ភ្នំពេញៈ ថ្មីៗ​នេះ​ទាំង​មជ្ឈដ្ឋាន​សិល្បៈ និង​អ្នក​គាំទ្រ​តារា​សម្តែង​ស្រី​តូច​ច្រឡឹង ចង្កា​ស្រួច​កញ្ញា ដួង ម៉ានិច បង្ក​ការភ្ញាក់ផ្អើល​ដោយសារ​ឃើញ​នាង​ហាក់​សម្បូរ​ទីផ្សារ​ថតកុន​ឲ្យ​រដឹក​ជាប់​គ្នា​ជាង​គេ សឹងតែ​ពេញ​ ១ ​ឆ្នាំ​ក្នុង​ភាព​មន្ទិល​មួយ​លើក​ឡើង​ថា​ទំនង​មាន​អ្នក​ជួយ​យឹតយោង​។

តែ​ផ្ទុយ​ទៅវិញ​តារា​សម្តែង​ស្រី​ស្រស់​សោភា​វ័យ ២៧ ​ឆ្នាំ​ដែល​ហក់​ចូល​ប្រឡូក​ក្នុង​វិស័យ​សម្តែង​ខ្សែភាពយន្ត​ជិត​ ១០ ​ឆ្នាំ​ទើប​អាច​កសាង​បាន​កេរ្តិ៍ឈ្មោះ​ល្បី និង​ធ្លាប់​ទទួល​ពានរង្វាន់​ជា​តារា​ឆ្នើម​ផ្នែក​គោរព​ពេលវេលា និង​តួ​ស្រី​សម្តែង​ឆ្នើម​ខាង​កាច​ឆ្នាស​ពី​កម្មវិធី Apsara Award ២០១៦ នោះ​បាន​បដិសេធ​នឹង​ការលើក​ឡើង​ហើយ​បកស្រាយ​ជម្រះ​មន្ទិល​នោះ​ទៀត​ផង​។

តារាសម្តែង​ស្រី​ដែល​ទើប​តែ​ផ្ទុះ​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិយមិត្ត​គាំទ្រ​ជាមួយ​ការសម្តែង​កុន​ភាគ​រឿង «​ភ្លើង​» កញ្ញា ដួង ម៉ានិច បាន​បកស្រាយ​ចំពោះ​មន្ទិល​ថា​នាង​មាន​អ្នក​ជួយ​ជ្រោមជ្រែង​ឲ្យ​សម្បូរ​ទីផ្សារ​ថតកុន​នោះ​ថា​៖ «​តាមពិត​ទៅ បើ​និយាយ​ថា​នាង​ខ្ញុំ​សម្បូរ​ទីផ្សារ​កុន​នោះ​ដូចជា​មិន​សូវ​ច្រើន​នោះទេ គ្រាន់​តែ​មួយរយៈ​ចុងក្រោយ​នេះ​នាង​ខ្ញុំ​ទទួល​បាន​កុន​ភាគច្រើន​ជាង​កុន​ដុំ ហើយ​កុន​ភាគ​ទាំង​នោះ​សុទ្ធតែ​ខ្លឹមៗ​ដោយ​កុន​ភាគ​មួយ​រឿង​នាង​ខ្ញុំ​ត្រូវ​ចំណាយពេល​ថត​ប្រមាណ​ ៣-៤ ខែ​ឯណោះ​ទើប​ចប់ ដូច្នេះ​គ្រាន់​តែ​មាន​កុន​ភាគ ២-៣ រឿង គឺ​វា​ស៊ីពេល​សឹង​តែ​អស់​បាត់​ហើយ​ ១ ឆ្នាំ​។ ក្រៅពី​នេះ​នាង​ខ្ញុំ​ក៏​ថតកុន​ដុំ និង​ថត​ស្ប៉ត​ពាណិជ្ជកម្ម​នានា​ដែរ​»​។

