ភ្នំពេញៈ ទោះបី​បានគិត​ទុកជាមុន​ហើយ​ថា នឹង​មាន​អ្នក​បរិយាយ​រិះគន់​ជារឿយៗ​មក​លើ​ស្នាដៃ​ច្នៃ​ប្រឌិត​របស់​ខ្លួន​នោះ​ក៏​វិចិត្រករ​និយម​នូវ​សិល្បៈ​កែច្នៃ​ប្លែកៗ​លោក ឯម រៀម ដែល​មាន​បទពិសោធ​ជាង ១០ ឆ្នាំ​លើ​ផ្នែក​ច្នៃ​ប្រឌិត​ម៉ូដ​សិល្បៈ​សិប្បកម្ម​សហ​សម័យ មិន​ខ្វល់​ឡើយ​ក្រោម​ហេតុផល​ដែល​យោគ​យល់​វិញ​ថា​ព្រោះ​តែ​ពួកគេ​មិន​ទាន់​យល់​ពី​ទម្រង់​សិល្បៈ​របស់​លោក។

ជាក់ស្តែងថ្មីៗទើប​ឆ្លង​ផុត​រលក​នៃ​ព័ត៌មាន​រិះគន់​ពី​សំណាក់​ក្រុម​អ្នកជំទាស់​មួយចំនួន ពាក់ព័ន្ធ​នឹង​រឿង​ការ​បង្កើត​ថ្មី​គំនិត​ច្នៃ​ម៉ូដ​មកុដ​អប្សរា​នោះ​លោក ឯម រៀម នៅ​តែ​បន្ត​ការ​ពុះពារ​បង្កើត​ជា​ម៉ូដ​មកុដ​សហសម័យ​នេះ​ឲ្យ​បាន​ដើម្បី​ត្រៀម​បង្ហាញ​ក្នុង​កម្មវិធី​សិល្បៈ​នានា​នៅ​ពេល​ខាងមុខ​ដោយ​ឥត​កែប្រែ​ឡើយ។

ពេលនេះ​វិចិត្រករ​មាន​វ័យ ៤០ ឆ្នាំ ប្លាយ ដែល​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅ​ក្នុង​ស្រុក​ខ្មែរ និង​ចប់់​បណ្ឌិត​ផ្នែក​សិល្បៈ​ច្នៃ​ម៉ូដ​ឯ​ប្រទេស​បារាំង លោក ឯម រៀម ក៏បាន​បង្កើត​គំនិត​សិល្បៈ​ថ្មី​មួយ​ទៀត តាមរយៈ រូបភាព ១ សន្លឹក ដែល​លោក​ថា «ទេព​មច្ឆា​អប្សរា» ដោយ​បង្កប់​ន័យ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​បរិស្ថាន​នៃ​តំបន់​សមុទ្រ ឬ​តំបន់​ទឹក​ដែល​មាន​ប្រព័ន្ធ​អេកូ​ទេសចរណ៍។

វិចិត្រករ​និយម​សិល្បៈ​កែច្នៃប្លែកៗ ទើបតែ​បាន​ជួយ $ ៥០០០ ដល់ សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា​នៅ​ខេត្ត​មណ្ឌលគិរី​រូប​នេះ​ក៏​បក​​ស្រាយ​ពី​អត្ថន័យ​រូប​ថត ទេព​មច្ឆា​អប្សរា​របស់​ខ្លួន​ប្រាប់​មហាជន​ដែរ​ថា៖ «តាម​ពិត​ដោយសារ​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា​តំបន់​ឆ្នេរ​សមុទ្រ និង​កន្លែង​មាន​ប្រព័ន្ធ​អេកូ​ទេសចរណ៍​ខ្មែរ​យើង​មួយ​ចំនួន​កំពុង​តែ​ទាក់​ទាញ​ទេសចរ​ទាំង​ក្នុង​ស្រុក និង​បរទេស​ទៅ​ទស្សនា កាន់​តែ​ច្រើន​ឡើងៗ ហើយ​ខ្ញុំ​ក៏មាន​ការ​ស្នើ​សុំ​ពី​ក្រុម​សិស្ស​ប្អូន​សិល្បៈ​ផ្នែក​ថតរូប​ឲ្យ​ជួយ​រក​គំនិត​ពាក់ព័ន្ធ​នឹង​ក្តី​ព្រួយបារម្ភ​ពី​បរិស្ថាន​ធម្មជាតិ ជា​ពិសេស​នោះ​គឺ​បញ្ហា​បរិស្ថាន»។ «

ខ្ញុំ​ក៏​នឹក​ឃើញ​យក​គំនិត​ស្លៀក​ឈុត​មាន​មកុដ​អប្សរា​របស់​ខ្ញុំ ផ្សំ​នឹង​បច្ចេកទេស​ច្នៃ​របស់​ប្អូនៗ​ថតរូប ក៏​រំលេច​ចេញ​ជា​រូប​ទេព​មច្ឆា​អប្សរា នេះ​ឡើង។ យើង​បាន​បង្កប់​ន័យ​ចង់​ឲ្យ​បងប្អូន​មហាជន មើល​ឃើញ​តាមរយៈ​រូប​ថត​នេះ​ផង​ដែរ​គឺជា​ការ​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​ជា​វត្ថុ​ប្លាស្ទិក ដប និង​ជា​កំប៉ុង ដែល​ក្រុម​ភ្ញៀវទេសចរ ឬ​បងប្អូន​នៅ​តាម តំបន់​សមុទ្រ​នោះ ខ្វះ​ការ​ស្វែង​យល់​ពី​ផល​ប៉ះពាល់​ដោយ​មិន​ដឹង​ខ្លួន​ជាមួយ​ការ​បោះ​ចោល​វត្ថុ​ទាំង​អស់​នេះ​ទៅ​ក្នុង​ទឹក​សមុទ្រ​ឬ​ទឹក​បឹងបួ​ជា​តំបន់​មាន​ប្រ-ព័ន្ធ​អេកូ​ទេសចរណ៍ មាន​ក្រុម​មច្ឆា​នានា​គ្រប់​ប្រភេទ​រស់​នៅ​នឹង​រង​ហានិភ័យ​មួយ​គឺ​កាន់​តែ​ខ្សត់​ពួកវា​ទាំង​នោះ​ព្រោះ​តែ​បញ្ហា​បរិស្ថាន​ជម្រក​មាន​ភាព​មិន​អំណោយ​ផល ល្អ​ដើម្បី​ការ​រស់​នៅ​របស់​ពួកវា»៕