ភ្នំពេញៈ ក្រោយ​ពី​សន្សំ​បាន​​​​​កិត្តិសព្ទ​​ល្បី​​ឈ្មោះ​មួយ​កម្រិត​​​​ តាមរយៈ​ការ​និពន្ធ​ទំនុក​ច្រៀង និង​មេឡូឌី ឲ្យ​តារា​ចម្រៀង​ប្រុស​​ស្រី​​កំពូលៗ​ នៅ​លើ​ទ្រនំ​​​ហង្ស​​មាស​ និង​​​​​សស្រោក​សស្រាំ​នឹង​សកម្ម​ភាព​​​​​​​​​ជួ​យ​សង្គម​ក្នុង​វិស័យ​ជំរុញ​លើក​ស្ទូយ​សិល្បៈ​ដល់​ក្មេង​ជំនាន់​ក្រោយនោះ​ ក៏​ស្រាប់​តែ​លេច​ឮ​ដំណឹង​​​​ថា ឌីជេ ក្តិប ​បាន​លាឈប់​ពី​សិល្បៈ​ ដែលជា​ឆ្នាំង​បាយ​របស់​ខ្លួន​ទៅ​ប្រកប​ការ​ងារ​​ផ្សេង​វិញ​។​

គេ​នៅ​ចាំ​​​​ថា នា​​​អំឡុ​ង​ពេល​ដើម​ឆ្នាំ ២០១៥ ខណៈដែល​មហាជន​ជា​ច្រើន​ផ្ទុះ​ការ​រិះគន់​ទៅ​លើ​វិស័យ​​​ចម្រៀង​ខ្មែរ​ជុំវិញ​​បញ្ហា​​​កម្មសិទ្ធិ​បញ្ញា និង​ការ​ចម្លង​​បទ​​បរទេស​មក​ច្រៀង​នោះ ទើ​ប ឌីជេ ក្ដិប បាន​​ចេញ​​មុខ​ប្ដេជ្ញា​ថា​ នឹង​ខិតខំ​និពន្ធ​បទ​ចម្រៀង​ស្នាដៃ​ថ្មី​សន្លាង មិន​ចម្លង​គេ​ជា​ដាច់​ខាត តាមរយៈ​ផលិត​កម្ម​របស់​លោក​ឈ្មោះ Camtrax Music ជាមួ​យកំពូល​​តារា​ចម្រៀង ​មាស សុខ​សោភា ផង​ដែរ។ ​

ហើយ​កាល​ពី​ដើម​ឆ្នាំ ២០១៧ ​តារា​ចម្រៀង​រ៉េប និង អ្នក​តែង​​និពន្ធ ឌីជេ ក្តិប បានចាប់​យក​​​ឱកាសធំ​មួយចុះ​កុងត្រា​​​​បញ្ចេញ​ស្នាដៃ​នៅ​ក្នុង​ផលិត​កម្ម​ហង្សមាស មិន​ទាន់​បាន​ប៉ុន្មាន​​​ផ​ង​ ក៏​ឮ​ថា លោក ចាន់ សំ​ណាង ហៅ​ឌីជេ ក្តិប បាន​សម្រេច​​​ចិត្ត​លាឈប់​ពី​ការ​ងារ​សិល្បៈ​ទៅ​វិញ​គួរ​ឲ្យ​ងឿង​ឆ្ងល់​។​

តែ​ពេល​ជួ​ប​​ជា​មួយ​ ភ្នំពេញ​​ ប៉ុ​ស្តិ៍​ តាម​ទូ​រ​​ស័ព្ទ​ ឌីជេ ក្តិប បាន​ប្រាប់​ថា៖ «អូ!​តាម​ពិត​​ទៅ ខ្ញុំ​មិន​មាន​ន័យ​ថា ត្រូវតែ​​​​ឈប់​លែ​ង​វិល​នោះ​ទេ គឺ​គ្រាន់​ចង់​សម្រាក​​​មួយ​រយៈ​សិន​ក្រោយ​ពី​ខ្ញុំ​បាន​ធ្វើ​ការ​ងារ​និពន្ធ​ឲ្យ​​ផលិត​កម្ម​ហង្សមាស​ បានសឹង​តែ​ចប់​សព្វ​គ្រប់​តាម​លក្ខខណ្ឌ​នៃ​​កិច្ច​សន្យា​មកនោះ។ ហើយ​នេះ​ក៏​ជាការ​បំពេញ​នូវ​​ក្តី​បំណង​​ធំ​របស់​ប៉ា​ខ្ញុំ​ដែរ​​ក្នុង​ការ​ងារសិល្បៈ​ ដោយ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្អ​​ នា​​រយៈ​​ពេល​ប្រមាណ​ជាង​ ៦ ឆ្នាំ​នេះ​ តែ​​ឥឡូវ​នេះ​លោក​ប៉ា គាត់​ទៅ​បាត់​ហើយ»។