តារាសម្ដែង​រាសី​កំពុង​តែ​លូត​ឡើង​កញ្ញា ដួង ម៉ានិច បាន​បន្ត​ថា​៖ «​តាំងពី​ដើម​មក​គឺ​ចាប់ពី​ពេល​ប្រឡូក​ចូល​សិល្បៈ​ដំបូង​នោះ​គឺ​នាង​ខ្ញុំ​ទទួល​បាន​ទីផ្សារ​ថតកុន​ដោយ​ការខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​តាមរយៈ​បង្ហាញ​ពី​ក្តីស្រឡាញ់​វិស័យ​សិល្បៈ​នេះ​ពេញ​បេះដូង​ចំនួន ១០០ ​ភាគរយ​»​។

គេ​នៅ​ចាំ​ថា កញ្ញា ដួង ម៉ានិច បាន​ខិតខំ​ខ្នះខ្នែង​តស៊ូ​ព្យាយាម​ខ្លាំង​ឆ្លងកាត់​ការលំបាក​ច្រើន​ក្នុង​ការចាប់​ឱកាស​សម្រាប់​ការសម្តែង​ភាពយន្ត​តាំងពី​ឆ្នាំ ២០១៣ មក ខណៈ​តារា​ស្រី​តូច​ច្រឡឹង​ចង្កា​ស្រួច​រូប​នេះ​មាន​រាសី​ឡើង​ខ្លាំង​នៅ​ចុង​ឆ្នាំ​ ២០១៦ មាន​គេ​ហៅ​ថតកុន​ឲ្យ​ជាប់​គ្នា​ឲ្យ​រដឹក​តែម្តង​បន្ត​លាភ​ដល់​ដើម​ឆ្នាំ​ ២០១៧ ឆក់​បាន​តំណែង​តួ​ស្រី​សំខាន់​ថតកុន​រឿង​ពស់​កេងកង​ថ្មី​ជាដើម និង​ក្រោយ​មក​រឿង​ «​ភ្លើង​» ក៏​ផ្ទុះ​ការគាំទ្រ​ខ្លាំង​នៅ​ឆ្នាំ​ ២០១៨​។

ស្រី​ស្រស់ ដួង ម៉ានិច ដែល​បាន​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវ​ប្រមាណ ៣៥ តុ​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ស្ថិត​នៅ​បុរីប៉េង ហួត បឹងស្នោ ដែល​ទិញ​តម្លៃ​ជិត​ ១០ ​ម៉ឺន​ដុល្លារ​កាលពី​ដើម​ឆ្នាំ​ ២០១៨ នោះ​ក៏​បាន​ឲ្យ​ដឹង​ពី​លក្ខណ​សម្បត្តិ​ខ្លួន​មាន​នៅក្នុង​ការឆក់​បាន​ឱកាស​ថតកុន​ជា​ហូរហែ​ផង​ដែរ​។

កញ្ញា ដួង ម៉ានិច ក៏​បាន​បង្ហើប​ថា​៖ «​សម្រាប់​នាង​ខ្ញុំ​ដែល​ទទួល​បាន​នូវ​ការចាប់អារម្មណ៍​ពី​ផលិតកម្ម​កុន​នានា​ជាច្រើន​នោះ​ក៏​ព្រោះតែ​នាង​ខ្ញុំ​នៅ​តែ​បន្ត​ជា​តួ​សម្តែង​ដែល​គោរព​ពេលវេលា​តែងតែ​ស្តាប់​តាម​ការណែនាំ​របស់​អ្នក​ដឹកនាំ​រឿង​ដោយ​មាន​ការស្រឡាញ់​លើ​វិស័យ​សិល្បៈ​សម្តែង​នេះ​ ១០០ ​ភាគរយ និង​មាន​ការ​លះបង់​ខ្លាំង​ចំពោះ​ការសម្តែង​របស់​ខ្លួន​នៅក្នុង​ពេល​ថតកុន​មួយៗ​»៕