ភ្នំពេញ៖ ខណៈឃើញមិត្តអ្នកសិល្បៈកំពុងតែសស្រោកសស្រាំនឹងការនាំយកប្រាក់សប្បុរសធម៌តាមសទ្ធាជ្រះថ្លានោះ តារាចម្រៀងស្រីសំឡេងពីរោះមុតទើបតែឈ្នះពាន The Mask Singer នៅប៉ុស្តិ៍ហង្សមាសថ្មីថ្មោង កញ្ញា ចំរើន សុភ័ក្រ ក៏បានបរិច្ចាគប្រាក់ ១ ពាន់ដុល្លារក្នុងមូលនិធិ ដើម្បីទប់ស្កាត់នឹងជំងឺឆ្លងដោយសារមេរោគកូវីដ ១៩ នឹងគេផងដែរ។
គួរបញ្ជាក់ផងដែរថា មហាជនបានជ្រាបរួចមកហើយ កញ្ញា ចំរើន សុភ័ក្រ ធ្លាប់ជាបេក្ខភាពក្នុងការប្រឡងចម្រៀងលំដាប់ពិភពលោកម្តងគឺ កម្មវិធី The Voice Cambodia រដូវកាលទី ១ និងបានក្លាយជាតារាចម្រៀងដ៏ពេញនិយមមួយរូបប្រចាំ We Production ដែលជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាសថែមទៀតផង។ ក្រៅពីទឹកដមសំឡេងពីរោះរណ្ដំ កញ្ញាក៏អាចបកស្រាយចម្រៀងគ្រប់ទម្រង់ទាំងសិល្បៈប្រពៃណី និងសម័យ ហើយកាលពីរាត្រីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗ កញ្ញា ចំរើន សុភ័ក្រ បានក្លាយជាម្ចាស់ជយលាភីក្នុងកម្មវិធីប្រឡងចម្រៀងរបាំងមុខ ឬ The Mask Singer ដោយទទួលបានប្រាក់រង្វាន់ ១០០ លានរៀល។
តារាចម្រៀងស្រី បច្ចុប្បន្នកំពុងតែជ្រកនៅក្រោមទ្រនំផលិតកម្ម We Production ដែលជាបុត្រសម្ព័ន្ធផលិតកម្មហង្សមាស កញ្ញា ចំរើន សុភ័ក្រ ក៏បានបញ្ជាក់ប្រាប់ពីទឹកចិត្តទទូចចូលរួមបរិច្ចាគទៅមូលនិធិសប្បុរសធម៌ទប់ស្កាត់ជំងឺឆ្លងកូវីដ ១៩ នោះដែរថា៖ «តាមពិតទៅ ក្រោយពីបានឃើញបងប្អូនអ្នកសិល្បៈចូលរួមបរិច្ចាគប្រាក់នោះ នាងខ្ញុំក៏បាននឹកចង់ចូលរួមភ្លាមៗដែរ តែដោយសារខណៈពេលថ្មីៗនេះ ខ្ញុំក៏កំពុងតែត្រៀមខ្លួនទៅនឹងការប្រឡងនៃកម្មវិធី The Mask Singer នេះផងដែរ។ ហើយនាងខ្ញុំ ក៏បានគិតរួចស្រេចហើយដែរ ប្រសិនបើនាងខ្ញុំមានឱកាសឈ្នះពានពីកម្មវិធីនោះ ខ្ញុំនឹងបរិច្ចាគក្នុងកម្រិតមួយសមស្របតាមលទ្ធភាពរបស់ខ្លួន។ សំណាងល្អបានមកដល់ គឺខ្ញុំមានឱកាសនោះមែន ទោះបីជានាងខ្ញុំពុំទាន់ទទួលបានប្រាក់រង្វាន់នោះនៅឡើយមែនក្តី តែទឹកចិត្តចង់ចូលរួមបរិច្ចាគគឺពិតជាមិនអាចរង់ចាំបាន ទើបចូលតាមលទ្ធភាពខ្លួនតែម្តងគឺចំនួនប្រាក់ ១ ០០០ ដុល្លារ ព្រោះថា ចំនួននេះហាក់ដូចជាច្រើនដែរ សម្រាប់នាងខ្ញុំជាអ្នកសិល្បៈមួយរូប ដែលមិនសូវជាសម្បូរធនធានច្រើន»៕