តាម​ពិត​មក​ពី​អា​រម្មណ៍​ច្របូក​​ច្របល់ក្នុង​ចិត្ត​​របស់​ឌីជេ ក្តិប ដែល​បណ្តា​ល​មក​ពី​​​ឪពុក​លោក​​ឈ្មោះ ចាន់ សារី វ័យ ៧៦ ឆ្នាំ បាន​ទទួល​មរណ​ភាព​កាល​ពី​​មុន​ ថ្ងៃ​​ប្រារព្ធ​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ ​២០១៨ នេះ​​ ហើយ​ទុក​ឲ្យអ្នក​​ម្តាយ​​​វ័យ​ជាង​ ៦០ ​ឆ្នាំ ឈ្មោះ ជា រតនា ត្រូវ​រស់​នៅ​តែ​ម្នាក់​ឯង​​ ជា​ហេតុ​​ផល​មួ​យ​ទៀត​​​ដែល​ជំរុញ​ឲ្យ​ឌីជេ ក្តិប ត្រូវ​ការ​ពេល​វេលា​សម្រាប់​មើល​ថែទាំ​ម្តាយ ខណៈ​ខ្លួន​ក៏​​​មានភារកិច្ច​មើល​ថែ​​​ប្រពន្ធ​ និង​​កូន​​ប្រុស​ក្នុង​​​បន្ទុ​ក​​ផង​ដែរ​។​

ឌីជេ ក្តិប បញ្ជាក់​ថា៖ «ក្រោយ​ពី​ប៉ា​ស្លាប់​ទៅ ខ្ញុំ​​ហាក់​ដូច​ជា​មាន​អារម្មណ៍​មិន​បាន​​ស្ងប់​ក្នុង​ចិត្ត​សោះ ខណៈ​​ពិធី​​បុណ្យ​​សព​ ៧ ថ្ងៃ​​របស់​គាត់​ទើប​តែ​រំលង​ទៅ​កាល​ពី​ម្សិល​​មិ​ញ​នេះ។ ហើយ​ខ្ញុំ​ចង់​សម្រាក​ការ​និពន្ធ​បទ​ចម្រៀង​មួយ​រយៈ​ក្រោយ​ពី​បាន​និពន្ធ​ឲ្យ​​ផលិត​កម្ម​ហង្សមាស​ជា​ច្រើន​បទ​មិន​តិច​ជាង ​​៦០ បទ​នោះ​​​​​​ទេ​ សម្រាប់​រយៈ​​​កិច្ច​សន្យា​ជា​មួយ​ផលិត​កម្ម ខណៈ​ខា​ង​ក្រុម​ហ៊ុន​ក៏​មាន​ការ​អនុគ្រោះ​ដល់​ខ្ញុំ​​ដែរ ​ព្រោះ​​ត្រូវ​សុំ​ផ្អាក​ការ​និពន្ធ​បែ​ប​នេះ។ ឯ​ការ​ងារ​សិ​ល្បៈ​វិញ ខ្ញុំ​នៅ​តែ​ជា​តារា​ចម្រៀង​នៅ​​​តាម​​បារ៍ និង​ក្លិ​ប​រា​ត្រី​ដដែល​ទេ​ ហើយ​ក៏​នឹង​វិល​ទៅ​រក​ការ​និពន្ធ​នោះ​វិញ​នៅ​ថ្ងៃ​ណា​មួ​យ​ដែរ​»៕​