ភ្នំពេញៈ ទើបតែ​ភ្ញាក់ផ្អើល​រឿង​ទទួលបាន​លុយ​ធីប​ដល់​ទៅ​ជាង ២ ០០០ ដុល្លារ កាល​ពី​ទៅ​ច្រៀង​សម្ពោធ​កាស៊ីណូ នៅ​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ កន្លង​មក​ថ្មីៗ​សោះ តារា​ស្រី​ជ្រក​ឯ​ទ្រនំ​ថោន​កូន​កាត់​ចិន​កញ្ញា លី អ៊ីវ៉ាធីណា ក៏​បន្ថែម​ចម្ងល់​មួយ​ទៀត​គឺ​រឿង​បង្ហោះ​រូប​រថយន្ត​ទំនើប​ថ្មី​សន្លាង​ម៉ាក​ឡង់គ្រីស័រ​ផ្អើល​តាម​បណ្តាញ​សង្គម​សា​ជា​ថ្មី​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ។

ភ្ជាប់​ទៅដោយ​រូប​ស្លៀក​រ៉ូ​ប​ឈុត​ពណ៌​ក្រហម ឈរ​ពត់ពេន​កាយ នៅ​មុខ​រថយន្ត​ទំនើប​ម៉ាក

ឡង់​គ្រីស័រ​ពណ៌​ស ថ្មី​សន្លាង ដែល​មាន​តម្លៃ​ជាង ១០ ម៉ឺន​ដុល្លារ ចាំង​ពន្លឺ​អគ្គិសនី នា​ពេល​រាត្រី​នោះ កញ្ញា លី អ៊ីវ៉ាធីណា តារា​ចម្រៀង​ស្រី ដែល​ចេះ​ច្រៀង​ចម្រៀង​ទាំង​ខ្មែរ​ទាំង​ចិន ក៏​បង្ហើរ​សារ​សួរនាំ​មហាជន​ថា៖ «ឡាន និង​មនុស្ស​មួយ​ណា​ស្អាត​ជាង?»។

ក្រៅពី​ពាក្យពេចន៍​សរសើរ និង​អបអរសាទរ ឆ្លើយឆ្លង​នឹង​សារ​សួរនាំ​ខាងលើ​នោះ ក៏មាន​អ្នក​ខ្លះ​បាន​ចោទ​សួរ​ដេញ​ដោល​ពី​ប្រភព​ប្រាក់​ចំណូល​នៃ​ការ​ទិញ​រថយន្ត​ទំនើប​នោះ​តាម​ទម្លាប់​សង្ស័យ​ដូច​ជា​តារា​ស្រី​ដទៃ​ផង​ដែរ​ថា៖ «អីយ៉ា!​គ្រាន់​តែ​ចប់​បុណ្យ​ភ្ជុំបិណ្ឌ​ភ្លាម កញ្ញា លី អ៊ីវ៉ាធីណា ក៏មាន​ប្រាក់​ទៅ​ទិញ​រថយន្ត​ថ្មី​ភ្លែត​!តើ​ជា​ប្រាក់​ខ្លួន​ឯង ឬ​មួយ​នាង​មាន​អ្នក​ឧបត្ថម្ភ​ទេ​ដឹង​ហ្ន?»។

យ៉ាងណា​គ្រាន់តែ​គេ​បានដឹង​បែប​ស្រពេចស្រពិល​តាមរយៈ​សារ​ឆ្លើយឆ្លង​ជាមួយ​ប្រិយ​មិត្ត​គាំទ្រ​ក្នុង​បណ្តាញ​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ​ថា រថយន្ត​ទំនើប​នោះ​អាច​ទំនង​ជា​កម្ម​សិទ្ធិ​របស់​កញ្ញា លី អ៊ីវ៉ាធីណា មែន​ទែន ដោយ​ផ្អែក​ត្រង់​សារ​យ៉ាង​ខ្លី​នាង​តប​ថា៖ «ត្រូវ» ដែល​តប​ចម្លើយ​ប្រិយមិត្ត​ម្នាក់​ឆ្លើយ​ថា «ស្អាត​ទាំង​ព្រម J.J» ដែល​បញ្ជាក់​នឹង​សំណួរ​ដើម​ថា «ឡាន និង​មនុស្ស​មួយ​ណា​ស្អាត​ជាង​ទៅ?»។

ចំពោះ តម្លៃ​រថយន្ត​ទំនើប​ថ្លៃ​ប៉ុន្មាន និង​ប្រភព​ប្រាក់ចំណូល​នោះ ក៏​មិន​ទទួលបាន​ការ​បក​ស្រាយ​ពី​កញ្ញា អ៊ីវ៉ាធីណា ឡើយ ដោយ​សារ​តែ​ប្រព័ន្ធ​ទូរស័ព្ទ​នាង​មិន​អាច​ទំនាក់​ទំនង​បាន។

ក្រៅពី​អាជីព​តារាចម្រៀង​នៅ​ទ្រនំ​ផលិតកម្ម​ថោ​ន​នោះ តារាចម្រៀង​ស្រី​វ័យ ៣០ ឆ្នាំ ដែល​បាន​បដិសេធ​ថា មិន​ទាន់​រក​ម្ចាស់​ស្នេហ៍​បាន ក្រោយ​ពី​បែក​បាក់​ចំណង​ស្នេហា​ពី​បុរស​កូន​កាត់​ចិន​ដូចគ្នា ដែល​រំពឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​នោះ ក៏មាន​អាជីវកម្ម​រក​ស៊ី​ក្រៅ​សិល្បៈ​រីក​ដូច​ផ្សិត​ផង​ដែរ ដូចជា​បើក​សេវាកម្ម​តុប​តែង​ផ្កា​ស្រស់ៗ​មាន​ឈ្មោះ​ថា «B Floris» និង​បាន​បើក​ភោជនីយដ្ឋាន​ចិន​មួយ​ឈ្មោះ «លីឆឹង» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​ក្រោយ​ភោជនីយដ្ឋាន​ឈ្មោះ​ថា V-Friend ផង​ដែរ។

កាល​មុននេះ​ក៏​ផ្អើល​រឿង​បណ្តុំ​រូបថត​ជុំគ្នា​នឹង​ក្រុម​រាំ ដែលមាន​ដុំ​ប្រាក់​ដុល្លារ និង​លុយ​បាត​ថៃ​ជា​ច្រើន​សន្លឹក​នោះ​កញ្ញា លី អ៊ីវ៉ាធីណា សរសេរ​ថា៖ «ថ្ងៃ​នេះ​បាន​បញ្ចប់​ការងារ Grand Opening CASINO CAISEN GUOJI YUIE គឺ​អរគុណ​ម្ចាស់ Casino ដែល​បាន​ផ្តល់​កិត្តិយស​ដល់​រូប​នាង​ខ្ញុំ ហើយ​ថែម​ទាំង​បាន​ឲ្យ​លុយ​ធីប​ច្រើន​ទៀត ហើយ អរគុណ សម្រាប់​ការ​ទទួល យ៉ាង​កក់​ក្តៅ ញ៉ាំ​អី​ហើយ​ក៏​ទៅ​វិញ​ទាំង​យប់ ឃើញ​ញញឹម តិច​ថា សប្បាយ​ចិត្ត​ចុះ»៕