ភ្នំពេញ៖ ជាមួយ​ទស្សនៈ​ «គ្មាន​​ទេ​​ភព​ផែន​ដី​​ទី២​​​» ប្តី​ប្រពន្ធ​ជនជាតិ​​ន័រវែស ​​បាន​បើក​ហាង​លក់​ផលិតផល​ប្រើប្រាស់​ពី​អតីតកាល​ ដើម្បី​លើក​ស្ទួយ​​សហគមន៍​សិប្បកម្ម​ក្នុង​ស្រុក និង​​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន។

ប្ដីប្រពន្ធ​ លោក​ ស៊ីមេន​ ជលនរ​ និង​អ្នកស្រី​ ខាត់ទ្រីន​ ស៊ុលហោជ​ ​បាន​បើក​ហាង​លក់​​ផលិតផល​បរិស្ថាន​ និង​កន្លែង​​ផ្ទេរ​វត្ថុ​ ប្រើ​អស់​ ឈ្មោះ​ Babel Eco-Shop and Re-fill Station និង​ផ្ទះ​សំណាក់​គ្មាន​ប្លាស្ទិក​​ឈ្មោះថា​ បាប៊ែល​ (Babel Guesthouse)​​។

បង្កើត​​ក្នុង​ឆ្នាំ​ ២០០៨ អាជវីកម្ម​​ជា​កន្លែង​ដែល​អតិថិជន ជាពិសេស​អ្នក​ទេសចរ​អាច​រក​ទិញ​ផលិតផល​​បែប​បរិស្ថាន ​និង​ផលិត​ដោយ​ប្រជាជន​ក្នុង​តំបន់​ក្នុង​តម្លៃ​​ចាប់​ពី​ ២ ដុល្លារ រហូត​ដល់ ​២០ ដុល្លារ។​

អ្នកស្រី ខាត់ទ្រីន ​ដែល​បាន​សាង​គ្រួសារ​​យ៉ាង​កក់ក្ដៅ​​នៅ​កម្ពុជា​​ជាង ១៣ ឆ្នាំ​មក​នេះ បាន​​​និយាយ​​ថា​៖ «យើង​មិន​ត្រឹម​​តែ​បង្កើត​ផ្ទះ​សំណាក់​ សម្រាប់​​ស្នាក់​នៅ​ប៉ុណ្ណោះ​ទេ​ តែ​​យើង​ផ្តល់​ឱកាស​ការងារ​ គាំទ្រ​អាជីវកម្ម​ក្នុង​ស្រុក​ បង្កើត​ឲ្យ​មាន​ការ​កែច្នៃ​វត្ថុ​ប្រើប្រាស់​ចេញ​ពី​ធម្មជាតិ​ ដែល​អាច​រក​បាន​ក្នុង​ប្រទេស​ ហើយ​ពួក​យើង​​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​វត្ថុ​មាន​ផ្ទុក​សារធាតុ​គីមី​ ប៉ះពាល់​ដល់​បរិស្ថាន​»។

ឡេ​ដុំ និង​រ៉ូលអន​លាបក្លៀក ដែលត្រូវបាន​ប្រើប្រាស់​វត្ថុធាតុដើមធម្មជាតិ និង​ការ​វេចខ្ចប់​បែប​បុរាណ​មិនប៉ះពាល់បរិស្ថាន​​។ រូបថត សហ​ការី

ផលិតផល​​ធម្មជាតិ​​ពី​សិប្បកម្ម​ក្នុង​ស្រុក​សុទ្ធសាធ​ទាំង​នោះ​​មាន​ដូចជា​ សាប៊ូ​ដុំ​ដុស​ខ្លួន​ ធ្យូង​ អេប៉ុង​លាង​ចាន​ននោង​ សាច់ជូរ សេរ៉ូម​បំប៉ន​សក់​ និង​​ជែល​លាប​បំបាត់​ក្លិន​ខ្លួន​បែប​ធម្មជាតិ​ ដែល​ត្រូវ​បាន​វេចខ្ចប់​ដាក់​ក្នុង​ក្រឡ​កែវ​យ៉ាង​ស្រស់​ស្អាត​។

រយៈពេល​ ១១ ឆ្នាំ​ហើយ​​ ដែល​ បាប៊ែល ​ក្លាយ​ជា​ហាង​លក់​​វត្ថុ​ប្រើប្រាស់​មិន​មាន​បន្សល់​​កាក​សំណល់​ និង​ជា​ហាង​​លក់​​វត្ថុ​​ប្រើប្រាស់​បែប​ប្រពៃណី ​ដែល​មាន​នា​អតីតកាល​​មក​កាន់​បច្ចុប្បន្នកាល​។

អ្នកស្រី​បន្ត​ថា​៖​ «យើង​មិន​បាន​​បង្កើត​ផលិតផល​ប្រភេទ​នេះ​ទេ​។ ផលិតផល​ទាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​​​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​​ វា​ជា​ទំនៀម​​ទម្លាប់​ដ៏​ប្រពៃណី​​របស់​មនុស្ស​នា​សម័យ​បុរាណ​​»។

ផ្លែ​ននោង​​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើ​ជា​វត្ថុ​សម្រាប់​លាង​ចាន​ តាំង​ពី​បុរាណ​កាល​រាប់​​សតវត្សរ៍​ ពេល​​នេះ​​ត្រូវ​បាន​កែច្នៃ​​​​ទៅ​ជា​អេប៉ុង​លាង​ចាន​ និង​ស្រ្កាប់​ដុស​ខ្លួន​។

