ភ្នំពេញៈ នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ នឹងមានការបើកពិធីនិវាសដ្ឋានសិល្បៈរួមគ្នា រវាងសិល្បការិនីអាមេរិក កញ្ញា សូជីន ចាំង និងសិល្បករខ្មែរ លោកតាអាចារ្យ ខ្វៃ ឡឹង នៅឯវិចិត្រសាលនៃគម្រោងសិល្បៈ ស-ស នៅភ្នំពេញ ពីម៉ោង ៦ ល្ងាចទៅដល់ម៉ោង ៨ យប់ ក្រោមការគាំទ្រពីមូលនិធិរៃ (Rei Foundation)។
លោក គង់ តារា ជាអ្នកសម្របសម្រួលផ្នែកនិវាសដ្ឋាននៃគម្រោងសិល្បៈ ស-ស បានឲ្យដឹងពីកម្មវិធីនៅថ្ងៃស្អែកនេះថា៖ «ក្រោយពីចំណាយពេល ៦ សប្តាហ៍ ដោយប្រើវិធីសាស្រ្តសិក្សាស្រាវជ្រាវ បង្ហាញពីការលើកទឹកចិត្តជាសកល ដែលមានការប្រកួត-ប្រជែងនៃមូលធននិយម ការអភិរក្សបែបអេកូឡូស៊ី និងនយោបាយសង្គម ពេលកំពុងដំណើរការឡើងវិញ តាមស្ថានភាពនៃតំបន់។
គម្រោងនេះ ជាការអង្កេតលើវិញ្ញាណ ផ្អែកលើគំនិតមួយស្តីពី ការរស់ និងស្លាប់រួមគ្នា។ វាហាក់បីដូចជា ការប្រព្រឹត្តឡើង ដោយហិង្សាធ្វើឲ្យប៉ះពាល់ដល់រាងកាយ និងប្រព័ន្ធអេកូឡូស៊ី។ ការបង្ហាញនេះ អាចឲ្យអ្នកទស្សនា ចោទសួរថា តើការចូលរួមបែបណាអាចធ្វើពិធីបាន ឬយកមកវិភាគក្នុងសង្គមបាន?
ថ្ងៃស្អែកនេះ នឹងមានពិធីបើកស្ទូឌីយោ ជាមួយនឹងសិល្បការិនីអាមេរិក សូជីន ចាំង អ្នកជំនាញខាងថតវីដេអូ និងអ៊ុំ ខ្វៃ ឡឹង ជាអាចារ្យភ្លុក ខ្វៃ ឡឹង មកពីខេត្តស្វាយរៀង ជាអ្នកច្នៃប្រឌិតសំឡេង (អំភ្លីមេក្រូ) ដោយខ្លួនឯង ហើយក៏មានការសម្តែងផ្ទាល់ដោយក្រុមសិល្បករ ជាក អេវើរ៉េត និងការចាក់បញ្ចាំងវីដេអូចំនួន ២ ដែរ»។
លោក គង់ តារា បន្តថា៖ «វីដេអូទី១ គឺបង្ហាញពិធីបូជាសត្វ ដោយជនជាតិគ្រឹង នៅស្រុកអូរជុំ ខេត្តរតនគិរី។ វីដេអូទី២ ជាពិធីបូជា បំណែកឆ្អឹងសត្វគោ ៣ ផ្នែកផ្សេងគ្នា ដោយសិល្បការិនី សូជីន ដែលបានទិញមកពីផ្សារទួលទំពូង ដោយសំនួនវោហារសាស្រ្ត និងសំឡេងស្មូត្រ របស់អ៊ុំ ខ្វៃ ឡឹង ដោយគាត់ជាអាចារ្យ ភ្លុក និងជាអ្នកច្នៃប្រឌិតសំឡេងអំភ្លី។
កិច្ចពិធីទាំងនេះធ្វើឡើងដើម្បីស្វែងយល់ពីទំនាក់ទំនងនៃការស្លាប់ ការចាប់ជាតិថ្មី ក្នុងផែនដីយើង។ វាក៏បង្កើតឲ្យមានទំនាក់ទំនងនៃហិង្សា ដែលមនុស្សបង្កើត និងប្រព្រឹត្តទៅធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ ស្នាដៃនេះ ក៏ចង់បង្ហាញពីសកម្មភាពនៃការសម្លាប់ និងការបូជា ដែលធ្វើឲ្យមានការចោទសួរថា ប្រសិនបើ មានពិធីនេះកាន់តែច្រើន វាចាំបាច់ដែរឬទេ?
និវាសដ្ឋាន គឺជាកម្មវិធីពិសោធន៍សិល្បៈមួយ សម្រាប់សិល្បករខ្មែរ ក៏ដូចជាសិល្បករអន្តរជាតិ ដើម្បីស្នាក់នៅ និងធ្វើការពេញម៉ោងរយៈពេល ពី ៦ ទៅ ៨ សប្តាហ៍ នៅក្នុងទីតាំងរបស់គម្រោងសិល្បៈស-ស។ នៅពេលធ្វើនិវាសដ្ឋាននេះ យើងលើកទឹកចិត្តឲ្យសិល្បករ សាកល្បងដកបទពិសោធការងារសិល្បៈខ្លួន តែមិនអាចឲ្យស្នើបង្កើតស្នាដៃតាំងពិព័រណ៍ទេ៕