ភ្នំពេញៈ ថ្មីៗនេះ​ស្រាប់តែ​តារា​សម្តែង និង​ពិធី​ការិនី កញ្ញា ដួង ហ្សូរីដា ជា​ប្រធាន​គ្រប់គ្រង​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model និង​ជា​ម្ចាស់​ហាង​កាត់​ដេរ​សម្លៀក​បំពាក់​ឈ្មោះ Danama Home និង​ហាង​លក់​ផលិតផល​រក្សា​សម្ផស្ស​ឈ្មោះ «មុទិតា» នោះ​បាន​ប្រកាស​លក់​ផ្ទះ​មួយ​ល្វែង​ជា​បន្ទាន់ គឺមាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​សែន​សុខ គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

បើតាម​សារ​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​កញ្ញា ដួង ហ្សូរីដា នោះ​បាន​សរសេរថា​៖ «ផ្ទះ E0E1 លក់ ១ ល្វែង​នៅ​ក្នុង​បុរី​មហា​សែនសុខ​តាម​បណ្តោយ​ផ្លូវ​វត្ត​តាំង​កសាង ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែនសុខ ជា​សំណង់​គម្រោង​លំនៅឋាន​របស់​ជប៉ុន។ មាន​ទីតាំង​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ៣ គីឡូម៉ែត្រ ចូល​តាម​ច្រក​ក្លោង​ទ្វារ​វត្ត​តាំង​កសាង។ ផ្ទះ​មាន​ទំហំ ៤,១ ម៉ែត្រ x ១៤ ម៉ែត្រ ខាង​មុខ​នៅ​សល់ ៧ ម៉ែត្រ និង​ខាង​ក្រោយ​សល់ ៤ ម៉ែត្រ ខណៈ​ផ្លូវ​មុខផ្ទះ ១០ ម៉ែត្រ បែរ​មុខ​ទៅ​ទិស​ខាង​កើត​លើ​ផ្លូវ​ធំ​របស់​បុរី​តែ​ម្តង។ តម្លៃ ១១៦ ៦៨៨ ដុល្លារ គឺ​អាច​បង់​បន្ត​ជាមួយ​បុរី​ផ្ទាល់ ឬ​ធនាគារ​ក៏បាន»។

គ្រាន់តែ​ឃើញ​ការ​បង្ហើរ​សារ​ប្រកាស​លក់​ផ្ទះ​នេះ​ភ្លាម ក៏មាន​ការ​លើក​ឡើង ដោយ​ការប៉ាន់ស្មាន​ទៅ​ដល់​តារា​សម្តែង​ស្រី និង​ពិធី​ការិនី ដែល​ក្លាយ​ជា​ថៅកែ​ស្រី​វ័យ​ក្មេង​ជាមួយ​នឹង​ការ​ខិតខំ​បង្កើត​មុខ​របរ​រីក​ដូច​ផ្សិត​មាន​ទាំង​កាក់​ល្អិត និង​ធំ​របស់​កញ្ញា​ដួង ហ្សូរីដា​ដែរ​ថា ៖ «ទំនង​ជា​នាង​ត្រូវ​លក់​ផ្ទះ​បន្ទាន់ ដើម្បី​យក​ប្រាក់​មក​ពង្រីក​របរ​ជួញ​ដូរ​ទេ​ដឹង?»។

ហេតុផល​ជាក់លាក់​នៃ​ការប្រកាស​លក់​ផ្ទះល្វែង​នោះ មិនត្រូវ​បាន​កញ្ញា ដួង ហ្សូរីដា ធ្វើការ​បក​ស្រាយ​នោះ​ឡើយ តែ​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​ការ​បង្ហើប​ប្រាប់​ត្រួសៗ​ពី​សំណាក់​កញ្ញា ដួង ហ្សូរីម៉ា ដែល​ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​ប្រាប់​ថា៖ «អូ!​តាម​ពិត​ផ្ទះ​នោះ បង​ស្រី​គាត់​ទិញ​ប្រមាណ​ជិត ២ ឆ្នាំ​នេះ​ឯង​ហើយ​គាត់​មិន​មាន​បំណង​ទិញ​សម្រាប់​រស់​នៅ​នោះ​ទេ ទើប​បាន​សម្រេច​ចិត្ត​ដាក់​លក់​វិញ​តែ​ម្តង​ទៅ​ដើម្បី​អាច​ដក​ប្រាក់​ចំណេញ​ខ្លះ និង​យក​ប្រាក់​នេះ​ទៅ​ទិញ​ផ្ទះ​ល្វែង​កន្លែង​ផ្សេង​ទៀត និង​ប្រាក់​ខ្លះ​អាច​យក​មក​បន្ថែម​លើ​ការ​ពង្រីក​មុខរបរ​ជំនួញ​ផង​ដែរ»។

មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឃើញថា ដួង ហ្សូរីដា តែងតែមាន​ការពង្រីក​មុខរបរ​ជំនួញ​អន​ឡាញ​នានា ជា​ច្រើន​ជា​បន្ត​បន្ទាប់ សម្រាប់​គ្រួសារ មិន​ថា ជា​ការ​ងារ​រក​ស៊ី​កាក់​ល្អិត ឬ​កាក់​ធំ​នោះ​ទេ ក្រៅ​ពី​អាជីព​ការងារ​សិល្បៈ​ជា​ពិធី​ការិនី​នោះ។

គួរ​បញ្ជាក់ថា កាលពីដើម​ឆ្នាំ ២០១៨ នេះ ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chham Chhany ដែល មាន​សារ​ទម្លាយ​ឈ្មោះ​អ្នក​សិល្បៈ​ចំៗ ដែល​ប្រក​បរបរ​ម៉ែ​យ៉ែម​នោះ ក៏បាន​លើក​យក​ឈ្មោះ​កញ្ញា ដួង ហ្សូរីដា មក​និយាយ​ផង​ដែរ​ក្នុង​ចំណោម​អ្នក​សិល្បៈ ៣ រូប​ដែល​គេ​ចោទ​ថា បាន​ប្រក​បរបរ​នេះ ខណៈ ២ រូប​ទៀត​មាន​អ្នក​នាង ចន ច័ន្ទលក្ខិណា និង​អ្នក​នាង ចាន់ ស្រីណុច ហៅ​ចែ​មុំ អតីត​ជា​ថៅកែ​ហាង​កែ​សម្ផស្ស​ឈ្មោះ មីកាហ្សា៕