សិស្ស​រៀន​នៅ​វិទ្យា​ល័យ​ចំណេះទូទៅ និង​បច្ចេកទេស​ពួក នៅ​ស្រុក​ពួក ខេត្ត​សៀមរាប កំពុង​តែ​ផ្តោត​អារម្មណ៍​លើ​ការ​គូរ​រូប​ក្បាច់​របាំ​បុរាណ​ពី​លោក​គ្រូ​។ ហ្វេសប៊ុក​

ភ្នំពេញៈ ដោយសារ​រក្សា​ចិត្ត​នៅ​គិតថា ខ្លួនឯង​ហាក់ដូច​នៅ​ជា​សិស្ស​រៀន​កំពុង​តែ​ក្រេប​ជញ្ជក់​ចំណេះ​ដឹង​នៅ​វិទ្យាល័យ​ដែរ​នោះ ទើប​ជំរុញ​ឲ្យ​ទឹកចិត្ត​លោកគ្រូ​ ដែល​បង្រៀន​មុខវិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ម្នាក់​មាន​វ័យ ៣៦ ឆ្នាំ បាន​ប្រើ​ពេល​ប្រមាណ ៧ ឆ្នាំចុង​ក្រោយ នៅ​ក្នុង​ការ​ខិតខំ​រិះរក និង​លះបង់​នូវ​ពេល​ស្រាវជ្រាវ បង្កើត​គ្រឿង​សម្ភារ​ឧបទេស ដើម្បី​យក​បង្រៀន​សិស្ស​ឲ្យ​ឆាប់​ចេះ​ឆាប់​ចាំ​នូវ​ចំណុច​តាម​មេរៀន​យ៉ាង​ងាយ​ស្រួល​តាម​សម័យកាល​ទំនើប​នេះ។

ថ្លែង​ដោយ​សេចក្តី​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់​ថា គំនិត​ច្នៃប្រឌិត​លើ​សម្ភារ​ឧបទេស​បង្រៀន​តាមរយៈ​ការ​គូររូប​ជា​តួអង្គ​តាម​សាច់​រឿង​អក្សរ​សិល្បិ៍ ឬ​តួអង្គ​នៃ​ប្រភេទ​របាំ​បុរាណ ក៏​ដូចជា​រូប​ឧបករណ៍​ភ្លេង​នានា បាន​សាយ​ភាយ និង​ក្លាយជា​ចំណាប់​អារម្មណ៍ អ្នក​លេង​បណ្តាញ​សង្គម​ទាល់​តែ​សោះ​នោះ លោកគ្រូ យ៉ុង សារ៉ាវុធ ប្រាប់​ថា៖ «ខ្ញុំ​មិន​នឹក​ស្មាន​ថា ការ​បង្កើត​ជា​សម្ភារ​ឧបទេស​បង្រៀន​ដែល​បាន​ប្រើ​ជា​គំនូរ​តាម​ក្តារ​ខៀន​ក្តី និង​គួរ​លើ​ផ្ទាំង​ក្រដាស​ធំៗ​នោះ បាន​ក្លាយជា​ចំណាប់​អារម្មណ៍​បែប​នេះ​សោះ!»។

