ភ្នំពេញៈ ក្រោយវិលត្រឡប់មកពីការកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកលោកអ្នកដែលចូលចិត្តស្ទីលប្លែកៗ នៃវិស័យច្នៃម៉ូដសម្លៀកបំពាក់ របៀបនៃការតុបតែងកាយបែបស្រស់ស្អាតប្លែកៗ ចង់ភ្លក្សអាហារឆ្ងាញ់ប្លែក និងវត្ថុគ្រឿងអនុស្សាវរីយ៍ដែលជាស្នាដៃច្នៃថ្មីៗនោះអាចចូលរួមទស្សនាការបង្ហាញស្នាដៃប្លែកនៅវិចិត្រសាល The KBach Gallery នៅក្នុងវិចិត្រសាលធំ The Factory Phnom Penh នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ ក្នុងកម្មវិធី CULT-Fashion Revolution។
អ្នកស្រី ការ៉ូឡា ក្រេនហ្ស៍ (Carola Krainz) អ្នកប្រឹក្សាផ្នែកទីផ្សារនៃវិចិត្រសាល Factory Phnom Penh ឲ្យដឹងពីគោលបំណងនៃការរៀបចំកម្មវិធីនេះថា៖ «យើងចង់ផ្តល់ឱកាសដល់អ្នកជំនាញកែច្នៃនានាទូទាំងប្រទេសកម្ពុជាអាចយកសមិទ្ធផលខ្លួនបង្កើតហើយនោះ ដើម្បីបង្ហាញជូនទស្សនិកជន និងក្រុមឈ្មួញឲ្យបានឃើញ និងអាចជាឱកាសពិសេសមួយផងដែរក្នុងការបង្កើតទំនាក់ទំនងផ្នែកទីផ្សារជំនួញទាំងក្នុងស្រុក និងខាងក្រៅស្រុក។
ការរៀបចំលើកទី ៣ ឆ្នាំនេះនឹងមានបណ្តាផលិតផលដែលមានយីហោ ម៉ាកល្បីៗប្រមាណ ៣៥ មុខដែលត្រូវយកមកបង្ហាញជូនទស្សនាដោយក្នុងនោះមានដូចជាខាងផ្នែកច្នៃម៉ូដសម្លៀកបំពាក់ គ្រឿងអលង្ការ ចំណីអាហារ ភេសជ្ជៈ និងវត្ថុគ្រឿងផលិតប្លែកៗជាច្រើនមុខទៀត»។
អ្នកប្រឹក្សាផ្នែកទីផ្សារនៃវិចិត្រសាល Factory Phnom Penh រូបនេះបានបន្តដែរថា៖ «នេះក៏ជាការជួយផ្សព្វផ្សាយពីគុណតម្លៃនៃស្នាដៃរបស់ក្រុមអ្នកផលិតដែលត្រូវបានកែច្នៃ និងខំប្រឹងផលិតដោយក្រុមអ្នកមានជំនាញរៀងៗខ្លួននោះផងដែរ។ កម្មវិធីពេញ ១ ថ្ងៃនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ នឹងក្លាយទៅជាចុងសប្តាហ៍មួយដែលអាចធ្វើឲ្យមានតម្លាភាពនៃតម្រូវការ និងក្រុមអ្នកផលិតទៀតផង។
ដោយឡែកបណ្តាសមិទ្ធផលទាំងចំនួន ៣៥ មុខនោះនឹងត្រូវដាក់បង្ហាញពេញមួយថ្ងៃតែម្តងសម្រាប់អ្នកចូលទស្សនាគឺចាប់ផ្តើមពីម៉ោង ១១ ព្រឹកបន្តរហូតដល់ម៉ោង ៨ យប់ឯណោះ»។
ក្រៅពីការដើរទស្សនាបណ្តាស្នាដៃច្នៃប្រឌិតទាំងឡាយនោះយើងក៏មានការរៀបចំកម្មវិធីកម្សាន្តសប្បាយៗពីសំណាក់ឌីជេ ល្បីៗ ដើម្បីចូលរួមញ៉ាំងឲ្យបរិយាកាសនៃកម្មវិធីកាន់តែសប្បាយជាមួយនឹងក្រុមអ្នកចូលរួមទស្សនា ដែលចម្រុះជាតិសាសន៍មួយនេះ។
ចំពោះការទស្សនាវិញនឹងត្រូវជាវសំបុត្រសម្រាប់ជនបរទេស សំបុត្រ ១ តម្លៃ ២ ដុល្លារ និងជនជាតិខ្មែរសំបុត្រ ១ តម្លៃ ១ ដុល្លារ ខណៈក្រុមកុមារមានវ័យក្រោម ១២ ឆ្នាំនោះគឺអាចចូលទស្សនាដោយសេរីបាន។
អ្នកស្រី ការ៉ូឡា ក្រេនហ្ស៍ ក៏មានសេចក្តីរំពឹងទុកជាមុនផងដែរថា៖ «សង្ឃឹមថា តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះវានឹងក្លាយជាការមកជួបជុំគ្នារបស់បងប្អូនខ្មែរដែលនិយមចូលចិត្តស្វែងយល់អំពីគំនិតប្លែកៗ ឬចូលចិត្តនូវការដើរកម្សាន្តរកទិញរបស់របរប្លែកៗអ្នកដែលចូលចិត្តភ្លក្សនូវមុខម្ហូបអាហារ និងភេសជ្ជៈប្លែកៗ និងវត្ថអនុស្សាវរីយ៍ប្លែកៗផងដែរនាឱកាសបានចូលរួមនៅក្នុងកម្មវិធី CULT-Fashion Revolution ឆ្នាំនេះ។
អ្នករៀបចំកម្មវិធីរំពឹងថានឹងមានអ្នកមកចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទាំងបងប្អូនខ្មែរ និងជនបរទេសដែលរៀបចំនៅក្នុង The Factory Phnom Penh»៕