ក្រុងប៉ារីស: បារាំង​នឹង​ហាម​ប្រើ​សារធាតុ​បន្ថែម (Food Additive) ក្នុង​អាហារ​ដ៏​ពេញ​និយម​នៅ​ចុង​ឆ្នាំ​នេះ ក្រោយ​ពី​​ការ​សិក្សា​ជាច្រើន​ចង្អុល​ប្រាប់​ពី​ហានិភ័យ​ចំពោះ​សុខភាព​សម្រាប់​អ្នក​ទទួល​ទាន។ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល​បាន​ប្រាប់​កាសែត​បារាំង Le Parisien កាល​ពី​ថ្ងៃ​សុក្រ។

លោកស្រី Brune Poirson ជា​រដ្ឋមន្ដ្រី​ជាន់​ទាប​ក្នុង​ក្រសួង​បរិស្ថាន បាន​ថ្លែងថា វិធានការ​នេះ​មាន​បំណង​ដក​ចេញ​សារធាតុ​គីមី​ទីតាញ៉ូម ចេញ​ពី​ស្ករ​គ្រាប់ អាហារ​ចម្អិន​ស្រេច និង​ផលិតផល​ម្ហូបម្ហា​ជា​ច្រើន​ទៀត។

លោកស្រី Poirson បាន​បន្តថា៖ «បារាំង​បានស្នើ​ដល់​គណៈកម្មការ​អឺរ៉ុប​ឲ្យ​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ផង​ដែរ»។

សារធាតុ​បន្ថែម​ក្នុង​អាហារ មាន​ដូចជា​គ្រឿង ដែល​ជួយ​រក្សា​រសជាតិ បង្កើន​ភាព​ឆ្ងាញ់ លើក​សម្រស់ និង​គុណភាព​ក្នុង​ការ​រក្សា​ទុក​ចំណី​អាហារ។

សារធាតុ​បន្ថែម​ក្នុង​អាហារ ក៏ត្រូវ​បាន​ប្រើ​ច្រើន​សម្រាប់​ឲ្យ​ស និង​មាន​ពន្លឺ​លើ​ផលិតផល​ស្ករ​គ្រាប់ ស្ករ​កៅស៊ូ ប្រភេទ​ទឹក​ជ្រលក់​ពណ៌​ស និង​ក្រែម​នំ​ពណ៌​ស ហើយ​វា​ត្រូវ​បាន​ស្គាល់​ថា​ជា​សារធាតុ​បន្ថែម​ពណ៌ E171 លើ​ចំណី​អាហារ។

វា​ក៏​ត្រូវបាន​ប្រើ​ក្នុង​ឡេ​ការពារ​កម្ដៅថ្ងៃ ដោយសារ​សមត្ថភាព​ម៉ូលេគុល​អាច​ចាំង​ឆ្លុះ​កាំរស្មី UV ។ ប៉ុន្ដែ​ក្រុម​អ្នក​រិះគន់ បាន​និយាយ​ថា វា​អាច​ឆ្លង​ចូល​របាំង​ការពារ ដូចជា ថ្លើម សួត ឬ​ពោះវៀន​ជាដើម។

បារាំង​ បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​កាលពី​ឆ្នាំមុន ក្រោយពី​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​រាយការណ៍​ថា សារធាតុ​ទីតាញ៉ូម​ឌីអុកស៊ីត អាច​បង្ក​ជា​ហានិភ័យ ជំងឺ​មហារីក ចំពោះ​សត្វ​កណ្ដុរ៕