើជាគំរូក្នុងការរួមចំណែកការពារធនធានធម្មជាតិ។
ទន្ទឹមនឹងនេះព្រះសង្ឃ ១ អង្គ ព្រះនាម ព្រឿង សុខលាប បានឲ្យដឹងដែរថា៖ «សម្រាប់អាត្មាក្រោយពីទស្សនាវីដេអូនេះអាត្មាមានចិត្តចង់ចូលរួមការពារព្រៃឈើកន្លងមកអាត្មាក៏ធ្លាប់បានចូលរួមដែរ ប៉ុន្តែតិចតួចព្រោះជាប់រវល់សិក្សា ហើយរឿងនេះល្អគឺវាបានបង្ហាញពីឆន្ទៈរបស់ព្រះអង្គ ប៊ុន សាលួត ដែលព្រះអង្គខំការពារព្រៃឈើខេត្តឧត្តរមានជ័យហ្នឹង។
ព្រៃសង្ឃរុក្ខវ័នមានទំហំជាង ៣២០០០ ហិកតាត្រូវបានចាត់ទុកជាព្រៃដែលមានការអភិរក្សល្អជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងនោះព្រះតេជគុណ ប៊ុន សាលួត ត្រូវបានអតីតយោធាម្នាក់ណែនាំពីព្រៃសង្ឃរុក្ខវ័ន ដែលជាតំបន់ធម្មជាតិសម្បូរដោយសត្វព្រៃ ព្រៃឈើ ជីវចម្រុះ និងធនធានធម្មជាតិដ៏សម្បូរបែបដែលជាអតីតតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហមនៅស្រុកអន្លង់វែង។ ព្រះតេជគុណបានអភិរក្សព្រៃឈើតំបន់នេះពីការកាប់បំផ្លាញ ហើយធ្វើការដោះគ្រាប់មីនឈូសឆាយ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ព្រៃសង្ឃរុក្ខវ័ន។
ព្រះតេជគុណ ប៊ុន សាលួត បានបង្ហាញពីការតាំងចិត្តថា៖ «អាត្មានឹងធ្វើឲ្យព្រៃឈើនៅឲ្យបានមួយរយ មួយពាន់ឆ្នាំ ហើយអាត្មានឹងពង្រីកសកម្មភាពអាត្មាទៅកន្លែងផ្សេងទៀតព្រោះនៅឧត្តរមានជ័យមាន ១៣ សហគមន៍ អ៊ីចឹងអាត្មានឹងចុះជួយពួកគាត់ទៀត ទោះបីឈើនៅកន្លែងនោះបានកាប់បំផ្លាញហើយក៏ដោយ»៕