ភ្នំពេញៈ ថ្មីៗ​នេះ​តារាសម្តែង​ស្រី​រូប​ស្រស់​រាង​ស្រលូន​កញ្ញា ណាក់ ស្រីណា ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ប្រើ​រូបថត​របស់​នាង​ដាក់​ក្នុង Profile ខ្លួន​ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ទើប​នាង​ចេញ​សារ​ប្រកាស​ប្រាប់​ប្រិយមិត្ត​គាំទ្រ​ក៏ដូចជា​មិត្ត​សិល្បៈ​ឲ្យ​បានដឹង ដើម្បី​កុំ​ឲ្យ​មាន​ការភាន់ច្រឡំ និង​ពេល​មាន​ការប្រើប្រាស់​ខុស​គោលបំណង​នានា​។

តារាសម្តែង​ស្រី​ដែល​ហក់​ចូល​វិស័យ​សិល្បៈ​បាន​ប្រមាណ ៧-៨ ឆ្នាំ និង​បច្ចុប្បន្ន​ជា​ពិធីការិនី​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​មាន​រូប​សម្ផស្ស​ស្រស់ស្អាត រាងស្រលូន កញ្ញា ណាក់ ស្រីណា បាន​បង្ហើរ​សារ​ថា​៖ «​សូម​បងប្អូន​ទាំងអស់​គ្នា​ជួយ​ស៊ែរ​ផង ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រឡំ និង​ត្រូវ​ចាញ់បោក​ជន​ខិលខូច​។ នេះ​មិនមែន​ជា​គណនី​ហ្វេសប៊ុក​របស់​ខ្ញុំ​ទេ ដូច្នេះ​ប្រសិន​បងប្អូន​បានឃើញ​ហ្វេសប៊ុក​ឈ្មោះ អ៊ីសាអ៊ីសា (​រ័ត្ន មុន្នីពេជ្រ​) មួយ​នេះ Chat ទៅ​ខ្ចីលុយ ឬ​ក៏​មាន​ការប្រើប្រាស់​ខុសឆ្គង​ដោយ​ប្រការ​ណា​មួយ នាងខ្ញុំ​សូម​មិន​ទទួល​ខុសត្រូវ​ឡើយ​។ សូម​បញ្ជាក់​ថា ហ្វេសប៊ុក​របស់​នាង​ខ្ញុំ​មាន​តែ​មួយ​គត់​គឺ Nak Sreyna ដែល​ខ្ញុំ​កំពុង​ប្រើ​រៀងរាល់​ថ្ងៃនេះ​។ អរគុណ​បងប្អូន និង​មិត្តភក្តិ​ទាំងអស់​គ្នា​ដែល​បាន​ផ្តល់​ដំណឹង​មក​ខ្ញុំ​»​។

ក្រោយពី​បាន​ជូន​ដំណឹង​មក​នោះ ស្រីស្រស់​សោភា កញ្ញា ណាក់ ស្រីណា ក៏​នៅ​ពុំ​ទាន់​មាន​វិធានការ​អ្វី​ជា​បន្ត​ឡើយ​ចំពោះ​អ្នក​ដែល​បាន​ប្រើ​រូបថត​របស់​នាង​ដាក់​ទៅ​លើ Profile ឈ្មោះ​ខាង​លើ​។

ដោយ​គ្រាន់តែ​កញ្ញា ណាក់ស្រីណា បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាង​ខ្លី ដោយសារ​នាង​ត្រូវ​ដល់​ពេល​ត្រូវ​ថត​កម្មវិធី​ទូរទស្សន៍​ថា​៖ «​ចំពោះ​រឿង​នោះ ខ្ញុំ​ក៏​មាន​ការបារម្ភ​ខ្លាច​កើត​រឿងរ៉ាវ​ផ្សេងៗ​ដែរ តែ​ក៏​មិន​ទាន់​បាន​រក​វិធានការ​សម្រាប់​អ្នក​ប្រើ​រូបនាង​ខ្ញុំ​ទៅ​បង្កើត​ហ្វេសប៊ុក​ផ្សេង​នោះ​នៅ​ឡើយ​ដោយសារ​គាត់​មិនមែន​ជា friend របស់​ខ្ញុំ​។ សុំទោស​ផង​បង​ពេល​នេះ​ខ្ញុំ​រវល់​ត្រូវ​ទៅ​ថត​ហើយ ព្រោះ​គេ​កំពុង​ចាំ​ខ្ញុំ​»​។

កញ្ញា ណាក់ ស្រីណា គឺជា​បុប្ផា​​រូប​ស្រស់​សោភា​ដែល​មាន​ស្រុកកំណើត​មកពី​តំបន់​ភូមិ​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​បាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ដំបូង​តាំងពី​ឆ្នាំ ២០១០ មក និង​បាន​ចាប់​អាជីព​ជា​អ្នកសិល្បៈ​ជាប់លាប់​នៅ​ឆ្នាំ ២០១១​។

នាពេល​កន្លង​មក​នេះ​គេ​ក៏​ឃើញ​កញ្ញា ណាក់ ស្រីណា បាន​ទម្លាយ​សារ​តាម​បណ្តាញ​សង្គម​ប្រាប់​ពី​អាថ៌កំបាំង​ដ៏រសើប​របស់​ផលិតកម្ម​មហាហង្ស​មិន​ទាន់​ប្រគល់​ប្រាក់​គ្រប់​ចំនួន​ដែល​ថតកុន​រឿង «​មរតក​ចុកឈាម​» ​ផ្អើល​ទាំង​មហាជន និង​អ្នកសិល្បៈ​ដែល​ពុំទាន់​ប្រគល់​ប្រាក់​គ្រប់​ចំនួន​តាម​កិច្ចសន្យា និង​បន្ត​ស្ងាត់ស្ងៀម តែ​ក្រោយមក​ក៏​ត្រូវ​បាន​ភាគី​ផលិតកម្ម​មហាហង្ស​សម្របសម្រួល​គ្នា​បញ្ចប់​រឿង​ផងដែរ​។

ខណៈ​រឿងរ៉ាវ​កើតឡើង​នោះ​គឺ​ដោយសារ​ការថត​កុន​ចប់​រំលង​ជិត ១ ឆ្នាំ​ហើយ តែ​ថ្លៃ​ខ្លួន​ដែល​ជា​កម្លាំង​ពលកម្ម​ក្នុង​នាម​ជា​តួឯក​ស្រី​សម្តែង​កុន​រឿង «​មរតក​ចុក​ឈាម​» ឲ្យ​ផលិតកម្ម​មហាហង្ស​នោះ​ពុំ​ទាន់​ប្រគល់​ប្រាក់​គ្រប់​ចំនួន​តាម​កិច្ចសន្យា និង​បន្ត​ស្ងាត់ស្ងៀម​មិន​ព្រម​សង​ទើប​តារា​ស្រី​ស្រស់ កញ្ញា ណាក់ ស្រីណា ទម្លាយ​សារ​ដ៏អាថ៌កំបាំង​នោះ​ឡើង​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ទើប​នាំ​ឲ្យ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​៕