ភ្នំពេញ៖ ក្រោយពីមានអ្នកយកកង់ឈើជាលំនាំបច្ចេកទេសពីអាល្លឺម៉ង់មកធ្វើជាគំរូ ១ គ្រឿងមកនោះ ក៏ជំរុញឲ្យជាងចម្លាក់ឈើខ្មែរ ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ នៅតែបន្តកួចចិត្តចង់សម្រេចក្តីប្រាថ្នានៃការច្នៃកង់ឈើខ្មែរ សម្រាប់ចរាចរលក់នៅលើទីផ្សារ និងសម្រាប់អ្នកនិយមប្រើទោចក្រយានជិះហាត់ប្រាណ ឬជិះកម្សាន្តលេងនៅតាមតំបន់ជាយក្រុងភ្នំពេញនាពេលចុងសប្តាហ៍។
លោក រឹម រឿន ជាងចម្លាក់ឈើដែលមិនធ្លាប់បានរៀនជំនាញសិល្បៈពីសាលាសិល្បៈ ដោយគ្រាន់តែបានរៀនតពីអ្នកជំនាន់មុន បូកផ្សំនឹងការដកពិសោធដោយខ្លួនឯង លើចម្លាក់ឈើនេះជាច្រើនឆ្នាំ គឺនៅចន្លោះឆ្នាំ ២០០៤-២០១១។
លោក រឹម រឿន ធ្លាប់បានចូលបម្រើការងារនៅសាលាមធ្យមវិចិត្រសិល្បៈកាលពីឆ្នាំ ២០១១ រហូតមកដល់ឆ្នាំ ២០១៩ ក្នុងនាមជាគ្រូផ្នែកសិល្បៈសូនរូប ខណៈនៅពេលបច្ចុប្បន្ននេះ (ឆ្នាំ ២០២០) លោកបានឈប់ធ្វើការងារនៅសាលាមធ្យមវិចិត្រសិល្បៈហើយ ដោយលោកបានមកបើកសិប្បកម្មចម្លាក់ឈើផ្ទាល់ខ្លួនវិញមានឈ្មោះថា «ចម្លាក់ឈើដៃឯក» ដែលមានទីតាំងស្ថិតនៅផ្ទះលោកនៅតំបន់រមណីយដ្ឋានភ្នំប្រសិទ្ធិ៍នៅស្រុកពញាឮ ខេត្តកណ្តាល។
ក្តីប្រាថ្នាទៅថ្ងៃខាងមុខនោះ លោកក៏ចង់សម្រេចការច្នៃទោចក្រយានធ្វើពីឈើនេះ ជាសមិទ្ធផលពិត ដើម្បីចរាចរណ៍លក់លើទីផ្សារដែរ ក្រោយពីមានបងប្អូនខ្មែរម្នាក់ នៅប្រទេស អាល្លឺម៉ង់ គាត់បានយកកង់ឈើគំរូមួយគ្រឿងមក កាលពីឆ្នាំកន្លងទៅ (ឆ្នាំ ២០១៩) មកឲ្យខ្ញុំធ្វើជាគំរូ ដើម្បីច្នៃលក់នៅក្នុងស្រុកខ្មែរ។ ក្រោយពីខ្ញុំបានឃើញ និងសាកល្បងជិះវាមួយរយៈមក ខ្ញុំគិតថា ខ្ញុំពិតជាអាចច្នៃវាបានឲ្យតែមានទីផ្សារលក់ និងដៃគូសហការផលិត»។
លោក រឹម រឿន ហៅ រឹម ធំ វ័យ ៤១ ឆ្នាំ បានឲ្យដឹងពីបទពិសោធនៃការសាកល្បងជិះកង់ឈើនាពេលថ្មីកន្លងមកថា៖ «ខ្ញុំបានជិះវាមួយរយៈដែរ គឺជិះនៅលើចម្ងាយគោលដៅពីស្ពានក្បាលថ្នល់ ឬស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) មកផ្ទះរបស់ខ្ញុំនៅតំបន់ភ្នំប្រសិទ្ធិ៍ ហើយគុណភាពវាមិនចាញ់កង់ដែកទេ។ សម្រាប់ខ្ញុំគិតថា កង់នេះស័ក្តិសមសម្រាប់អ្នកនិយមជិះហាត់ប្រាណ ឬជិះកម្សាន្តលេងនៅតាមជាយក្រុង»។
