ភ្នំពេញៈ ក្រោយពី​បាន​ចាក់បញ្ចាំង​ចប់​នូវ​កុន​អប់រំ​ខ្នាត​ខ្លី​រឿង «​ដៃគូ​ជីវិត​» ផលិតកម្ម​សាស្ត្រា​ហ្វីម នាពេល​ថ្មីៗ​នេះ​មក​នោះ​មហាជន​ក៏​ស្រាប់​តែ​បងា្ហញ​ពី​ការចាប់​អារម្មណ៍​នឹង​ទេពកោសល្យ​យុវតី​ដែល​មាន​រាង​តូច​ច្រឡឹង​សម្រស់​ដ៏ស្រស់​សោភា ឈិន មុន្នីនាថ យ៉ាង​ខ្លាំង​ដែល​នាង​ជា​កូនស្រី​របស់​អតីត​តារាចម្រៀង​ប្រុស​លោក ឈិន កុសល នោះ​។

មើល​តួឯក​ស្រី​វ័យក្មេង​មាន​សម្រស់​ផូរផង់​ដែល​ធ្វើឲ្យ​ទស្សនិកជន​ជក់ចិត្ត និង​មាន​ភាព​ក្នាញ់​ចិត្ត​តាមរយៈ​សម្តែង​ជា​តួឯក​ស្រី​ពូកែ​រករឿង​មិត្ត​ប្រុស​នៅក្នុង​រឿង «​ដៃគូ​ជីវិត​» កញ្ញា ឈិន មុន្នីនាថ ហាក់​ដូចជា​ស្រូប​បាន​ការពេញចិត្ត​ពី​ប្រិយមិត្ត​ខ្លាំង​ជាង​ពេលណា​ទាំងអស់​នៅក្នុង​ការសម្តែង​កុន​នានា​មាន​ប្រមាណ​ជា ១០ រឿង​ក្រោយពី​បាន​ប្រឡូក​សិល្បៈ​សម្តែង​នេះ​មក​។

ទោះបី​ជា​នៅ​វ័យក្មេង​មែន​ក្តី​យុវតី​ទើប​តែ​មាន​វ័យ ១៧ ឆ្នាំ ដែល​កំពុង​តែ​មាន​រាសី​ឡើង និង​មាន​ទីផ្សារ​សិល្បៈ​ហូរ​ចូល​ហូរហែ​សឹង​តែ​មាន​ផលប៉ះពាល់​ដល់​ការសិក្សា​នៅ​វិទ្យាល័យ​ផង​ដែរ ព្រោះ​ថា​ទើប​តែ​ថត​ចប់​រឿង​ «​ដៃគូ​ជីវិត​» សោះ​នាង​ក៏​ក្តោប​បាន​កុន ២ ​រឿង​ទៀត​ថត​បន្ត​ផង​ដែរ​។

យុវតី​វ័យ ១៧ ​ឆ្នាំ ឈិន មុន្នីនាថ ដែល​កំពុងតែ​រៀន​ថ្នាក់​ទី​ ១១ នៅ​វិទ្យាល័យ​បាក់ទូក និង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ក្មេង​វ័យ ៧ ឆ្នាំ​តាម​គន្លង​ឪពុក​ក៏​ជា​អ្នកសិល្បៈ​ដែរ​គឺ​លោក ឈិន កុសល ខណៈ​ធំ​ពេញវ័យ​ក៏​ផ្តើម​ភាពល្បី​ក្នុង​ការសម្តែង​កុន​ភាគ​ដំបូង​ឲ្យ​ផលិតកម្ម​ហង្សមាស​គឺ​រឿង «​សិសិររដូវ​ក្នុង​បេះដូង​» នោះ​បង្ហើប​ប្រាប់​ថា​៖ «​នាង​ខ្ញុំ​ទើប​តែ​បាន​ទទួល​យក​កុន ២ ​រឿង​ថ្មី​ទៀត​ក្រោយពី​ចប់​រឿង​ខ្នាត​ខ្លី «​ដៃគូ​ជីវិត​» មក​ហើយ​ក៏​មាន​ភាពរវល់​នឹង​ការ​ច្រៀង និង​ថត​ស្ប៉ត​នានា​ផង​ដែរ​គឺថា​មួយ​រយៈ​នេះ​គឺ​រវល់​ខ្លាំង គឺ​សឹងតែ​ប៉ះពាល់​ដល់​ការសិក្សា​នាង​ខ្ញុំ​ទៀត​ផង​»​។

តែ​យ៉ាងណា​បើ​តាម​ស្តាប់​មើល​ទៅ​យុវតី​កំពុង​តែ​មាន​​ទីផ្សារ​សិល្បៈ​ល្អ​ឡើង ស្រី​ស្រស់ ឈិន មុន្នីនាថ ដូចជា​មិន​បោះបង់​ចោល​ការសិក្សា​ឡើយ ហើយ​ក៏​មាន​គោលដៅ​សម្រាប់​អនាគត​ទៀត​ផង​ក្រៅពី​ការងារ​សិល្បៈ​នោះ​។ តារាចម្រៀង​ស្រី និង​តារាសម្តែង​ស្រី​ពន្លក​ថ្មី​នៃ​ត្រកូល​ឈិន យុវតី ឈិន មុន្នីនាថ បាន​បញ្ជាក់​ប្រាប់​ថា​៖ «​ក្រោយពី​ប្រឡង​ជាប់​ថ្នាក់​ទី​ ១២ ឆ្នាំ​ក្រោយ​ទៅ [​ឆ្នាំ​ ២០២០] នោះ នាង​ខ្ញុំ​ក៏​មាន​មុខវិជ្ជា​ជា​ទីស្រឡាញ់​រួច​ហើយ​ដែរ​នៅក្នុង​ចិត្ត​គឺ​ចង់​សិក្សា​ផ្នែក​ជំនាញ​ពាណិជ្ជកម្ម ដោយសារ​តែ​ចង់​ប្រកបរបរ​អាជីវកម្ម​ដោយ​ខ្លួនឯង​ផង​ដែរ​នាពេល​អនាគត ក្រៅពី​ការងារ​សិល្បៈ​។

ការគិត​បែប​នេះ​ក៏ព្រោះ​យល់​ថា​ការងារ​សិល្បៈ​អាច​នឹង​មាន​ភាពប្រែប្រួល​ទៅ​ថ្ងៃ​ក្រោយ​គឺ​វា​នឹង​មិន​អាច​ទៀងទាត់​ឡើយ ដូច្នេះ​ហើយ​ប្រសិន​បើ​មាន​របរ​ផ្ទាល់​ខ្លួនឯង​នោះ​គឺ​ពិតជា​ល្អ​ប្រសើរ​សម្រាប់​ខ្លួនឯង​»៕