ក្រុង​យ៉ាំងហ្គូន៖ ប៉ូលិស​ប្រដាប់​អាវុធ​​ ​១ ក្រុម​បាន​ដើរ​ល្បាត​នៅ​ទីឋាន​ពិសិដ្ឋ​បាហ្គាន​របស់​មីយ៉ាន់ម៉ា​នា​ពេល​រាត្រី បំណង​ទប់ស្កាត់​ចោរ​លួច​វត្ថុ​បុរាណ​ពី​ប្រាសាទ​ ដែល​ស្ថិត​ក្នុង​​សភាព​ស្ងាត់​ជ្រងំ ក្រោយ​ការ​ហាម​ឃាត់​ទេសចរ​ដោយសារ​វិបត្ដិ​កូរ៉ូណា​។

រៀង​រាល់​ល្ងាច​ពេល​ព្រះសុរិយា​អស្ដង្គត កង​កម្លាំង​ប្រមាណ ១០០ នាក់​ បាន​នាំ​គ្នា​ដើរ​ល្បាត​នៅ​ក្នុង​បរិវេណ​ឧទ្យាន​​ជាតិ​បាហ្គាន​ទំហំ ៥០ គីឡូម៉ែត្រ​ការ៉េ បញ្ចាំង​ពិល​មើល​ប្រាង្គ​ប្រាសាទ​ដើម្បី​ស្វែងរក​ក្រែង​លោ​មាន​ចោរកម្ម​។

វរសេនីយ៍ទោ សែន​ វិន បាន​ប្រាប់​ទីភ្នាក់ងារ ​AFP ថា​៖ «កង​សន្ដិសុខ​យើង​ធ្វើ​ការ​​ដើរ​ល្បាត​ទាំង​ថ្ងៃ​ទាំង​យប់​។ យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​នៅ​ប្រាសាទ​​បាន​ទាំង​ស្រុង​ តែ​ក៏​ជួប​ការ​លំបាក​ខ្លះ​ដែរ​»។

ទីក្រុង​នៅ​កណ្ដាល​ប្រទេស​មីយ៉ាន់ម៉ា ​មួយ​នេះ​មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ជាង ៣ ៥០០ រួម​មាន ចេតិយ ប្រាសាទ គំនូរ និង​ចម្លាក់​ និង​ត្រូវ​បាន​ដាក់​បញ្ចូល​បន្ថែម​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ UNESCO កាល​ពី​ឆ្នាំ​មុន​។

ប៉ុន្ដែ​វិបត្ដិ​កូវីដ ១៩ បាន​រារាំង​​គម្រោង​ប្រើប្រាស់​វត្ថុ​បុរាណ​​រក​ឃើញ​ថ្មី​របស់​បណ្ដុំ​ប្រាសាទ​បាហ្គាន​​នេះ​។

កង​កម្លាំង​ការពារ​បរិវេណប្រាសាទ​ពី​ការ​លួច​វត្ថុបុរាណ​។ រូបថត AFP

អវត្តមាន​​​របស់​ភ្ញៀវ​ទេសចរ​មាន​ន័យ​ថា ប្រាង្គ​ប្រាសាទ និង​សណ្ឋាគារ​ស្ថិត​នៅ​ឯកោ​ សង្កត់​​សង្កិន​លើ​ជីវភាព​ប្រជាជន​ និង​បើក​ទ្វារ​ឲ្យ​ក្រុម​ចោរ​ឆ្លៀត​ឱកាស​របស់​ខ្លួន​។

ក្នុង​អំពើ​ចោរកម្ម​លួច​ចូល​ទីឋាន​ពិសិដ្ឋ​ ​កាល​ពី​ដើម​ខែ​មិថុនា ក្រុម​ចោរ​បាន​លួច​វត្ថុ​បុរាណ​ចំនួន ១២ គ្រឿង ​រួមមាន​​គ្រឿង​សក្ការ​បូជា រួម​ទាំង ចេតិយស្ពាន់ កាក់​បុរាណ និង​គ្រឿង​ថ្លើម​ថ្ម​ផង​ដែរ​។

នាយ​ទាហាន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បន្ដ​ថា ក្រៅ​ពី​​ការពារ​វត្ថុ​បុរាណ​ពួក​គេ​​ត្រូវ​ប្រយ័ត្ន​​នឹង​ពស់​ពិស​ទៀត​។

វត្ថុ​បុរាណ​ខ្លះ​មាន​ប្រវត្ដិ​តាំង​ពី​សតវត្សរ៍ទី ១១ និងទី ១៣​ ជា​សម័យ​កាល ដែល​បាហ្គាន​នៅ​ជា​រាជធានី​អាណាចក្រ​ប្រចាំ​​តំបន់​។

ប្រាសាទ​មាន​វត្ថុបុរាណ​ពីសតវត្សរ៍ទី ១១ និង ១៣។ រូបថត AFP

លោក យិន ថាន អគ្គនាយក​រង​នៃ​នាយកដ្ឋាន​វត្ថុ​បុរាណវិទ្យា​នៃ​ប្រាសាទ​បាហ្គាន បាន​និយាយ​ថា​ នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ ដែល​តំបន់​បេតិកភណ្ឌ​រង​នូវ​ការ​បំពាន​ ខណៈ​លោក​បង្ហាញ​ពី​ចេតិយ​មួយ​ដែល​ត្រូវ​បាន​ចោរ​លួច​ចម្លាក់​ជញ្ចាំង​ដោយ​ចូល​តាម​ដំបូល​។

លោក​និយាយ​​ថា​៖ «​ពេល​មាន​ភ្ញៀវ​ទេសចរ​មក វា​ក៏​គ្មាន​ចោរ​មក​ដែរ​»៕ AFP/HR