ក្រុងសែនមនោរម្យៈ ដោយសារ​តែ​មិន​ចង់​ឲ្យ​មរតក​វប្បធម៌​ដើម​សាបរលាប បាត់បង់ និង​ចង់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ហើយ​ចូលរួម​រក្សា​ឲ្យ​មាន​បន្តទៀត​នោះ ក្រុម​សហគមន៍​ជនជាតិ​ភាគតិច​បាន​រៀបចំ​ពិធី​រំឭក​វប្បធម៌ ជនជាតិ​ដើម​ភាគតិច​ជា​លើក​ទី​ ២ នៅ​ឆ្នាំនេះ​ដោយ​មាន​ការចូលរួម​ពី​ក្រុម​គ្រួសារ​ជនជាតិ​នានា​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ចូលរួម​ប្រមាណ​ជាង ៥០០ ​នាក់​។

ការប្រារព្ធ​កម្មវិធី​នេះ​មាន​ចំនួន ២ ​ថ្ងៃ ២ ​យប់​គឺ​ធ្វើ​ថ្ងៃទី ១១ និង​ទី​ ១២ ខែ ​មេសា ឆ្នាំ​ ២០១៩ មាន​ទីតាំង​ធ្វើ​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​ដោះក្រមុំ​ដែល​ស្ថិត​នៅ​ចំ​ទីប្រជុំជន​នៃ​ក្រុង​សែនមនោរម្យ​របស់​ខេត្ត​មណ្ឌលគិរី ខណៈ​លើក​ទី​១ ​បាន​ប្រារព្ធ​ធ្វើ​នៅ​តំបន់​ទឹកធ្លាក់​ប៊ូស្រា​កាលពី​ឆ្នាំ​ ២០១៨​។

អ្នកស្រី ផ្លឹក ភារុំ ដែល​ជា​​ជនជាតិ​ព្នង និង​ជា​អ្នក​សម្របសម្រួល​របស់​ជនជាតិ​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នាឱកាស​ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ខ្លួន​កាលពី​ម្សិលមិញ​ថា​៖ «​នេះ​ជា​ការប្រារព្ធ​ធ្វើ​លើក​ទី​ ២ ​ហើយ ខណៈ​លើក​ទី​ ១ យើង​បាន​ធ្វើ​នៅ​ឆ្នាំ​ ២០១៨ នៅឯ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ប៊ូស្រា​ដែល​ធ្វើ​ ២ ​លើក​ចុងក្រោយ​នេះ​មាន​លក្ខណៈ​ធំដុំ​ជាង​រាល់ដង ខណៈ​ដែល​ចាស់ៗ​ជនជាតិ​យើង​គ្រាន់តែ​បាន​ជួបជុំ​ជជែក​គ្នា ពេល​មក​ញ៉ាំ​អាហារ​ជុំគ្នា​តែ​ប៉ុណ្ណោះ​នាពេល​កន្លង​មក​»​។

អ្នកស្រី ផ្លឹក ភារុំ បាន​បន្ត​ថា​៖ «​ដោយសារ​តែ​យល់ឃើញ​ថា ប្រសិន​បើ​មិន​មាន​ការរៀបចំ​បំផុស​ឲ្យ​ចាស់ៗ​ឲ្យ​បង្ហាញ​ពី​មរតក​វប្បធម៌​ខ្លួន​ដែល​មាន​តាំងពី​ដូនតា​មក​ទេ​នោះ​គឺថា​វប្បធម៌​នានា​របស់​បងប្អូន​ជនជាតិ​ភាគតិច​នោះ​នឹង​សាបរលាប បាត់បង់​បន្តិច​ម្តងៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជា​មិនខាន​ឡើយ ហើយ​កូនចៅ​ជំនាន់​ក្រោយ​ក៏​មិន​បាន​ស្គាល់​នូវ​អ្វី​ជា​កេរដំណែល​វប្បធម៌​របស់​ជនជាតិ​ភាគតិច​ខ្លួន​ជា​មិនខាន​ផង​ដែរ​។

