ភ្នំពេញៈ ដោយ​ក្តី​អាណិតអាសូរ​ខ្លាំង​ចំពោះ​កុមារី ធ្លាប់​រស់​នៅ​ឯ​មណ្ឌល​កុមារ​កំព្រា ដែល​កំពុង​តែ​មាន​ជំងឺ​ទឹក​នោម​ប្រៃ​កម្រិត​ធ្ងន់ ហើយ​ខ្វះខាត​ប្រាក់​សម្រាប់​ព្យាបាល​នៅ​ឯ​ប្រទេស​ថៃ ក្រោយ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​អស់​លទ្ធភាព​ព្យាបាល​នោះ ទើប​តារា​សម្តែង​ស្រី​រូប​ស្រស់​កញ្ញា តូតា និង​គូស្នេហ៍​ក៏បាន​ផ្តើម​កៀរគរ​រក​សប្បុរស​ជន​ពី​គ្រប់​មជ្ឈដ្ឋាន​បាន​ប្រាក់​ជាង ៣ ពាន់​ដុល្លារ​ទៅ​ជួយ​ដល់​ក្មេង​ស្រី​មាន​ឈ្មោះ​ថា ស្រី​តី នោះ​កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ។

ទង្វើ​ល្អ​ដែល​ចេះ​ជួយ​ដល់​ជន​ក្រខ្សត់ ជាពិសេស​កុមារកំព្រា​បែបនេះ ត្រូវបាន​មហាជន និង​អ្នក​សិល្បៈ​នានា​មើល​ឃើញ និង​លាន់​មាត់​សរសើរ​តារា​សម្តែង​ស្រី​ស្អាត ដែល​ជា​ថៅកែ​អាហា​រដ្ឋាន​ឈ្មោះ «ផែ​សមុទ្រ» កញ្ញា តូតា ភ្លាមៗ​ថា៖ «ស្អាត​ហើយ​ចិត្ត​ល្អ​ទៀត! តូតា ប្រមូល​ថវិកា​បាន​ជាង ៣ពាន់​ដុល្លារ ទៅ​ជួយ​ក្មេង​ស្រី​ដ៏​គួរ​ឲ្យ​អាណិត​កើត​ជំងឺ​ទឹក​នោម​ប្រៃ​ធ្ងន់ធ្ងរ»។

ខណៈ​តារា​សម្តែង​ប្រុស​ជើងចាស់​ដែល​ឧស្សាហ៍​មាន​សកម្មភាព​សប្បុរស​ដែរ​គឺ​លោក សាវិន ហ្វីលីព ក៏​បន្ទរ​សារ​កោត​សរសើរ​ដល់​ទឹក​ចិត្ត​កញ្ញា តូតា ផង​ដែរ​ថា៖ «អរគុណ​ដល់​ទឹក​ចិត្ត កញ្ញា តូតា ដែល​កំពុង​ជួយ​រៃ​អង្គាស​ថវិកា​ជួយ​ក្មេង​ម្នាក់​នេះ​ពី​ក្រុម​តារា​សម្ដែង​រឿង កូន​ពស់​កេង​កង​របស់​លោក ហ្វៃ សំអាង។ អរគុណ ដែល​អនុញ្ញាត​ឲ្យ​បង​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​តិចតួច​ជួយ​ដល់​ក្មេង​កម្សត់​នេះ​ផង​ដែរ។ តោះ​!រួមគ្នា​ជួយ​ក្មេង​ម្នាក់​នេះ​ទាំង​អស់​គ្នា​តាមរយៈ​តារា​ស្រី​ល្បី​ឈ្មោះ តូតា!!»។

តារាស្រីស្អាត​​បបូរ​មាត់​សិចស៊ីកញ្ញា​តូតា។ ហេង ជីវ័ន

ដោយសារតែ​ខ្លា​ចរង​នូវ​ការរិះគន់ ឬ​ចោទប្រកាន់​ដោយ​ប្រការ​ណាមួយ​អាច​ភាន់​ច្រឡំ​ថា ប្រាក់​ជួយ​កុមារី​មាន​ជំងឺ​ទឹក​នោម​ប្រៃ​នោះ តែ​រូប​នាង និង​គូ​ស្នេហ៍​គឺ​លោក ប៉ុល វិបូ នោះ ទើប​កញ្ញា តូតា បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «តាម​ពិត​ទៅ​សម្រាប់​ទឹក​ប្រាក់​ចំនួន​ជាង ៣ ពាន់​ដុល្លារ នោះ គឺ​មិន​មែន​មាន​តែ​នាង​ខ្ញុំ និង​លោក ប៉ុល វិបូ ទេ​គឺ​មាន​ការ​ជួយ​ពី​បង​ប្អូន​សប្បុរស​ជន​ជាច្រើន​ទៀត។

ក្រៅពី​បងប្អូន​អ្នកសិល្បៈ​នានា​រួមមាន​កញ្ញា គង់ វង្ស​យ៉ា​ទី បងស្រី ពៅ លីដា កញ្ញា ឌុ​ច លីដា កញ្ញា បេប៊ី បង​សក្កដា បង​ញ៉ែម សុគន្ធ បង​សាវិន ហ្វីលីព បង​ឌួង ម៉ានិច បង​ទូច ស្រី​លក្ខណ៍ កញ្ញា យ៉ែម ស្រី​ពេជ្រ ក៏មាន​បង​ប្អូន​ផ្សេងៗ​ទៀត​ផង​ដែរ​គឺ​សរុប​ទៅ​ដូចជា​ប្រហែល​មាន ៣០ ឬ ៤០ នាក់​ឯណោះ»។

ចំពោះ​ទឹកប្រាក់​ដែល​បាន​ពី​ការ​រៃអង្គាស​ពី​សប្បុរសជន​ទាំងអស់នោះ ក៏ត្រូវ​បាន​កញ្ញា តូតា បញ្ជាក់​ឲ្យ​ដឹង​ពី​ចំនួន​ទឹក​ប្រាក់​ពិត​ប្រាកដ​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​បាន​យក​ថវិកា​របស់​សប្បុរ​សជន​ចំនួន ៣២៨០, ៥ ដុល្លារ (បី​ពាន់​ពីរ​រយ​ប៉ែតសិប និង​ហាសិប​សេន) មក​ជូន​ដល់​ដៃ​កុមារ​កំព្រា​ដែល​កំពុង​តែ​មាន​ជំងឺ​ទឹក​នោម​ប្រៃ​កម្រិត​ធ្ងន់។ សូម​ជូនពរ​ឲ្យ​សប្បុរស​ជន​ទាំង​អស់​ទទួល​បាន​នូវ​ជ័យ​ជម្នះ សុខភាព​បវរ ហើយ​ក៏​សូម​ឲ្យ​បាន​កុសល ពី​ការ​ផ្តល់​ទាន​នេះ ទាំង​អស់​គ្នា​ផង!»។