គ្រូ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ នៅ​វិទ្យាល័យ​ចំណេះទូទៅ និង​បច្ចេកទេស​ពួក ស្ថិត​នៅ​ក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប ដែល​បាន​ចេញ​បង្រៀន​តាំង​ពី​ឆ្នាំ ២០០៧ មក​នោះ​បន្ត​ថា៖ «ដំបូង​គិត​ថា ចង់​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ចាស់​ខ្លះ ដើម្បី​បង្រៀន​សិស្ស​តាម​មុខវិជ្ជា​នេះ ហើយ​ក៏​នឹក​គិត​ច្នៃ​ជា​គំនូរ​ជួយ​បន្ថែម​ជា​រូប​ដែល​មាន​ក្នុង​សៀវភៅ​មុខវិជ្ជា​បង្រៀន​តែ​ម្តង​ទៅ។ តាម​ពិត​ទៅ​ខ្ញុំ​បាន​ប្រើ​ឧបករណ៍​ជា​គ្រឿង​សម្ភារ​ឧបទេស​ច្រើន​ជាង​នេះ​ទៅ​ទៀត​តាម​លទ្ធភាព​របស់​ខ្លួន​អាច​ធ្វើ​បាន ក្រៅ​ពី​គំនូរ​ទាំង​នេះ។ ទាំង​នោះ​រួម​មាន​ដូចជា Speakers ប្រើ​សម្រាប់​ចាក់​សំឡេង​សម្តែង​រឿង​ល្ខោន​បុរាណ​តាម​សាច់​រឿង​ក្នុង​មុខវិជ្ជា​អក្សរសិល្ប៍​មាន​រឿង​តេជោយ៉តជាដើម។ ពេល​ម៉ោង​រៀន​កំណាព្យ ខ្ញុំ​ក៏​ដើរ​តួ​ជា​អ្នក​ស្មូត្រ​ឲ្យ​សិស្ស​ស្តាប់​ផ្ទាល់​ផង​ដែរ»។

លោកគ្រូ​បង្រៀន​ដែលមាន​ស្រុក​កំណើត​នៅ​ភូមិ​ស្វាយមាស ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល និង​អតីត​ជា​សិស្ស​ពូកែ​ខាង​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស ចំណាត់​ថ្នាក់​លេខ ៥ នៅ​ឆ្នាំ ២០០០ ហើយ​បញ្ចប់​ការ​សិក្សា​មុខ​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជំនាន់​ទី ២១ រូបនេះ ក៏​បង្ហើប​ប្រាប់​ពី​ព័ត៌មាន​ត្រឡប់​ពី​សិស្ស លោកគ្រូ​អ្នកគ្រូ​រួម​អាជីព និង​នាយក​វិទ្យាល័យ​ពី​ការច្នៃ​សម្ភារ​ឧបទេស​ជួយ​ពន្លឿន​ការ​បង្រៀន​ទាន់​តាម​សម័យ​កាល​ទំនើប​នេះ​ថា៖ «សប្បាយ​រីករាយ​ខ្លាំង​ពេល​មាន​ការ​គាំទ្រ​ពី​លោក​នាយក ក៏​ដូចជា​លោកគ្រូ​អ្នកគ្រូ​រួម​សាលា​លើក​ទឹកចិត្ត​លើ​ការ​កែច្នៃ​នេះ ជាពិសេស​ទៅ​ទៀត​នោះ​នៅ​ពេលឮ​ការ​សរសើរ ទោះបី​ដោយ​ផ្ទាល់​ក្តី និង​មិន​ផ្ទាល់​ក្តី​ពី សំណាក់​សិស្ស​តែ​ម្តង​ចំពោះ​ការ​ខិតខំ​របស់​ខ្ញុំ​មួយ​នេះ ដោយ​ពួកគេ​ថា រៀន​ឆាប់​ចេះ ឆាប់​ចាំ ហើយ​ក៏មាន​ទឹកចិត្ត​បន្ត​ការ​កែច្នៃ​បែប​នេះ​បន្ត​ទៀត​ដើម្បី​ជួយ​បង្រៀន​សិស្ស​ឲ្យ​បាន​ឆាប់​ចេះ​ឆាប់​យល់​ពី​មេរៀន។ ខ្ញុំ​ក៏​សំណូមពរ​ដល់​លោកគ្រូ​អ្នកគ្រូ ដែល​បង្រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​នេះ សាកល្បង​វិធី​បង្រៀន​នេះទៅ​​តាម​លទ្ធភាព​ដែល​ខ្លួនអាចធ្វើ​បាន​​ផង​ដែរ»៕