ក្រមុំ​ជនជាតិ​ព្នង​ចូលរួម​ពិធី​រំឭក​វប្បធម៌​ម្សិលមិញ​។ រូបថត ហ្វេសប៊ុក

ដូច្នេះ​ហើយ​បាន​ជា​នៅក្នុង​ពេល ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​យើង​បាន​សុំ​ការសហការ និង​សម្របសម្រួល​ពី​ក្រុម​អាជ្ញាធរ ភូមិ-ឃុំ​នៃ​តំបន់​មូលដ្ឋាន​ក្នុង​ខេត្ត​មណ្ឌលគិរី​ដើម្បី​រៀបចំ​ពិធី​រំឭក​វប្បធម៌ ដែល​ជា​ការប្រមូលផ្តុំ​ទម្រង់​វប្បធម៌​ពី​មនុស្ស​ចាស់ៗ​មក​បង្ហាញ​ឲ្យ​កូនចៅ​ពួកគាត់​បាន​ឃើញ​តាមរយៈ​ការសម្តែង​នូវ​របាំចម្រៀង និង​ពិធី​តាម​ប្រពៃណី​ជនជាតិ​ភាគតិច​នានា​តែ​ម្តង​គឺ​យើង​ប្រាព្ធ​ធ្វើ​មាន​រយៈពេល ២ ថ្ងៃ ២ ​យប់​។

ថ្ងៃ​ទី​ ១ ចាប់ផ្តើម​ដោយ​ការដើរ​ហែក្បួន​ប្រមាណ​ជាង ១០ ​គីឡូម៉ែត្រ​នៅ​ទីប្រជុំជន​ក្រុង​សែនមនោរម្យ​ក្រោម​បរិយាកាស​រីករាយ​ពោរពេញ​ដោយ​កម្លាំង​ទឹកចិត្ត​ខ្លាំងក្លា​បំផុត​។ ចំពោះ​ការហែក្បួន​ដើរ​ជា​ជួរ​បង្ហាញ​ពី​អត្តសញ្ញាណ​ចម្រុះ​ពណ៌​របស់​ជនជាតិ​ដើម​ភាគតិច ព្នង និង​ស្រែង ដោយ​មាន​ការស្រែក​ជា​សារ​អបអរសាទរ​ថ្លែង​អំណរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​ដកហូត​ដី​ដែល​ត្រូវ​បាន​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​មក​ដាក់​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​វិញ ហើយ​ជនជាតិ​ដើម​ភាគតិច​ក៏​គាំទ្រ​ចំពោះ​ការគ្រោង​ចុះបញ្ជី​ដី​នៃ​ភ្នំ​ស្រុះ​ផ្លុំ (​ដោះ​ក្រមុំ​) ចូល​ទៅ​ជា​បេតិកភណ្ឌ​ជាតិ​នោះ​។

សារៈសំខាន់​មួយ​ទៀត​គឺ​សូម​បងប្អូន ពូមីង យាយតា បន្ត​គាំទ្រ​អភិរក្ស និង​លើក​កម្ពស់​វប្បធម៌ ជនជាតិ​ដើម​ភាគតិច​តាមរយៈ​ចូលរួម​វិភាគទាន​ជាមួយ​នឹង​ពួកយើង​ដើម្បី​កសាង​មជ្ឈមណ្ឌល​វប្បធម៌​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​យើង​នេះ​ផង​! សូម​បងប្អូន ពូមីង យាយតា ចូលរួម​កម្មវិធី​នេះ​ដែល​នឹង​មាន​ការបង្ហាញ​សិល្បៈ​វប្បធម៌ និង​ការតាំងពិព័រណ៍​ទៅ​តាម​ភូមិ​នានា​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា​ការហែក្បួន​ពិធី​រំឭក​វប្បធម៌​នេះ​មាន​ជនជាតិ​ព្នង និង​ជនជាតិ​ផ្សេងៗ ខណៈ​ឆ្នាំ​នេះ​ក៏​មាន​ជនជាតិ​គួយ​មកពី​កំពង់ធំ​ដែរ​៕