ភ្នំពេញៈ ទើប​តែ​បាន​ក្លាយ​ជា​ម្ចាស់​ជយ​លាភី​នៃពាន​រង្វាន់​​កម្ម​វិធី ​ ​​Cambodian Idol រដូវ​កាល​ទី ៣ ​ កាល​មុន​​ចូល​​ឆ្នាំ​ថ្មីឆ្នាំ​២០១៨​ ភ្លាម​ ក្រោយពីពិធី​បុណ្យ​​​ចូល​ឆ្នាំ​ចប់​ តារា​ចម្រៀង​ប្រុស​សំឡេង​ធ្ងន់​​ គ្រី ថៃពៅ ក៏​ទទួល​​បាន​​ឱកាស​ឡើង​ឆាក​សម្តែង​​បញ្ចេញ​សូរ​សៀង និង​​សមត្ថ​ភាព​​ជា​ម្ចាស់​ពាន​ថ្មោង​ថ្មី​ដល់​ទៅ​២​ បន្តបន្ទុយ​​គ្នា​តែ​ម្តង​ពី​ផលិត​កម្ម​ហង្សមាស។​

គ្រី ថៃពៅ​ បេក្ខជន​មក​ពី​ខេត្ត​កំពង់​ចាម ដែលទើប​តែ​លើក​ពាន​រង្វាន់​ជា​ម្ចាស់​ជយ​លាភី​នៃ​​​​​កម្ម​វិធី​ប្រឡង​​ចម្រៀង​​​​លំដាប់​ពិភព​លោក​រដូវ​កាល​ទី​ ៣ Cambodian Idol​​ នេះ​ នឹង​បើក​ឆាក​បង្ហើ​រសំនៀង​​ដំ​បូ​ង​នៅលើ​ឆាក​តន្រ្តី​ស្ថិត​នៅ​ក្នុង​ខេត្ត​កំណើត​របស់​ខ្លួន​តែ​ម្តង​គឺ​ខេត្ត​កំពង់​ចាម​ នៅ​ល្ងាច​​ថ្ងៃ​ទី ​២១ ខែ​ មេសា ឆ្នាំ ២០១៨ និង​មួយ​ទៀត​​នឹង​​សម្តែង​លើ​ឆាក​តន្រ្តី​ហង្ស​មាស​ផ្ទាល់​នៅ​ថ្ងៃ​ល្ងាច​ទី​ ២២ ខែ​មេសា ឆ្នាំ​២០១៨​​។

នេះ​បើ​តាម​សារ​ប្រកាស​សុំ​ការ​គាំ​ទ្រ​​របស់​តារា​ចម្រៀង​ប្រុសជា​រលក​ថ្មី​ ឬ​កូន​ចៅ​ជំនាន់​ទី​៣ នៃ​រដូវ​កាល​ Cambodian Idol​​ របស់​ទូរ​​ទស្សន៍​ហង្ស​មាស​ បាន​សរសេរ​សារបង្ហោះ​​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​ផ្ទាល់​ខ្លួន​ថា៖ «ជម្រាប​​សួរ​​បាទ ជួបជាមួយ​ខ្ញុំ​បាទ​នៅ​ថ្ងៃ​ទី​21/04/18 នៅ​ខេត្ត​កំពង់​ចាម នៃ​កម្ម​វិធី​ភូមិ​អង្គរ​ ចាប់​ពី​ម៉ោង​ ៨ យប់​​តទៅ​ និង​នៅ​ថ្ងៃទី​ 22/04/18 នៅ​ស្ទូឌីយូ​ហង្សមាស​ ព្រែក​ឯង​ នៃ​កម្ម​វិធី​បាតាន់​ ចាប់​ពី​ម៉ោង​ ៦ ល្ងាច​តទៅ​។ កុំ​ភ្លេច​ចូល​រួម​ទាំង​អស់​គ្នា​ណាបាទ​ ស្រលាញ់​គ្រប់​គ្នា!»។​

គួរ​បញ្ជាក់​ថា លោក គ្រី ថៃពៅ វ័យ​ ២៥ ឆ្នាំ ជា​បេក្ខជនមួយ​រូប​មក​ពី​ខេត្ត​កំពង់​ចាម ទម្រាំ​បាន​ឈ្នះ​ពាន​​​រង្វាន់​នៃ​កម្ម​វិធី​ប្រឡង​​​ចម្រៀង​​​​លំដាប់​ពិភព​លោក​រដូវ​កាល​ទី​ ៣ ​Cambodian Idol​​ នេះ គឺ​​ត្រូវ​ឆ្លង​កាត់​ការ​​ប្រ​ជែង​ជាមួយ​បេក្ខ​ជន​មក​ពី​ខេត្ត​កណ្តាល​​គឺ​​បេក្ខ​ជន​ សៀក ញញឹម វ័យ​ ៣០ ឆ្នាំ និង​បេក្ខនារី​ពីរ​រូប​ទៀត​គឺ​កញ្ញា ចែម ស្រីល័ក្ខ វ័យ​ ២១ ឆ្នាំ បេក្ខ​នារី​មក​ពី​ខេត្ត​តាកែវ និង​កញ្ញា ឈៀង សិវណ្ណាវី វ័យ​ ១៧ ឆ្នាំ បេក្ខ​នារី​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​ នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ៕​