ក្រុងវ៉ាស៊ីនតោន: ស្ទើរតែពាក់កណ្ដាលនៃតន្ដ្រីហ៊ីបហបដែលល្បីល្បាញបំផុតអំឡុងពេល ៥ ឆ្នាំចុងក្រោយនេះ សុទ្ធតែបង្ហាញរូបភាពជក់បារី។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងកាលពីថ្ងៃចន្ទ។
របាយការណ៍ចុះផ្សាយក្នុងព្រឹត្ដិបត្រវេជ្ជសាស្ដ្រអាមេរិក ឲ្យដឹងថា៖ «វីដេអូតន្ដ្រីបានផ្ដល់ឱកាសសម្ញែងដ៏សម្បើម និងផ្សព្វផ្សាយពាណិជ្ជកម្មម៉ាកយីហោ ងាយធ្វើឲ្យស្រើបស្រាល រួមទាំងបារីអគ្គិសនី និងកញ្ឆាថែមទៀត»។
របាយការណ៍ បានព្រមានថា ការបន្ថែមផលិតផលថ្នាំជក់ទាំងនេះកំពុងតែកើនឡើងក្នុងវីដេអូតន្ដ្រីបែបហ៊ីបហប។
ចំណោមចម្រៀង ១២៥០ បទ ដែលល្បីតន្ដ្រីហ៊ីបហប និង R&B នៅលើតារាង Billboard «Top 50» ចន្លោះពី ៤០ ទៅ ៥០ ភាគរយមានសកម្មភាពបង្ហាញពីកាយវិការជក់បារី ដោយអាស្រ័យទៅតាមឆ្នាំផលិតនីមួយៗ។
វីដេអូតន្ដ្រីនីមួយៗត្រូវបានចូលទស្សនាប្រមាណ ៤៩ ពាន់លានដងឯណោះ។ បទល្បីបំផុតមួយក្នុងឆ្នាំ ២០១៧ គឺ «I''m The One» របស់ឌីជេ ខាឡេដ ជាមួយ ចាស្ទីន ប៊ីប៊ឺ តារារ៉េប ក្វាវ៉ូ តារារ៉េប Chance The Rapper និង លីល វ៉េណេ ត្រូវបានចូលមើល ១,២ ពាន់លានដងលើយូធូប និងបានបង្ហាញពីនារីរាំស្រូបផ្សែងបារីអគ្គិសនី។ ឈុតក្រោយមក មានការពង្រីកកញ្ចប់យីហោបារីអគ្គិសនីថែមទៀត។
តារារ៉េបតែងតែឆ្លៀតស៊កផលិតផលនានាក្នុងវីដេអូតន្ដ្រីរបស់ខ្លួន ដូចជា ស្បែកជើង សម្លៀកបំពាក់ ប្រព័ន្ធសោតទស្សន៍ ឬគ្រឿងស្រវឹងជាដើម។
តាំងពីឆ្នាំ ២០១០ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក តម្រូវឲ្យប្រកាសការបង់ប្រាក់ស៊កវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលជាមុនសិនទាំងនៅក្នុងវីដេអូចម្រៀង និងភាពយន្ដ តែបទប្បញ្ញត្ដិមិនតម្រូវចំពោះផលិតផលបារីអគ្គិសនីនោះទេ៕