ខេត្តសៀមរាប៖ នៅទីបំផុតទីតាំងកន្លែងថ្មី សម្រាប់បង្កើតស្នាដៃចម្លាក់ដីរបស់ក្រុមបង្កើតវីដេអូប្លែកៗ ដែលមានឈ្មោះ Channel ថា Leurt Wilderness និង Building Technology រកបានកន្លែងថ្មី និងកំពុងតែបង្កើតបានក្បាច់ចម្លាក់ជីកដីជាបណ្តើរៗហើយ តែដោយសារមិនទាន់រួចរាល់អស់នោះ ទើបមិនទាន់អនុញ្ញាតឱ្យទេសចរចូលទស្សនា។
គួររំឭកផងដែរថា ក្រុមបង្កើតវីដេអូប្លែកៗ ដែលមានឈ្មោះ Channel ថា Leurt Wilderness នេះ មានគម្រោងភាគច្រើនជាប្រភេទវីដេអូបង្ហាញពីការសង់លំនៅឋានរបស់សត្វដោយក្រុមមនុស្សព្រៃ ឬមនុស្សបុរាណតាមរយៈ Channel ២ ផ្សេងគ្នា ខណៈលោក ពាញ សេដ្ឋា ធ្លាប់បញ្ជាក់ពេលមុនថា ក្រុមលោកមាន Channel ២ គឺ Channel ធំ មានឈ្មោះ ថា Building Technology ដែលមានស្នាដៃចំនួន ៧០ វីដេអូ និង ១ ទៀត Channel តូចមានឈ្មោះថា Leurt Wilderness ដែលមានបង្កើតស្នាដៃចំនួន ៣០ វីដេអូ។
លោក ពាញ សេដ្ឋា ដែលកាលពីមុនលោកមានមុខរបរជាគ្រូបង្រៀន ហើយក៏បានដូរមុខរបរមកជាអ្នកបង្កើតវីដេអូ (Video Creator) បង្ហោះតាម Channel បានបង្ហើបពីភាពល្បីល្បាញនៃគម្រោងចម្លាក់ជីកដីនៅសៀមរាបរបស់លោកជាមួយនឹងប្អូនថ្លៃប្រុសឈ្មោះលោក តាន់ ម៉ូលី ជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា បានបង្កើតជាងចំនួន ៣ ឆ្នាំមកហើយដែរ។
ខណៈស្នាដៃចម្លាក់ជីកដីនៅតំបន់ដីព្រៃសហគមន៍នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាការបង្កើតស្នាដៃចុងក្រោយនោះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋខ្មែរទាំងក្នុងតំបន់ និងនៅទីឆ្ងាយយ៉ាងខ្លាំង កាលពីរដូវកាលពីបុណ្យភ្ជុំបិណ្ឌកន្លងមក។
ដោយឡែកខណៈពេលថ្មីៗនេះ គេក៏ឃើញលេចចេញនូវសកម្មភាពចម្លាក់ដីជាបណ្តើរៗ នៅកន្លែងទីតាំងថ្មី ហើយក៏មានស្នាដៃច្រើនជាងមុនទៅទៀត។ នេះបើតាមការបង្ហើបប្រាប់ពីលោក ពាញ សេដ្ឋា ជាសហស្ថាបនិកនៃក្រុមបង្កើតវីដេអូប្លែកៗ Channel ឈ្មោះ Leurt Wilderness លោក ពាញ សេដ្ឋា បានបញ្ជាក់ប្រាប់ឱ្យដឹងទីតាំងថ្មី និងចំនួនស្នាដៃថ្មីថា៖ «សូមគោរព និងជម្រាបជូនដល់ទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាងកញ្ញា ពុកម៉ែបងប្អូន ឱ្យបានជ្រាបថា ទីតាំងចម្លាក់ផ្ទះក្រោមដីយើងខ្ញុំកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការសាងសង់ជាថ្មី យើងខ្ញុំមិនទាន់អនុញ្ញាត ឱ្យពុកម៉ែ បងប្អូន ចូលមកទស្សនាទេនៅពេលនេះ»។
«ក្រុមការងារយើងខ្ញុំ នឹងខិតខំប្រឹងប្រែងសាងសង់ឱ្យរួចជាស្ថាពរ នឹងជម្រាបជូនជាព័ត៌មានបើកនៅពេលក្រោយ ដោយយើងនឹងមានជាង ៣០ ផ្ទះ សម្រាប់ទុកឱ្យបងប្អូនចូលទស្សនាលេងកម្សាន្ត ហើយយើងក៏សូមអរគុណ ដល់បងប្អូនចំពោះការស្រឡាញ់ និងការគាំទ្រ!»៕