ភ្នំពេញៈ នៅ​ទី​បំផុត​តារា​ចម្រៀង​ស្រី​ឯករាជ្យ​ ដែល​​​និយម​ចូលចិត្ត​ស្លៀកពាក់​បែប​សិចស៊ី​ខើច​​​​លើ​ខើច​​ក្រោម​សាច់​សខ្ចី​ កញ្ញា រតនៈ ពិសី​ បាន​​ចុះ​​កិច្ច​សន្យា​ ​៥ ឆ្នាំ​ ជាមួយ​នឹង​ផលិតកម្ម ​Top Music ដែល​ជា​បុត្រសម្ព័ន្ធ​ថ្មី​មួយ​របស់​ផលិតកម្ម​ធំ​របស់​ថោន​។

បច្ចុប្បន្ន​នេះ សង្កេត​ឃើញ​ថា តារា​សម្ដែង​ និង​​ចម្រៀង​ស្រី​​រូប​នេះ ​ហាក់​មាន​សម្ទុះ​ខ្លាំង​​ក្នុង​ការងារ​​សិល្បៈ​​គឺ ​នាង​តែងតែ​ក្ដាប់​បាន​ឱកាស​ចេញ​ទៅ​សម្ដែង​​ក្រៅ​ប្រទេស​​ជា​ញឹកញាប់​។ យ៉ាង​ណា​មិញ ស្រប​ពេល​ការងារ​សិល្បៈ​កំពុង​តែ​មមាញឹក​ខ្លាំង​ ស្រាប់​តែ​ថ្មីៗ​នេះ តារា​ស្រី​ចូលចិត្ត​បញ្ចេញ​ដើម​ទ្រូង​មូលក្បំ​កញ្ញា រតនៈ ពិសី ​​​ឲ្យ​ដឹង​ពី​ការ​ចុះ​កុងត្រា ជាមួយ​នឹង​ផលិតកម្ម​ថោន មាន​រយៈពេល​ដល់​ទៅ​ ៥ ឆ្នាំ​ ដោយសារ​ចង់​ឲ្យ​ខ្លួន​ជា​តារា​ចម្រៀង​ម្នាក់​ដែល​មាន​​ទ្រនំ​ច្បាស់លាស់​​នឹង​​គេ ក្រោយ​​ពី​បាន​​ប្រឡូក​ចូល​​សិល្បៈ​​ប្រមាណ​ ៧-៨ ឆ្នាំ​​មក​ ជា​តារា​ចម្រៀង​​ឯករាជ្យ​នោះ​។​

កញ្ញា រតនៈ ពិសី ​​វ័យ ​២៥ ឆ្នាំ ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «ជា​​ការ​ពិត​មែន​​បង! នាង​ខ្ញុំ​ទើប​តែ​បាន​ព្រមព្រៀង​​ចុះ​កុងត្រា​​​នឹង​​ផលិតកម្ម​ Top Music ដែល​ជា​ផលិតកម្ម​មួយ​ ស្ថិត​នៅ​ក្រោម​ទ្រនំ​​ផលិតកម្ម​ថោន​​ ដែល​មាន​រយៈពេល​ ៥ ​ឆ្នាំ​​។

កាល​ដែល​ព្រម​នេះ ក៏​មាន​ការ​ពេញ​ចិត្ត​ និង​​ដឹង​ច្បាស់​អំពី​លក្ខខណ្ឌ​​​​ផលិតកម្ម​​ផង​ដែរ ទើប​​ហ៊ាន​សម្រេច​​ចុះ​​កិច្ចសន្យា​រយៈពេល​យូរ​នោះ​។ ម្យ៉ាង​​ដោយសារ​គិត​​ថា ប៉ុន្មាន​ឆ្នាំ​ ដែល​នាង​ខ្ញុំ​ជា​តារា​ចម្រៀង​ឯករាជ្យ​យូរ​ណាស់​មក​ហើយ​ដែរ ទើប​នាពេល​នេះ​​ នឹក​​​ចង់​បាន​ទ្រនំ​មួយ​​​ច្បាស់លាស់​នឹង​​គេ​ ក៏​សម្រេច​ចិត្ត​ចូល​ជាមួយ​គ្រួសារ​ផលិតកម្ម​​ថោន​តែ​ម្តង​»។

កញ្ញា រតនៈ ពិសី បាន​​បន្ត​ថា៖ «​​​នាង​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ​ចិត្ដ​ជា​ពន់​ពេក ដែល​​​មាន​ឱកាស​​ធំៗ​ ​២ នៅ​ដៃ​ក្នុង​​ពេល​តែ​មួយ គឺ​ការ​ចុះ​កុងត្រា​ច្រៀង​​ក្នុង​​​​ផលិតកម្ម​ថោន និង​ក្ដី​ស្រមៃ​ចេញ​ទៅ​​​សម្ដែង​នៅ​ក្រៅ​ប្រទេស ដោយ​ការ​ចេញ​ទៅ​សម្ដែង​លើក​នេះ នាង​សង្ឃឹម​ថា​នឹង​​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ផង​ដែរ​»។

ក្រោយ​ពី​​ចុះ​​កុងត្រា​នេះ​​ តារា​ចម្រៀង និង​សម្ដែង​ចំណូល​ថ្មី​នៃ​​​ផលិតកម្ម​ថោន ស្រីស្រស់ សាច់​ស​​ដូច​​បណ្ដូល​​ចេក​ រតនៈ ពិសី មាន​ការ​រំពឹង​យ៉ាង​​មុត​មាំ​ថា នឹង​ទទួល​បាន​នូវ​​ការ​គាំទ្រ​ច្រើន​​ពី​ទស្សនិកជន ខណៈ​​​រូប​នាង​សង្កេត​​ឃើញ តារា​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ល្បី​មួយ​នេះ សុទ្ធ​តែ​​​​មាន​​កេរ្តិ៍​ឈ្មោះ​​បោះ​​​សំឡេង និង​មាន​ភាព​ល្បី​​​ជា​បន្តបន្ទាប់​។​

ចំណែក​ឯ​លោក ដា​ភ្លេង ដែល​​ទទួល​​​បន្ទុក និង​​គ្រប់គ្រង​ផលិតកម្ម​ថ្មី​ឈ្មោះ​ Top Music នោះ ក៏​បាន​បញ្ជាក់​ពី​គម្រោង​​​ជ្រើសរើស​យក​តារា​ចម្រៀង​សម្រាប់​​ផលិត​ និង​ការ​ចុះ​កុងត្រា​​ជា​បណ្តើរៗ​ថា​៖ ​«​Top Music ​មាន​គម្រោង​​​ច្រើន​ក្នុង​ការ​​​បង្កើត​កម្មវិធី​សិល្បៈ​​ធំៗ​ច្រើន​សម្រាប់​ទូរទស្សន៍​​ថោន ដូច្នេះ​យើង​ក៏​​បាន​ចុះ​កុងត្រា​​ជាមួយ​នឹង​​តារា​ចម្រៀង​​ ៥ ​រូប​មក​ហើយ​ដែរ ដោយ​មាន​តារា​ចម្រៀង​ស្រី​ ៣ រូប​ និង ​ប្រុស​ ២ រូប ហើយ​ពេល​នេះ​ សុំ​បញ្ចេញ​តារា​ចម្រៀង​ស្រី ​២ ​រូប​សិន ​គឺ​កញ្ញា សុវត្ថិឌី ធារិកា និង​កញ្ញា រតនៈ ពិសី»៕​