ភ្នំពេញៈ ខណៈចំណងស្នេហ៍តារាស្រីស្រស់កញ្ញា តូតា និងពាណិជ្ជករខ្មែរទ្រព្យស្តុកលោក ប៉ូ វិបុល សុសសាយពេញពិភពសិល្បៈតាមរយៈការពួតដៃគ្នាបើកមុខជំនួញអាហារ «ផែសមុទ្រ» នៅក្នុងទីក្រុងភ្នំពេញដំណើរការបានច្រើនសាខាមកនោះ ក៏ស្រាប់លេចចេញរឿងមួយទៀតបើករីសតថ្មីសន្លាងនៅលើទឹកដីខេត្តកំពត គួរឲ្យភ្ញាក់ផ្អើលខ្លាំងសាជាថ្មី។
នេះបើយោងតាមការប្រកាសពីហ្វេសប៊ុកតារាស្រីមានបបូរមាត់សិចស៊ី ម៉ា់ក់ សែនសូនីតា ហៅ តូតា បានបង្ហោះប្រាប់មិត្តភក្តិនាពេលថ្មីៗដែលមានឈ្មោះថា «ផែសមុទ្ររីសត» ស្ថិតនៅក្រុងកំពត ខេត្តកំពត ឯណោះ។
ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលពីការពង្រីកសាខាបន្តបន្ទាប់នៃអាជីវកម្មក្រោមស្លាកយីហោ «ផែសមុទ្រ» ដែលជាការដាក់ទុនបេះដូង និងធនធានរួមគ្នារវាងតារាសម្ដែងកញ្ញា តូតា និងថៅកែផលិតកម្មអង្គរភិចឈ័រ លោក ប៉ូ វិបុល លក្ខណៈលក់ franchise មិនទាន់អស់ចំហាយល្បីផង ក៏ស្រាប់តែតារាស្រីរូបនេះបន្តមកផុលផុសនឹងរឿងបើករីសតវិញម្តង។
រីសត «ផែសមុទ្រ» ថ្មីសន្លាងរបស់តារាសម្តែងស្រីកញ្ញា តូតា និងម្ចាស់ស្នេហ៍លោក ប៉ូ វិបុល នោះមានទីតាំងស្ថិតនៅក្នុងភូមិតាដិប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
លោក ប៉ូ វិបុល ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមពិតទៅទីនេះគឺគ្រាន់តែជាការចាប់ផ្តើមបើកនូវការដ្ឋានរៀបចំប្រែក្លាយឲ្យទៅជារីសតតែប៉ុណ្ណោះ យើងមិនទាន់បានរួចរាល់មួយរយភាគរយនោះទេ។ ផ្ទៃដីនៃតំបន់រីសតនេះមានទំហំចំនួន ៤ ហិកតាវាមានទីតាំងល្អស្ថិតនៅក្នុងភូមិតាដិបសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ជាប់ដងព្រែកហើយអាចជាកន្លែងសម្រាប់បោះតង់កម្សាន្តនានាបាន ហើយនេះក៏ជាការដាក់ហ៊ុនរួមគ្នារវាងខ្ញុំ និង កញ្ញា តូតា ផងដែរ»។
ចំណែកតារាស្រីកាន់តែមានរូបសម្ផស្សស្រស់ស្អាតវ័យ ២៤ ឆ្នាំ កញ្ញា តូតា បានបន្តឲ្យដឹងថា៖ «ទោះបីជាទើបបើកមិនទាន់មានលក្ខណៈជារីសតពេញលេញមែន តែឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីបងប្អូនមហាជន និងអ្នកចូលចិត្តដើរកម្សាន្តបែបនែបនិត្យនឹងសម្រស់ធម្មជាតិពិតៗដូចជានៅកន្លែងរីសតយើងនេះ។ នៅពេលនេះយើងក៏មានរៀបចំជាសេវាកម្មបោះតង់ ជិះទូកកម្សាន្ត និងស្ទូចត្រី និងអង្គុយញ៉ាំអាហារសមុទ្រ និងត្រីដែលអាចរកទិញពីអ្នកភូមិហើយក្នុងក្យូសលើផែ លម្ហែអារម្មណ៍ បណ្តើរៗហើយផងដែរ។
ពេលឆាប់ៗនេះយើងនឹងមានទូកធំសម្រាប់ដឹកក្រុមទេសចរកម្សាន្តលក្ខណៈជាក្រុមខ្នាតធំចំនួន ២០-៣០ នាក់ដែរ ហើយយើងក៏មានគម្រោងរៀបចំជាសេវាកម្មជាប្រភេទកញ្ចប់នៃការធ្វើដំណើរកម្សាន្តនានាដូចជាការបោះតង់ ការជិះទូក ស្ទូចត្រី ឲ្យបានពេញលេញដែលអាចចេញទៅកាន់តំបន់កម្សាន្តនានាដូចជាទៅកោះរ៉ុង ឬជិះទូកកម្សាន្តតាមដងព្រែកជាដើម»៕