ក្រុងស៊ីដនី៖ បទ​បញ្ជា​ផ្ទៃ​ក្នុង​ចម្បង​របស់​ក្លិប​ឆ្លាម​ខាំ​ «Bite Club» គឺ​ អស់​លោក​ត្រូវ​ជជែក​ជាមួយ​លោក ដេវ ភៀរសុន ជា​មនុស្ស​ជីវិត​ថ្លៃ​ពី​កចង្កូម​ឆ្លាម​ដែល​បាន​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជា​មនុស្ស​រាប់​រយ​នាក់​ជុំវិញ​ពិភពលោក​ បំណង​ជួយ​យក​អាសា​គ្នា​ទៅវិញ​ទៅ​មក​ឱ្យ «គេច​ផុត​ពី​ចង្កូម​មច្ចុរាជ​»។

បុរស​អាយុ ៥៨ ​ឆ្នាំ ស្ទើរ​តែ​អស់​ជីវិត​កាលពី​មួយ​ទសវត្សរ៍​មុននៅពេល​សត្វ​ឆ្លាម​កំណាច​មួយ​ក្បាល​ខាំ​ហែក​ដៃ​របស់​លោក​ អំឡុង​ពេល​កំពុង​លេង​ក្ដា​រលក​ក្បែរ​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​អូស្ដ្រាលី​។

តាំង​ពី​​ពេល​មិត្ដភក្ដិ​ទាញ​រូប​លោក​ឡើង​គោក​ឱ្យ​រួច​ផុត​ពី​ចង្កូម​ឆ្លាម​តែ ៣​ ម៉ែត្រ​ ដែល​វា​ប៉ុន​ប៉ង​ខាំ​មុន​ពេល​ចុះ​ចាញ់ លោក​បាន​និង​កំពុង​បន្ដ​កិច្ច​ការ​ជួយ​អ្នកដទៃ​ឱ្យ​គេច​ផុត​ពី​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​នេះ​។

ជនជាតិ​អូស្ត្រាលី អ្នក​ជិះ​ក្ដារ​លើ​រលក​សមុទ្រ ត្រូវ​ឆ្លាម​​ដេញ​ខាំ ក្នុងការប្រកួត​កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៥។ AFP

បុរស​អូស្ដ្រាលីបាន​និយាយ​ប្រាប់ AFP ទាំង​ខ្លួន​ទទឹក​ជោគ​អំឡុង​ពេល​លេង​កីឡា​នៅ​ទីឋាន​ធ្លាប់​ទទួល​រង​គ្រោះ​ថា​៖ «​ជីវិត​ខ្ញុំ​គឺ​សេសសល់​ពី​ការ​វាយ​ប្រហារ​របស់​ឆ្លាម​។ តើ​ដឹង​ទេ​ថា បើ​មាន​ឆ្លាម​វាយ​ប្រហារ​នរណា​ម្នាក់​នៅ​ក្នុង​លោក​នេះ ខ្ញុំ​នឹង​ដឹង​ហេតុ​ការណ៍​នោះ​មិន​ខាន​»។

លោក ភៀរសុន គឺជា​ស្ថាបនិក Bite Clubជា​ក្រុម​អ្នក​រួច​ជីវិត​ពី​ចង្កូម​ឆ្លាម​ ដែល​បច្ចុប្បន្នបាន​បូក​បញ្ចូល​អ្នក​រង​គ្រោះពី​សត្វ​ឆ្កែ​ ក្រពើនិង​ថែមទាំង​ដំរីទឹក​វាយ​ប្រហារ​ផង​ដែរ​។

សមាជិក​របស់​ក្រុម​នេះ​ កើន​ឡើង​ជិត​ ៤០០​ នាក់ តែងតែ​ជួប​ជុំ​គ្នា​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំតែ​អ្នក​ខ្លះ​ជួប​ញឹក​សម្រាប់​ការ​លេង​ក្ដា​រលក​ ខណៈ​សមាជិក​ដទៃ​ទៀត​នៅតែ​រក្សា​ទំនាក់​ទំនង​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម​។

ជន​រងគ្រោះ​​ដោយសារ​ការ​វាយប្រហារ​ពីឆ្លាម លោក ប្រូស លូសក៍ នៅ​ឆ្នេរ​ចម្ងាយ​ជិត ២០០គីឡូម៉ែត្រ​ ពី​ទីក្រុង​ស៊ីដនី។ AFP

