ភ្នំពេញៈ កាន់តែ​បង្ក​ការភ្ញាក់ផ្អើល និង​ចង់ដឹង​ការពិត​យ៉ាងខ្លាំង បន្ទាប់ពី​ល្បី​ថា តារា​ស្រី​មាន​រាសី​ឡើង​កូដ​ក្រឺតៗ​ក្នុង​ពិភព​សម្តែង​ភាពយន្ត​ភាគ​ច្រើន​សម្តែង​ជា​តួឯក​ក្នុង​ភាពយន្ត​ខ្នាត​ធំ ខណៈ​មហាជន​ស្គាល់​ច្បាស់​ជា​តួ​ស្រី​ដែល​ហ៊ាន​ថត​បញ្ចេញ​សាច់​ល្វែង​លើ​ដោយ​សារ​បាន​តម្លៃ​ខ្លួន​ថត​ខ្ពស់ កញ្ញា ឌុច លីដា នោះ ជា​ចៅ​ស្រី​របស់​អតីត​មេគុក​ទួល​ស្លែង​តា​ឌុច។

ទាំង​មហាជន​ទូទៅ​ក៏ដូចជា​អ្នកគាំទ្រ​របស់​តារា​សម្ដែង​ស្រី​មាន​រាង​តូច​ច្រឡឹង ចង្កេះ​អង្ក្រង​សម្បូរ​មន្ត​ស្នេហ៍​រយ​ពាន់​កញ្ញា​ឌុច លីដា ប្រាកដ​ជា​ចង់​ដឹង​ពី​អាថ៌កំបាំង​នេះ​ណាស់ ថា​តើ​ពិត​ឬ​យ៉ាង​ណា​ដែល​មាន​ដំណឹង​មិន​នឹក​ស្មាន​ដល់​ថា នាង​គឺជា​ចៅស្រី​របស់ លោក កាំង ហ្កេកអ៊ាវ ហៅ​តា​ឌុច នោះ?

ថ្លែងប្រាប់​ទាំង​កើតមាន​ចម្ងល់​រក​ប្រភពព័ត៌មាន​ថា រូបនាង​មាន​ជាប់​សាច់ឈាម​ទៅនឹង​អតីត​ជា​មេ​គុក​ទួល​ស្លែង​តា​ឌុច តារា​ស្រី​ដែល​បាន​ជះ​ទុន​ជាង ១ ម៉ឺន​ដុល្លារ ទៅ​បើក​ហាង​គុយ​ទាវ​មួយ​ឈ្មោះ​ថា «ឡាំ​ឌួយ» ហើយ​ក៏​បាន​បិទ​ទៅ​វិញ នា​ប៉ុន្មាន​ខែ​ក្រោយ ដោយ​សារ​ខ្លួន​រវល់​ការងារ​សិល្បៈ​ខ្លាំង​គ្មាន​ពេល​មើល​ខុស​ត្រូវ​នោះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ឆ្ងល់​ណាស់​បង!​តើ​ដំណឹង​នេះ​បាន​ពី​ខាង​ណា​មក​ថា ដូច្នេះ ខណៈ​ការ​ពិត​មិន​មែន​ឡើយ។ ប្រសិន​បើ​មាន​បងប្អូន​សង្ស័យ​បែប​នេះ ម៉េច​មិន​ឆ្ងល់​ថា នាង​ខ្ញុំ​ជា​ប្អូន​ស្រី​របស់​បង​ឌុច សុភា ដែរ​ទៅ​អ៊ីចឹង?»។

កញ្ញា ឌុ​ច លីដា បន្ត​ទាំង​មានការ​ហួសចិត្ត ដោយ​គិតថា​ទំនង​ជាមាន​បងប្អូន​ខ្លះ​គាត់​ចូលចិត្ត​យក​មក Troll លេង ព្រោះ​តែ​មាន​នាម​ត្រកូល​ឈ្មោះ «ឌុ​ច» នោះ​ឯង​ថា៖ «នាង​ខ្ញុំ​គិត​ថា ទំនង​ជា​គាត់​ឃើញ​នាម​ត្រកូល​នោះ​ហើយ​បាន​ជា​យក​មក​លេង​សើច​បែប​នេះ។ តែ​នាង​ខ្ញុំ​ក៏​សំណូមពរ​បង​ប្អូន​ផង​ថា កុំ Troll លេង​ដូច្នេះ​អី ហើយ​ក៏​សូម​ជម្រាប​បងប្អូន​ដែរ​ថា នាង​ខ្ញុំ អត់​មាន​ជាប់​សាច់​ឈាម​នឹង​លោក​តា​ឌុច នោះ​ទេ»។

តារា​ស្រី ដែល​ឡើង​កូដ​ខ្លាំង​ក្នុង​ពិភព​សម្តែង​ភាពយន្ត​ខ្នាត​ធំ ពិសេស នាង​ក៏ ធ្លាប់​ត្រូវបាន​អ្នក​ទស្សនា​បញ្ជាក់​ឲ្យ​ដឹង​ថា នាង​ហ៊ាន​ថត​ស្រាត​បញ្ចេញ​នូវ​សាច់​ល្វែង​លើ​ពិតៗ ដោយសារ​តែ​នាង​ទទួល​បាន​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​នៅ​ក្នុង​ការ​ប្រជែង​យក​តំណែង​តួឯក​ស្រី​ក្នុង​ភាពយន្ត​ខ្នាត​ធំ​បំផុត​របស់​ខ្មែរ​គឺ​រឿង «ស្បែក​គង់» ដែល​គេ​បាន​ចំណាយ​ទុន​វិនិយោគ​រហូត​ដល់ ៦៨ ម៉ឺន ដុល្លារ និង​ក្រោយ​មក​ល្បី​មួយ​ប្រាវ​ទៀត​ជាមួយ​ការ​សម្តែង​លែង​កាយ​ក្នុង​កុន​ដុំ​ក្រោយ​រឿង «នារី​វេទមន្ត»។

ក្រោយមក​ទាំង​មហា​ជន និង​មិត្ត​អ្នកសិល្បៈ មានការ​ភ្ញាក់ផ្អើល ខណៈ​បានឃើញ​តារា សម្តែង​ស្រី ដែល​ផ្តើម​ភាព​ល្បី យ៉ាង​ខ្លាំង​ព្រោះ​ហ៊ាន​បញ្ចេញ​ល្វែង​លើ​នៅ​ក្នុង​ឈុត​ងូត​ទឹក​ជ្រោះ​ដ៏ ត្រជាក់​រហឹម​របស់​តារា​សម្តែង​ស្រី​តូច​ច្រឡឹង​កញ្ញា ឌុច លីដា នៅ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​តាមរយៈ​ខ្សែ​ភាពយន្ត​រឿង «ស្បែកគង់» បាន​ប្រកូក​ប្រកាស​ផ្សព្វផ្សាយ​ហៅ​មិត្តភក្តិ និង​មិត្ត​អ្នក​សិល្បៈ​ទាំង​ឡាយ​ឲ្យ​ជួយ​ញ៉ាំ​គុយទាវ​នៅ​ហាង «ឡាំ​ឌួយ» ដែល​ហាង​មួយ​នេះ​មាន​ទីតាំង​នៅ​ខាង​ក្រោយ​មន្ទីរពេទ្យ រុស្ស៊ី កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៧ តែ​បច្ចុប្បន្ន​ហាង​នេះ​ត្រូវ​បាន​បិទ​ហើយ៕