ម្ចាស់​ផ្ទះ​សំណាក់ និង​ហាង​ផលិតផល​គ្មាន​ប្លាស្ទិក​ រូប​នេះ​បន្ត​ថា៖ «សព្វ​ថ្ងៃ យើង​ផលិត​ និង​លក់​អេប៉ុង​លាងចាន​ និង​ស្រ្កាប់​ដុស​ខ្លួន​ននោង​​ ស្រប​ពេល​ ដែល​ការ​ប្រើ​​​អេប៉ុង​លាង​ចាន​ ពណ៌​បៃតង​ និង​​លឿង​ ជាមួយ​នឹង​បំណែក​តូចៗ​ធ្វើ​ពី​ប្លាស្ទិក​នា​សម័យ​បច្ចុប្បន្ន​ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក​ក្រោម​ដី​ ព្រោះ​តែ​ធាតុ​ល្អិត​តូចៗ​របស់​វា​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ដី​បាន​»។

ហាង​ បាប៊ែល​ មាន​លក់​ផលិតផល​ធម្មជាតិ​​ពីសិប្បករ​ក្នុងស្រុក និង​ជាកន្លែង​សម្រាប់​ចាក់​​ផ្ទេរ​ផលិត​ផល​ចូល​ដប​​ដែល​ប្រើអស់​​​។ រូបថត សហ​ការី

អ្នកស្រី​បន្ត​ថា៖ «រី​ឯ​​​​​ ននោង​ ឯណោះ​វិញ​ ជា​របស់​លាង​ចាន​បែប​ធម្មជាតិ​ ហើយ​មិន​ប៉ះពាល់​បរិស្ថាន​ វា​គួរ​តែ​អាច​​ប្រើ​ជំនួស​អេប៉ុង​ជ័រ​បាន​»។

សាច់​ជូរ​ជួយ​បំបាត់​ក្លិន​អាក្រក់​ និង​​បាក់​តេរី​ ក្នុង​ខ្យល់​ និង​កម្ចាត់​​ក្លិន​ខ្លួន​នៅ​ពេល​បែក​ញើស​។​ រីឯ​ធ្យូង​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​ ការពារ​ខ្យល់​ផ្លូវ​ដង្ហើម​ក្លិន​​មិន​ល្អ​ និង​ការ​លូតលាស់​នៃ​បាក់តេរី​មិន​ល្អ​​នៅ​ក្នុង​មាត់​​។

សម្រាប់​ការ​ប្រើប្រាស់​លើ​ស្បែក​វិញ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ធ្យូង​​​អាច​ជួយ​បណ្តេញ​ជាតិ​ពុល​ ខ្លាញ់​ និង​ធូលី​ចេញ​ពី​ស្បែក​មនុស្ស ហើយ​វា​​ជា​វត្ថុ​ធាតុ​ដើម​សំខាន់​ក្នុង​ការ​ផលិត​សាប៊ូ​​។ ​​ចំណោម​​ផលិតផល​​ទាំង​នោះ​ សាប៊ូ​កក់​សក់​ មាន​ផ្ទុក​សារធាតុ​ធ្យូង​ និង​ប្រេងដូង​ ជា​ផលិតផល​លក់​ដាច់​បំផុត​នៅ​ បាប៊ែល​។

ហាង​ បាប៊ែល​ មាន​លក់​ផលិតផល​ធម្មជាតិ​​ពីសិប្បករ​ក្នុងស្រុក និង​ជាកន្លែង​សម្រាប់​ចាក់​​ផ្ទេរ​ផលិត​ផល​ចូល​ដប​​ដែល​ប្រើអស់​​​។ រូបថត សហ​ការី

ជា​ធម្មតា​ ភ្ញៀវ​បរទេស​ជា​គោលដៅ​​របស់​ផ្ទះ​សំណាក់​ និង​ហាង​​គិត​គូរ​ដល់​បរិស្ថាន ​ប៉ុន្តែ​បច្ចុប្បន្ន​អ្នកស្រី ខាត់ទ្រីន បាន​សម្គាល់​​ពី​កំណើន​​ភ្ញៀវ​ជាតិ​មក​ស្នាក់​នៅ​ និង​ទិញ​ផលិផល​ពី​ធម្មជាតិ​ប្រើប្រាស់​​កាន់​តែ​ច្រើន​​​។

អតិថិជន​ក៏​​អាច​យក​កំប៉ុង​ ឬ​ក្រឡ​ ដែល​ប្រើ​អស់​មក​ចាក់​បន្ថែម​សាប៊ូ ទឹក​ជូត​ផ្ទះ​ សាប៊ូ​បោក​ខោអាវ សេរ៉ូម​លាប​សក់​ ថ្នាំ​បាញ់​មូស​ និង​ទឹក​លាងដៃ​ ពី​កន្លែង​ផ្ទេរ​ផលិតផល​របស់​ បាប៊ែល ​ដោយ​ចំណាយ​ពី​​ ២ ០០០ ទៅ ​១១ ០០០ រៀល ​ក្នុង​ ១០០ ក្រាម​តែ​ប៉ុណ្ណោះ​។

ផ្ទះ​សំណាក់ បាប៊ែល​ មាន​ទីតាំង​ស្ថិតនៅ​ផ្ទះលេខ​ ៧៣៨​ ផ្លូវ​វត្តបូព៌ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។ ព័ត៌មាន​លម្អិត​ ពី​ហាង បាប៊ែល សូមចូល​ទៅ​កាន់​ ហ្វេសប៊ុក​ផេច​​ @Babel Eco-shop and Refill Station ឬ​វេបសាយ​ http://www.babelsiemreap.com៕