ក្លិប​ដើរ​តួនាទីជា​បណ្ដាញ​អ្នក​រួច​ជីវិត​ពី​សេចក្ដី​ស្លាប់​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ក្រុម​ នៅពេល​ពួកគេ​ត្រូវការ​បំផុត​ ហើយ​លោកភៀរសុនបាន​ឱ្យ​ដឹងថា លោក​ចំណាយ​ពេល​ស្ទើរ​តែ​ពេញ​មួយ​យប់​ជជែក​ជាមួយ​សមាជិក​យ៉ាងតិច​​ម្នាក់​តា​មទូរស័ព្ទ​។

ការ​វាយ​ប្រហារ​ដ៏​អាក្រក់​ ដែល​ទទួល​បាន​ពី​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ជន​រង​គ្រោះ អ្នក​រួច​ជីវិត សាច់​ញាតិ​ និង​ក្រុម​សង្គ្រោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​ករណី​ខ្លះ វា​ក៏​បង្ក​ជា​ជំងឺ​បាក់​ស្បាត​ថែម​ទៀត​។

ទាំង​នោះ​រួម​ទាំង​លោក រ៉េយ៍ សត ដែល​កាលពី​អាយុ ១៣ ឆ្នាំ​ ក្នុង​ឆ្នាំ​ ១៩៦៦ ពេល​ឆ្លាម​មួយ​ក្បាល​បាន​ខាំ​ហែក​ជើង​របស់​លោក​ ពេល​កំពុង​ហែលទឹក​ក្បែរទីក្រុង​ វូលឡុងហ្គុង​។

ស្ថាបនិក​ក្លិប​ឆ្លាម​ខាំ លោក ដេវ ភៀរសុន នៅតែ​ក្លាហាន​ក្នុង​ការ​កាន់​ក្ដារ​ជិះ​ស្គី​លើ​រលក​សមុទ្រ។ AFP

លោក សត​ បាន​ឱ្យ​ដឹងថា​៖ «​វា​គ្រាន់តែ​ជា​អ្វី​ដែល​មិន​ធ្លាប់ដឹង​សោះ​ ពេល​​ខ្ញុំ​នៅ​ក្មេង​។ បើ​បាន​ជួប ឬ​ឮ​ពីជន​រង​គ្រោះ​ចំពោះ​វាយ​ប្រហារ​របស់​សត្វ​​ឆ្លាម​មួយ ឬ​ពីរ​ករណី​ វាក៏​ល្អ​ដែរ​។ ពេលនេះ យើង​មាន​ក្រុម​ដែល​អាច​ជជែក និង​ប្រាស្រ័យ​ទាក់​ទង​គ្នា​បាន​»។

ការ​វាយ​ប្រហារ​របស់​សត្វ​ឆ្លាម​នៅតែ​ជា​រឿង​កម្រ តែ​កាលពី​ឆ្នាំ​មុន វា​បាន​ធ្វើ​ឱ្យ​ក្រុម​ជួប​ការ​លំបាក នៅពេល​មនុស្ស ៧​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ហេតុ​ការណ៍ ២២​ករណី​ជុំវិញ​ប្រទេស​អូស្ដ្រាលី​។ នេះ​បើ​យោងតាម​អង្គការ​សង្គម​អភិរក្ស​តារ៉ុងហ្គា។​

យោងតាម​ទិន្នន័យ​សកលពី​កម្មវិធី​ស្រាវជ្រាវ​ឆ្លាម​នៃ​​សារមន្ទីរ​ប្រវត្ដិសាស្ដ្រ​ធម្មជាតិ​រដ្ឋ Florida បាន​បង្ហាញ​ថា​ អូស្ដ្រាលី​ត្រូវបាន​ចាត់​ទុក​ជា​ប្រទេស​ដ៏​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​ហេតុ​ការណ៍​វាយ​ប្រហារ​ពី​សំណាក់ឆ្លាម​ក្នុង​ឆ្នាំ​ ២០២០៕ AFP/HR

ស្ថាបនិក​ក្លិប​ឆ្លាម​ខាំ លោក ដេវ ភៀរសុន នៅតែ​ក្លាហាន​ក្នុង​ការ​កាន់​ក្ដារ​ជិះ​ស្គី​លើ​រលក​សមុទ្រ។ AFP

ជន​រង​គ្រោះ​ដោយសារ​ឆ្លាម​ លោក ខេវីន យ៉ាង លោក ដេវ ភៀរសុន លោក ប្រូស លូសក៍ និង​លោក រ៉េយ៍ សត។ AFP

លោក រ៉េយ៍ សត៍ ត្រូវបាន​ឆ្លាម​ខាំ​ជើង​របស់លោក កាលពី​លោក​មានវ័យ ១៣​ឆ្នាំ ក្នុង​ឆ្នាំ ១៩៦៦។ AFP