ការច្នៃកង់ឈើនេះ អាចប្រើពេលច្នៃ ១ សប្តាហ៍ សម្រាប់ ១ គ្រឿង ខណៈតម្លៃពលកម្មនៃការច្នៃកង់ ១ គ្រឿង ត្រូវបានជាងចម្លាក់ឈើលោក រឹម រឿន ប្រាប់តម្លៃកសម្រាប់ការសាកល្បងថា៖ «ដោយសារនេះ គឺជាការសាកល្បងនោះ ខ្ញុំគ្រាន់តែគិតពីតម្លៃពលកម្មនៃការច្នៃកង់ឈើ ១ គ្រឿង ក្នុងតម្លៃត្រឹម ៣៥០ ដុល្លារ ហើយទៅថ្ងៃមុខតម្លៃអាចនឹងប្រែប្រួល ប្រសិនបើការសាកល្បងលើកង់ ១ គ្រឿងនេះ វាមិនសមនឹងការចំណាយពេល និងតម្លៃពលកម្មនោះ។ ចំពោះតម្លៃលក់នោះ ខ្ញុំក៏មិនទាន់ហ៊ានសន្មត់ថាតម្លៃកង់ ១ គ្រឿង លក់តម្លៃប៉ុន្មានទេ សម្រាប់ទីផ្សារ ព្រោះថា គ្រឿងបំពាក់កង់ឈើនេះ គឺសុទ្ធតែមានគុណភាពល្អ ហើយធន់ មិនចាញ់គុណភាពរបស់កង់ដែកសុទ្ធនោះឡើយ»។
ខណៈការចង់សម្រេចច្នៃកង់ឈើនេះ លោក រឹម រឿន ក៏ប្រាប់ពីការតាំងចិត្តខ្ពស់នៃឆន្ទៈដ៏មុតមាំ សម្រេចក្តីប្រាថ្នាផងដែរទៅថ្ងៃអនាគត សម្រាប់ចរាចរណ៍លក់លើទីផ្សារ ដូចជាកង់ដែកនោះ ដោយគ្រាន់តែលោកមានឧបសគ្គធំមួយចំនួន គឺខ្វះដៃគូផ្នែកហិរញ្ញវត្ថុសហការផលិត និងតម្លៃលក់លើទីផ្សារតែប៉ុណ្ណោះ។ លោក រឹម រឿន បញ្ជាក់ថា៖ «រឿងច្នៃកង់ឈើឲ្យសម្រេចនោះ វាមិនពិបាកឡើយ គឺខ្ញុំធានានឹងធ្វើបាន តែអ្វីជាឧបសគ្គនោះ គឺដើមទុននៃការផលិត និងតម្លៃលក់នៅលើទីផ្សារ ហើយប្រសិនបើមានដៃគូសហការគ្នា បែបលក្ខណៈមួយយើងហៅថា ខាងខ្ញុំមានគំនិត និងដៃគូសហការគេមានដើមទុននោះ ក៏ជាការដ៏ល្អមួយ ដើម្បីឈានទៅរកការសម្រេចក្តីប្រាថ្នាបានឆាប់»។
គួររំឭកដែរថា លោក រឹម រឿន គឺជាជាងចម្លាក់ឈើល្បី ១ រូប នៅកម្ពុជាធ្លាប់បង្កើតស្នាដៃចម្លាក់លេចធ្លោនានា ២-៣ ឆ្នាំជាប់គ្នាកន្លងមកនេះ ដូចជាឆ្នាំ ២០១៧ បង្កើតស្នាដៃចម្លាក់ឈើរូបអប្សរាដ៏ល្អឯក នៅឆ្នាំ ២០១៨ បង្កើតចម្លាក់ឈើរូបក្រដាសប្រាក់ខ្មែរមួយផ្ទាំងដ៏ធំ គឺក្រដាសប្រាក់ ១ សែនរៀល និងឆ្នាំ ២០១៩ មានស្នាដៃលេចធ្លោជាច្រើនមានតម្លៃរាប់ពាន់ដុល្លារក្នុង ១ ផ្ទាំងៗ ខណៈស្នាដៃទាំងនោះជាចម្លាក់ក្បាច់រឿង ដូចជាចម្លាក់ស្តីពីការកូរសមុទ្រទឹកដោះ នៅជញ្ជាំងប្រាសាទអង្គរវត្តជាដើម៕