ក្រុងញូវដែលី: ដំរីព្រៃមួយក្បាលដែលធ្លាក់ចូលអណ្ដូងនៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានស្ទូចឡើងដោយរថយន្ដស្ទូច ក្រោមបេសកកម្មសង្គ្រោះ ១៦ ម៉ោង ពីសំណាក់ឆ្មាំអនុរ័ក្សព្រៃ និងក្រុមពន្លត់អគ្គីភ័យជាច្រើននាក់។
ដំរីបានធ្លាក់ចូលអណ្ដូងជម្រៅជាង ២០ ម៉ែត្រ ក្រោយពីវាដើរត្រាច់ចរតាមភូមិមួយក្នុងរដ្ឋតាមីល ណាឌូ កាលពីសប្ដាហ៍មុនដើម្បីស្វែងរកចំណី។
ឆ្មាំអនុរ័ក្សព្រៃ លោក រ៉ាកគូម៉ា បានប្រាប់ AFP ថា៖ «អ្នកភូមិបានឮសំឡេង និងឃើញដំរីនោះធ្លាក់ចូលអណ្ដូង។ ពួកគេជឿថា វាទំនងជាចង់រត់គេចពីហ្វូងឆ្កែ»។
ដោយមានការភ័យខ្លាច អ្នកភូមិបានហៅអាជ្ញាធរ ពេលពួកគេដឹងថា ដំរីមួយក្បាលអាចងាប់ បើមិនមានការសង្គ្រោះ។ ឆ្មាំ និងក្រុមពន្លត់អគ្គីភ័យប្រមាណ ៥០ នាក់ បានទៅដល់កន្លែងកើតហេតុ ជាទីដែលពួកគេព្យាយាមបូមទឹកចេញពីអណ្ដូង តែសត្វស្ថិតក្នុងការភ័យខ្លាចតែងតែគេចពីឧបករណ៍សង្គ្រោះ។
ក្រុមសង្គ្រោះព្យាយាមបាញ់ថ្នាំសណ្ដំលើដំរីកម្ពស់ ២,៤ ម៉ែត្រ។ លោក រ៉ាកគូម៉ា បាននិយាយថា៖ «ក្រោយប៉ុនប៉ង ៣ ដង យើងអាចសង្គ្រោះវាដោយជោគជ័យ»។
ដល់ពេលយប់ ក្រោមក្រសែភ្នែកមនុស្សម្នា ក្រុមអ្នកសង្គ្រោះចុះក្នុងអណ្ដូង និងទាក់ខ្សែនៅតាមជើងរបស់ដំរី។ បន្ទាប់មក ពួកគេប្រើឡានស្ទូចមកលើដំរីចេញពីអណ្ដូង។
សកម្មភាពសង្គ្រោះត្រូវបានអនុវត្ដដោយក្រុមឆ្មាំអនុរ័ក្សព្រៃរយៈពេលកន្លះម៉ោងមុនពេលនាំយកវាទៅកាន់ព្រៃវិញ។ ឥណ្ឌាគឺជាជម្រកដំរីជិត ៣ ម៉ឺនក្បាល ដោយ ៦០ ភាគរយជាអម្បូរដំរីព្រៃអាស៊ី។ ប៉ុន្ដែការអភិវឌ្ឍភូមិឋានមនុស្សធ្វើឲ្យមានជម្លោះរវាងមនុស្ស និងសត្វ។
យោងតាមទិន្នន័យរដ្ឋាភិបាលឥណ្ឌា បានបង្ហាញថា មនុស្សប្រមាណ ២ ៣៦០ នាក់ ត្រូវបានសម្លាប់ដោយដំរីចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៩។
រយៈពេលដូចគ្នា ដំរីប្រមាណ ៥១០ ក្បាល បានងាប់ រួមទាំង ៣៣៣ ក្បាល ដែលងាប់ដោយសារឆក់ខ្សែភ្លើង និងប្រមាណ ១០០ ក្បាលត្រូវបានប្រមាញ់ និងបំពុល៕ AFP/HR