ភ្នំពេញៈ ក្រោយពី​សារភាព​ដោយ​បង្ហាញ​មុខមាត់​ពិត​គូស្នេហ៍​ខ្លួន គឺជា​បុរស​រូបសង្ហា មាឌធំ មាន​ត្រេមុខ​បែប​កូនកាត់ ច្រមុះ​ស្រួច ឧស្សាហ៍​បង្ហាញ​ភាព​សិ្នទ្ធស្នាល​ជាមួយ​តារាសម្តែង និង​ពិធីការិនី​រូបស្រស់ រាង​ស្រឡូន ដែល​ទើប​ផ្លាស់​ទ្រនំ​ពី​ទូរទស្សន៍​ភីអិនអិន មក​ទ្រនំ​ថ្មី​ទូរទស្សន៍ MyTV ​កញ្ញា ជីមមី ក៏​បន្ថែម​នូវ​គុណសម្បត្តិ​របស់​ម្ចាស់​ស្នេហ៍​ទៀត​នាពេល​ថ្មីៗ​នេះ ដើម្បី​រឹតបន្តឹង​ចំណង​ស្នេហ៍​ផ្អែមល្ហែម​។

ពិធីការិនី​រាងស្លីម​មាន​ទម្រង់​មុខ​ឃ្យូតៗ គួរឱ្យ​ស្រឡាញ់​កញ្ញា ម៉េង ឃុននី ហៅ ជីមមី ដែល​បានបង្ហាញ​មុខមាត់​ពិត​នៃ​ម្ចាស់​បេះដូង​បើក​ចំហ​ឱ្យ​មហាជន​ស្គាល់​ដែល​ខុសពី​គោលដៅ​ខ្លួន​ធ្លាប់​ប្រាថ្នា ចង់​បន្ត​ការសិក្សា​ក្រៅ​ប្រទេស មិនទាន់​គិតគូរ​រឿង​គូគ្រង នាពេលកន្លងមក​នោះ​ក៏​មិនទាន់​បង្ហើប​ពី​រឿង​កំណត់​វេលា​ចូល​រោង​ជ័យ​នៅពេល​ណា​ផងដែរ​ទេ ក្រៅពី​រឿង​បង្ហោះ​រូប​សិ្នទ្ធស្នាល និង​ហែហម​ជាមួយ​បុរស​មាឌធំ ត្រេ​មុខ​កូនកាត់ ច្រមុះ​ស្រួច ឈ្មោះ Cham Nou នោះ​។

តារាស្រី​វ័យ ២៤ ​ឆ្នាំ​កាន់តែ​ស្រស់ស្អាត​សាច់​សខ្ចី កញ្ញា ជីមមី បង្ហោះ​សារ​អមដោយ​រូបភាពស្និទ្ធស្នាល​អង្គុយ​ក្បែរ​ម្ចាស់​ចិត្ត​ខ្លួន​ថា​៖ «​នៅ​ពីក្រោយ​រូបភាព និង​វីដេអូ​ដែល​ស្រស់ស្អាត​របស់ ជីមមី ដែលមាន​អ្នក like រាប់ម៉ឺន រាប់ពាន់នាក់ និង​អ្នក share រាប់រយ​រាប់ពាន់​នាក់​។ គឺមាន​បុរស​ម្នាក់ ធ្វើ​វា​ឡើង​ដោយ​ក្តីស្រឡាញ់ ជា​អ្នក​កាន់​កាមេរ៉ា​ផង​ជា​អ្នក​រៀប​ភ្លើង​ជា​អ្នក​កាត់ត គ្រប់បែបយ៉ាង​ទាំងអស់​។ ជួនកាល​កាត់​ដល់​ម៉ោង 3 ឬ 4 ភ្លឺ ទើបបាន​គេង ដោយ​មិនដែល​ស្រែកថា នឿយហត់ ឬ​ប្រាប់ថា​ចង់​ឈប់​ទេ​។ មាន​អ្នកខ្លះ​គេ​ថា​គាត់​មានសំណាង តែ​ខ្ញុំ​គិតថា​ខ្ញុំ​នោះ​ទៅវិញ​ទេ ដែល​មាន​សំណាង ដែលមាន​គាត់​នៅក្នុង​ជីវិត​។ គាត់​មិនមែន​ជា​បុរស​ដែលមាន​គ្រប់យ៉ាង តែ​គាត់​ជា​បុរស​ម្នាក់​ដែល​ធ្វើឱ្យ​គ្រប់​បំណងប្រាថ្នា​របស់ខ្ញុំ​ក្លាយ​ជា​ការពិត គាត់​ធ្វើឱ្យ​ខ្ញុំ​ដឹងថា​អ្វី ដែល​គាត់​ធ្វើឱ្យ​ខ្ញុំ​គឺជា​ការលះបង់​ពេលវេលា​ផ្ទាល់ខ្លួន សមត្ថភាព​ផ្ទាល់ខ្លួន ក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​ធ្វើ​អ្វីមួយ​ឡើង​ឱ្យចេញ​ជា​រូបរាង ឱ្យ​ខ្ញុំ​មាន​ស្នាមញញឹម​ដល់​ថ្ងៃនេះ​។ គេ​ថា​នៅ​ពីក្រោយ​បុរស​ជោគជ័យ គឺ​តែងតែ​មាន​នារី​ម្នាក់​នៅ​ពីក្រោយ​។ នារី​ក៏​ដូចគ្នា​នៅ​ពីក្រោយ​នារី​ជោគជ័យ ក៏​ត្រូវ​តែមាន​បុរស​ម្នាក់ ដែល​មក​​ជាមួយ​នឹង​ភាព​ពិតប្រាកដ​ឱ្យ​នាង​»​។

ភ្នំពេញ​ប៉ុស្តិ៍ ក៏​មិន​អាច​សុំ​ការបកស្រាយ​បន្ថែម​អំពី​រឿង​គម្រោង​ចូល​រោងការ​អ្នក​ទាំង​ ២ ​ពេលណា​បានទេ​ពី​កញ្ញា ជីមមី ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​ធ្លាប់​ទំនាក់ទំនង​ពីមុន​មិន​អាច​ទាក់ទង​បាន​៕