ក្រុងប៉ារីស: ខណៈ​រសជាតិ​ស្រា​សំប៉ាញ​ប្រែប្រួល​តាម​សីតុណ្ហភាព​ដើម្បី​សម្រួល​ឲ្យ​អ្នក​ញ៉ាំ​ដឹង​ពី​វេលា​ត្រូវ​ជល់​កែវ ក្រុមហ៊ុន​ផលិត​ស្រា​តូច​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​បាន​បើកសម្ពោធ​ស្រា​សំប៉ាញ​ដែល​អាច​ផ្លាស់ប្ដូរ​ពណ៌ និង​ការ​ឌីហ្សាញ​ពេល​វា​ទទួល​នូវ​សីតុណ្ហភាព​ជាក់លាក់​ណា​មួយ​។

ដប​ពណ៌​ស ផ្ទុក​ស្រា​សំប៉ាញ​ឆ្នាំ​ ២០០៨ បាន​ក្លាយ​ជា​សម្បុរ​មេអំបៅ​ផ្កាឈូក និង​អក្សរណោតភ្លេង ពេល​វា​ក្លាស្សេ និង​ហៀប​នឹង​ទទួលទាន​។

ស្រា​បំប៉ាញ Infinite Eight Champagne ផលិត​ក្នុង​តំបន់ Ville-Dommange ក្បែរ​ក្រុង Reims ភាគ​ឦសាន​ប្រទេស​នឹង​បើក​សម្ពោធ​លក់​ក្នុង​ប្រទេស​ជប៉ុន​នា​ខែ​នេះ បន្ទាប់មក​លក់​នៅ​ប្រទេស​បារាំង​ក្នុង​ខែ​មេសា​។

ដើម្បី​រំលេច​នូវ​ភាព​ទាក់ទាញ​នេះ សហឌីហ្សាញ​ជាមួយ​ក្រុមហ៊ុន​វេចខ្ចប់​ចំណី​អាហារ​បារាំង Distripac ដប​ស្រា​សំប៉ាញ​ត្រូវ​បាន​ស្រោប​ប្លាស្ទិក​ស្ដើង​ដែល​មាន​ប្រតិកម្ម​នឹង​ធាតុ​ត្រជាក់​។

លោក Nicolas le Tixerand ប្រធាន​ក្រុមហ៊ុន​គ្រួសារ​ដ៏តូច​ដែល​ជា​មរតក​ស្នង​ដូនតា​បាន​និយាយ​ថា​៖ «​វា​ជា​លើកដំបូង​ហើយ​ដែល​មាន​ស្រា​សំប៉ាញ​បែបនេះ​។ យើង​គ្រាន់តែ​ផលិត​ឡើង​ក្នុង​តំបន់​ស្រា​សំប៉ាញ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​ប៉ុណ្ណោះ​»​។

លោក​បាន​ប្រាប់ AFP ថា​៖ «​វា​ជា​យុទ្ធសាស្ដ្រ​ផ្នែក​ទីផ្សារ​។ វា​ក៏​ជា​គ្រឿង​បង្កើន​ភាព​រីករាយ​ដោយ​បាន​ដឹង​ថា សីតុណ្ហភាព​កម្រិត​ណា​ទើប​ស្រា​សំប៉ាញ​សម​ក្នុង​ការ​ទទួលទាន​»​។

យោងតាម​វេបសាយ​ស្រា​សំប៉ាញ​ផ្លូវការ សីតុណ្ហភាព​សមល្មម​ក្នុង​ការទទួលទាន​គឺ​ពី​ប្រមាណ ៨ ទៅ ១០ អង្សាសេ​៕ HR