ក្រុងរីយោ: នេះគឺជាមើមដំឡូងបារាំងទម្ងន់ ៨ គីឡូក្រាម ដែលដុះមកមានរូបរាងដូចជាជើងមនុស្ស។ ដំឡូងចម្លែកនេះត្រូវបានប្រទះឃើញដោយប្ដីប្រពន្ធកសិកររស់នៅក្នុងភូមិឋានដាច់ស្រយាលមួយ អ្នកស្រី ម៉ាលី និង លោក ផូឡូ ស៊ីឃ្វីណែល នៃទីក្រុងម៉េឡៃរ៉ូ រដ្ឋសានតា សានតារីណា ភាគខាងត្បូងប្រទេសប្រេស៊ីល។
រូបថតជាសន្លឹកនៃដំឡូងដ៏ចម្លែកបានបង្ហាញពីរូបភាពមើមដំឡូងបារាំងដែលមានសណ្ឋានដូចជាជើងមនុស្ស ដោយមានទាំងម្រាមតាមលំដាប់លំដោយរបស់វា។
រូបរាងហាក់ដូចជាមេជើងដ៏ធំបំផុតត្រូវបានស្រោបដោយឫស ដែលមានលក្ខណៈដូចជារោម ហើយដំឡូងជើងមនុស្សនេះមានកម្ពស់ជិតដល់ជង្គង់មនុស្ស។
ដំឡូងជើងមនុស្សមានម្រាមរហូតដល់ ៦ ដែលប្ដីប្រពន្ធកសិករមួយគូនេះបានដាំក្នុងសួនបន្លែក្រោយផ្ទះ អមដោយដំណាំបន្លែបង្ការជាច្រើនមុខថែមទៀត។
អ្នកស្រី ម៉ាលី បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនធ្លាប់បានឃើញដំឡូងអីចម្លែកបែបនេះពីមុនមកនោះទេ។ តាមដានមើលថា តើពួកយើងនឹងមានបំណងចង់ធ្វើអ្វីជាមួយដំឡូងជើងមនុស្សនេះ»។
អ្នកស្រី ម៉ាលី បានបន្ដថា៖ «ប្រហែលជាយើងអាចដាក់តាំងបង្ហាញ បើមានមនុស្សម្នាចាប់អារម្មណ៍ចង់ឃើញ។ ខ្ញុំមានអារម្មណ៍រាងរអើលបន្ដិច នៅពេលយើងបានជីកគាស់វាដំបូងពីក្នុងដី»។
ជាទូទៅ កសិករទាំង ២ ដាំបន្លែសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសារ តែប្ដីប្រពន្ធវ័យចំណាស់គូនេះមិនមានបំណងចង់បរិភោគដំឡូងជើងមនុស្សទម្ងន់ ៨ គីឡូក្រាមនេះឡើយ។
អ្នកស្រី និងស្វាមី បានចូលនិវត្ដន៍ និងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេបានដាំដំឡូងនៅក្រោយផ្ទះ ៦ ឆ្នាំមកហើយ៕HR