ភ្នំពេញៈ ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការពង្រីក​សាខា​បន្តបន្ទាប់​នៃ​អាជីវកម្ម​ក្រោម​ស្លាក​យីហោ «ផែ​សមុទ្រ» ដែល​ជា​ការ​ដាក់​ទុន​បេះដូង និង ធនធាន​រួម​ជាមួយ​ម្ចាស់​ស្នេហ៍ តារា​សម្ដែង និង​ម៉ូដែល តូតា និង​ថៅកែ​ផលិតកម្ម​អង្គរ​ភិចឈ័រ លោក ប៉ូ វិបុល ជា​លក្ខណៈ​លក់ franchise ជា​លើក​ដំបូង​នៅ​ក្នុង​តម្លៃ​ជិត ១ សែន​ដុល្លារ នៅ​ម្ដុំ​ផ្សារ​កាប់​គោ នោះ​មិន​ទាន់​អស់​ចំហាយ​ល្បី​ផង ក៏​ស្រាប់​តែ​តារា​ស្រី​រូបនេះ បន្ត​មក​ផុស​ផុល​ល្បី​នឹង​រឿង​លក់​ដីឡូត៍​វិញ​ម្តង។

តាមរយៈ​សារ​ដែល​បង្ហោះ​ថា «ដី​លក់​មាន​ទំហំ ៦០ ម៉ែត្រ x ៩០ ម៉ែត្រ នៅ​ព្រែក​ធំ (ខេត្ត​កំពត) ល្អ​សម្រាប់​គម្រោង​សណ្ឋាគារ និង​រីសត។ ទីតាំង​ស្ថិត​នៅ​តាម​ស្ពាន​កំពត​ថ្មី ចម្ងាយ ៣ គីឡូម៉ែត្រ» ចេញ​គណនី​ហ្វេសប៊ុក​របស់​តារា​សម្តែង​ស្រី​ស្រស់ បបូរ​មាត់​សិច​ស៊ី កញ្ញា តូតា មួយ​ស្របក់​មក​នោះ ក៏មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​លាន់​មាត់​ថា «អីយ៉ា!​កញ្ញា តូតា ពិត​ជា​មិន​ធម្មតា​មែន ខណៈ​នាង​ទើប​បើក​លក់ franchise ជា​លើក​ដំបូង​ក្នុង​តម្លៃ​ជិត ១ សែន​ដុល្លារ ម្តុំ​ផ្សារ​កាប់​គោ ជា​សាខា​ទី ៤ នៃ​ផែ​សមុទ្រ​សោះ ហើយ​ឥឡូវ​នេះ មក​ប្រកាស​លក់​ដីឡូត៍​ជា​ទ្រព្យធន​កើប​ប្រាក់​ស្រួលៗ​មួយ​ទៀត​ហ្ន!។ តើ​កញ្ញា តូតា ប្រកាស​លក់​ដី​នេះ ដើម្បី​យក​ប្រាក់​ទៅ​ពង្រីក​មុខរបរ​រកស៊ី ឬក៏​យ៉ាង​ណា?»។

ថ្លែង​ទាំង​មានការ​លាយឡំ​ដោយ​សំណើច​នោះ កញ្ញា តូ​តា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពេល​ដំបូង​នាង​ថា នោះ​ជា​ដី​របស់​បងប្អូន តែ​ក្រោយ​មក​ក៏​បង្ហើប​ការ​ពិត​ថា៖ «មិន​មែន​ជា​ដី​របស់​នាង​ខ្ញុំ​ទេ​បង! តាម​ពិត​ទៅ​ ដី​នោះ​របស់​លោក ប៉ូ វិបុល។ សម្រាប់​នាង​ខ្ញុំ​គ្រាន់​តែ​ប្រកាស​លក់​ឲ្យ​គាត់​ទេ ហើយ​ប្រសិន​បើ​បង​ចង់​ដឹង​ថា គាត់​លក់​ដី​យក​ប្រាក់​ធ្វើ​អ្វី ឬ​ដើម្បី​ប្រើ​ធ្វើ​អ្វី​នោះ សូម​រំខាន​បង​ជួយ​ទូរស័ព្ទ​ទៅ​សាកសួរ​គាត់​លម្អិត​ចុះ​គឺ​នាង​ខ្ញុំ​ពិត​ជា​មិន​បាន​ដឹង​ដែរ»។

