ក្រុងបាងកក៖ ដំរី​ព្រៃ ៦ ក្បាល ​បាន​លង់​ទឹក ក្រោយ​ពី​ពួក​វា​រអិល​ជើង​ធ្លាក់ទឹក​ជ្រោះ​នៅ​ភាគ​ខាង​ជើង​ប្រទេស ​ថៃ។ នេះ​បើ​យោង​តាម​អជ្ញាធរ​រាយការណ៍​ពី​ចុង​សប្ដាហ៍។ ក្នុង​ហ្វូង​ដំរី​នោះ​មាន ២ ក្បាល ​​ត្រូវ​បាន​សង្គ្រោះ​​ ​ខណៈ​មួយ​ក្បាល​ទៀត​បាន​​ធ្លាក់​​តាម​ចរន្ត​ទឹក។

អាជ្ញាធរ​នៅ​ភាគ​ខាង​ជើង​ឧទ្យាន​ជាតិ​ខាវយ៉ៃ ​បាន​ឮសួរ​សម្រែក​ដំរី​នៅ​វេលាម៉ោង​ប្រមាណ ៣ ទៀបភ្លឺ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ពួក​គេ​បាន​រក​ឃើញ​​ខ្មោច​ដំរី​ ៦ ក្បាល ​​​នៅ​ឯ​បាត​ជ្រោះ ហែវ​ណារ៉ុក។

ដំរី ​២ ក្បាល​ទៀត ​បាន​បង្ហាញ​កាយវិការ​ព្យាយាម​សង្គ្រោះ​គ្នា​វា​មួយ​ក្បាល​ដែល​ធ្លាក់​ជ្រោះ ប៉ុន្តែ​​វា​បាន​រអិល​​ជាប់​​នៅ​ចន្លោះ​ថ្ម​​ក្បែរ​មាត់​ទឹក​ធ្លាក់។

វីដេអូ​បាន​បង្ហាញ​សកម្មភាព​សត្វ​ដំរី​ព្រៃ​ខំ​រើ​ខ្លួន​ឡើង​ត្រឡប់​ទៅ​កន្លែង​សុវត្ថិភាព​វិញ។

មន្ត្រី​ឧទ្យាន​ជាតិ​បាន​ព្យាយាម​ទម្លាក់​​ចំណី​​សម្បូរ​ជីវជាតិ ដើម្បី​ប៉ូវ​កម្លាំង​ពួក​វា​ឲ្យ​មាន​សុខភាព​រឹង​មាំ អាច​​ឡើង​ភ្នំ​ត្រឡប់​ទៅ​ព្រៃ​ជម្រក​របស់​ពួក​វា​វិញ។

ពួក​គេ​បាន​ឲ្យ​ដឹង​ថា ដំរី ​២ ក្បាល ​ដែល​ត្រូវ​បាន​សង្គ្រោះ​ជីវិត មាន​សញ្ញា​មិន​ប្រក្រតី​ពី​ការ​បាត់បង់​សមាជិក​ក្នុង​ហ្វូង​របស់​វា។

អ្នក​នាំពាក្យ​ឧទ្យាន​ជាតិ​លោក សំភូច ម៉ានីរ៉ាត់ បាន​និយាយ​ថា អ្នក​ជំនាញ​ពុំទាន់​រក​ឃើញ​មូលហេតុ​​នាំ​ឲ្យ​ដំរី​ព្រៃ​ទាំង​នោះ​ងាប់​ឡើយ។

លោក​លើក​ឡើង​ថា៖ «យើង​ពុំ​ហ៊ាន​សន្និដ្ឋាន​ច្បាស់​ថា ហេតុអ្វី​បាន​ជា​វា​ធ្លាក់​ជ្រោះ​ងាប់​នោះ​ទេ​ គឺ​​យប់​នោះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ណាស់​»។

ដើម្បី​សង្គ្រោះ​សត្វ​ដំរី តំបន់​ទេសចរណ៍​ទឹក​ជ្រោះ​នោះ​ត្រូវ​បាន​ផ្អាក​ស្វាគមន៍​ភ្ញៀវ។

ដំរី គឺ​ជា​សត្វ​អត្តសញ្ញាណ​ជាតិ​ថៃ តែ​​ចំនួន​ពួក​វា​​​រស់នៅ​ក្នុង​ព្រៃ ​កាន់​តែ​ថមថយ​នៅ​សល់​តែ​ប៉ុន្មាន​ពាន់​ក្បាល​ប៉ុណ្ណោះ៕ AFP/HR