ខេត្តរតនគិរីៈ ខណៈជិតដល់ថ្ងៃចូលរោងជ័យនាសម័យទំនើបនេះ កូនកំលោះកូនក្រមុំតែងនឹករំពៃគិតរកស្ទូឌីយោដើម្បីថតរូបទុកមុន និងដាក់បង្ហាញភ្ញៀវ (Pre-Wedding) ឬថតសកម្មភាពជាកម្រងវីដេអូពីក្តីស្នេហ៍ដ៏ផ្អែមល្ហែមគូស្នេហ៍ខ្លួននៅថ្ងៃពិសេសនៃឆាកជីវិតផ្តើមទំព័រសករាជគ្រួសារថ្មី។
គូស្នេហ៍ភាគច្រើនមិនសូវរកកន្លែងនៅទីឆ្ងាយៗពីតំបន់ខ្លួនរស់នៅ ឬទីកន្លែងប្លែកដើម្បីថត Pre-Wedding នៅឡើយទេ ឬអាចមកពីមិនសូវបានស្គាល់ទីកន្លែងមានសម្រស់ធម្មជាតិ។ នាថ្មីៗនេះតំបន់សហគមន៍កាទៀងស្ថិតនៅក្នុងភូមិកាទៀងឃុំល្បាំង ២ ស្រុកលំផាត់ ខេត្តរតនគិរីឯណោះមានកន្លែងសម្រាប់ថត Pre-Wedding តាមបែបប្រពៃណីខ្មែរ ឬក៏រៀបចំពិធីអាពាហ៍ពិពាហ៍ដែលមានសត្វដំរីធំៗចំនួន ៤ ជាយានជំនិះគឺជាលក្ខណៈប្លែកអារម្មណ៍បែបធម្មជាតិពិតៗតែម្តង។
អ្នកស្រី ចិន្តា ក្លេ (Chenda Clais) ប្រធានសមាគមនៃមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata Khmer Elephant Foundation) ដែលមានមូលដ្ឋាននៅក្នុងតំបន់សហគមន៍ភូមិកាទៀង និងជាអ្នករៀបចំឲ្យមានជាសេវាកម្មថត Pre-Wedding ឬការរៀបចំពិធីអាពាហ៍ពិពាហ៍ដែលជាក្តីបំណងរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរនោះបានប្រាប់ឲ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «យើងទើបបង្កើតនូវកញ្ចប់សេវាកម្មនេះដើមឆ្នាំ ២០១៩ ប៉ុណ្ណោះ ខណៈពីមុនយើងគ្រាន់តែមានសេវាកម្មជិះដំរីកម្សាន្តនៅក្នុងតំបន់សហគមន៍ដែលមាន ៣ ភូមិមានចំនួនប្រមាណមួយពាន់គ្រួសារនោះ។ តែប្រសិនបើបងប្អូនចាប់អារម្មណ៍ក៏ត្រូវមានការកក់ថ្ងៃទុកជាមុនដែរ ដើម្បីងាយស្រួលខាងយើងរៀបចំជូនឲ្យបានល្អ»។
បើត្រឹមតែស្តាប់ពីតម្លៃសេវាកម្មថ្មីថត Pre-Wedding នៅទីនេះដែលមានសត្វដំរីចូលរួមអបអរសាទរដែរនោះអាចនឹងលាន់មាត់ថា តម្លៃថ្លៃមិនខាន និងបើបានមិនរៀបរាប់ថាមានបូកបញ្ចូលអ្វីខ្លះនោះ។ ខណៈកញ្ចប់សេវាកម្មតាមតម្រូវការរបស់ភ្ញៀវដែលយ៉ាងហោចណាស់មានតម្លៃពី ៥ ០០០ ដុល្លារទៅ។ ពេលនេះយើងក៏មានការកក់ទុកពីភ្ញៀវជាបន្តបន្ទាប់ហើយដែរ គឺចុងខែកុម្ភៈនេះ ១ គូ នៅខែមីនា ១ គូ និងនៅខែវិច្ឆិកាចុងឆ្នាំ ២០១៩ ក៏មានគូស្នេហ៍បរទេសបានកក់ទីកន្លែងសម្រាប់រៀបចំនូវពិធីមង្គលការតាមបែបប្រពៃណីខ្មែររួចហើយផងដែរ។
ដោយសារខ្លាចយល់ច្រឡំនឹងតម្លៃនោះ អ្នកស្រី ចិន្តា ក្លេ បានបន្តឲ្យដឹងពីតម្លៃ និងសេវាកម្មនេះដែរថា៖ «រឿងតម្លៃនោះ ខ្ញុំសុំមិនប្រាប់ច្រើនទេ ព្រោះយើងមានរៀបចំជាកញ្ចប់តាមតម្រូវការរបស់ភ្ញៀវចង់បាន ឬអាចធ្វើតាមធនធានភ្ញៀវ។ តែយើងក៏ខំផ្ចិតផ្ចង់តម្លៃ ដើម្បីឲ្យបងប្អូនខ្មែរគ្រប់ស្រទាប់អាចទទួលយកសេវាកម្មនេះដែរ។ ឧទាហរណ៍កញ្ចប់តម្លៃ ៥ ០០០ ដុល្លារ នៃ Pre-Wedding នោះ ភ្ញៀវទទួលបានការបម្រើពីយើងច្រើនដូចជាការរៀបចំពិធីសូត្រមន្តតាមប្រពៃណីខ្មែរមានសម្លៀកបំពាក់កូនកំលោះកូនក្រមុំ ថតរូបចម្លងដាក់ CD ផ្តិតរូបផ្ទាំងធំសម្រាប់ទុកដាក់តាំងថ្ងៃចូលរោងការមានបន្ទប់ស្នាក់នៅពេលមកថត យើងមានមនុស្សខាងក្រុមសមាគមប្រមាណ ១០ នាក់ជួយហែហមពិធី និងដំរី ២ សម្រាប់កូនកំលោះកូនក្រមុំជិះក្នុងពិធី។ ហើយក៏មានទទួលម្ហូបអាហារ និងភេសជ្ជៈបូកទាំងក្រុមសាច់ញាតិ ឬមិត្តភក្តិកូនកំលោះកូនក្រមុំ ១០ នាក់ឯណោះ។ យើងក៏មានសេវាកម្មរៀបចំអាពាហ៍ពិពាហ៍ដែរ ខណៈភ្ញៀវមានជម្រើសអាចរៀបនៅឯសហគមន៍ក៏បាន ឬនៅឯសណ្ឋាគារក្នុងក្រុងបានលុងក៏បាន»។
ប្រសិនបើមានការចាប់អារម្មណ៍ ឬចង់ដឹងព័ត៌មានលម្អិតនោះអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០១២ ៩៦៥ ១៦៥៕