ចាប់តាំងពី​ព្រម​សហការ​ដាក់ទុន​រួមគ្នា​នឹង​គូស្នេហ៍​លោក ប៉ូ វិបុល ហៅ នី​ត ថៅកែ​ផលិតកម្ម​អង្គរ​ភិចឈ័រ លើ​មុខ​ជំនួញ​អាជីវកម្ម​បើក​ជា​អាហា​រដ្ឋាន​ដែល​មាន​យីហោ «ផែ​សមុទ្រ» នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន ១២ សាខា​មក​នោះ តារា​ស្រី ម៉ាក់ សែន​សូនីតា ហៅ​កញ្ញា តូតា ក៏​ល្បី​ថា ជិត​កំណត់​វេលា​ចូល​រោងការ និង​ចង់​រៀបចំ​ឲ្យ​ខុស​ប្លែក​ពី​គេ​ទៀត​ផង តែ​មិន​ទាន់​កំណត់​ពេល។

ក្នុងជំនួប​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ តារា​សម្តែង​ស្រី​ស្រស់ បបូរមាត់​សិច​ស៊ី កញ្ញា តូតា បែរ​ជា​ឆ្លើយ​លាយឡំ​នឹង​សំណើច​ថា៖ «អត់​ទាន់​មាន​គម្រោង​ដូច្នេះ​នៅ​ឡើយ​ទេ​បង​គឺថា​អាច​នៅ​វែង​ឆ្ងាយ​ទៀត។ ពេល​នេះ យើង​សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការងារ​រក​ស៊ី​សិន»។

ទំនាក់ទំនង​ស្នេហ៍​រវាង​តារា​ស្រី​ស្រស់​សោភា តូ​តា និង​លោក​វិបុល បាន​សាយភាយ​ពេញ​ពិភព​សិល្បៈ​ទៅ​ហើយ ខណៈ​ដែល​អ្នក​ទាំង ២ ក៏​កំពុង​តែ​ពួតដៃ​គ្នា​បើក​មុខ​ជំនួញ​ហាង​អាហារ «ផែ​សមុទ្រ» បាន​ចំនួន ៤ សាខា​ហើយ​ដែរ​គឺ​ទី ១ ស្ថិត​នៅ​ខាង​ក្រោយ​សណ្ឋាគារ​ឡឺ​ប្រេស៊ីដង់ សាខា​ទី ២ មាន​ទីតាំង​នៅ​ក្រុង​តាខ្មៅ ឯ​សាខា​ទី ៣ មាន​ទីតាំង​ស្ថិត​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ហើយ​សាខា​ទី ៤ ដែល​ស្ថិត​នៅ​ម្ដុំ​ផ្សារ​កាប់​គោ ដែល​ត្រូវ​បាន​សម្ពោធ​កាល​ពី​ថ្ងៃទី ៣ ខែ​ឧសភា ឆ្នាំ ២០១៨ កន្លង​មក មាន​វត្តមាន​អ្នក​សិល្បៈ​ចូលរួម​ច្រើន​គួរសម ដូចជា​អ្នក​នាង កាតុ និង​ស្វាមី ព្រមទាំង​តារា​សម្ដែង គៀត សុវណ្ណាឡាង ជាដើម​នោះ គឺជា​គម្រោង​ដំបូង​មួយ​នៃ​ការ​លក់​ជា francise របស់​មុខ​ជំនួញ​នៃ​អាជីវកម្ម​រួម​ទុន​គ្នា​របស់​តារា​សម្តែង​ស្រី​តូតា និង​គូស្នេហ៍​ផង​ដែរ៕